រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យគណៈប្រតិភូខេត្តសានតុងរបស់ចិន ជួយកៀរគរវិនិយោគិនរបស់ខ្លួនបន្ថែមទៀត ដើម្បីមកវិនិយោគលើវិស័យកែច្នៃផលិតផលកសិកម្ម សម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបជាមួយគណៈប្រតិភូ ខេត្តសានតុង ដែលដឹកនាំដោយលោក វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិក គណៈកម្មាធិការអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្ត សានតុង កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2019។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ក្រោម គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះ-ឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាមានសក្តានុពលខ្ពស់ លើវិស័យកសិកម្ម ជាពិសេសលើកសិផលនានា ដូចជា ផ្លែស្វាយ ចេក មៀន មើមដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំលោក វ៉ាង ស៊ូជាន ឱ្យជួយកៀរគរវិនិយោគិនខេត្តសានតុងបន្ថែមទៀត ដើម្បីមកវិនិយោគលើវិស័យកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។
លោក វ៉ាង ស៊ូជាន បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបាននាំក្រុមហ៊ុន មកពីខេត្តសានតុងចំនួន20 ដើម្បីមកពិភាក្សាធុរកិច្ច ជាមួយក្រុមហ៊ុនកម្ពុជា និងឈ្វេងយល់ពីកាលានុវត្តភាពសម្រាប់វិនិយោគនៅកម្ពុជាក្នុងវិស័យជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។
ក្នុងដំណើរទស្សនកិច្ចនេះដែរ មានក្រុមហ៊ុនចំនួន2 បានសម្រេចចិត្តវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន Guomei Linqor Group បានសម្រេចចិត្តវិនិយោគសាងសង់រោងចក្រកែច្នៃកសិផល សរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គ ការវេចខ្ចប់លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ ហើយក្រុមហ៊ុន Guomei Linqor Group នេះក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិតបាន 100.000តោន នៅខេត្តក្រចេះ និង 1ទៀត ក្រុមហ៊ុន Fu Lai Chun Group ជាក្រុមហ៊ុនដំឡើងរថយន្ត។
លោក វ៉ាង ស៊ូជាន បានសម្ដែងការតាំងចិត្តថា នឹងបន្តផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនមកពីខេត្តសានតុង ឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត និងបានធានាទិញផលិតផលទាំងនោះទៀតផង។
សូមបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ2018 មានចំនួន 6,040លានដុល្លារឤមេរិកកើនឡើងជាង13.8% បើធៀបនឹងឆ្នាំ2017។ ក្នុងឆ្នាំ2017 ទំហំវិនិយោគរបស់ចិនសរុបនៅកម្ពុជា បានឈរនៅលំដាប់លេខ1 ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ 1,644លានដុល្លារឤមេរិក។ លើសពីនេះប្រទេសទាំង2 នេះ ក៏បានឯកភាព គ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ 6,000លានដុល្លារឤមេរិកនៅឆ្នាំ2020៕