ឪពុកម្តាយតែងតែចង់ឱ្យកូនតូចភ្ញាក់ពីគេងភ្លាមៗបន្ទាប់ពីបានឮសំឡេងដាស់លើកដំបូងរបស់ខ្លួន តែបើសិនជាកូននៅតែគេងតទៅទៀតនោះ វិធីការដាស់ជាបន្តទៅទៀតនឹងច្រើនតែមានអានុភាពខ្លាំងក្លាឡើងជារឿយៗ ដែលទាំងអស់នេះ ឡារ៉ែន ចង់ប្រាប់ថា វិធីការដាស់កូនឱ្យភ្ញាក់គេងបែបនេះ អាចនឹងមានផលអាក្រក់ចំពោះសុខភាពរបស់កុមារ។
ព្រោះការដាស់ឱ្យភ្ញាក់ពីគេងដោយការធ្វើឱ្យភ្ញាក់ផ្អើល វានឹងទៅបំផ្លាញកម្មវិធីការចាប់ផ្តើមធ្វើការរបស់ប្រព័ន្ធខាងក្នុងយ៉ាងត្រឹមត្រូវរបស់រាងកាយ និងនៅពេលវេលាកន្លងទៅ ការដាស់ដោយវិធីខ្លាំងក្លាផ្សេងៗនេះ នឹងមានសញ្ញាដែលនឹងនាំឆ្ពោះទៅរកភាពមិននឹងនរខាងអារម្មណ៍ ហើយនិងធ្វើឱ្យកុមារកើតមានការតបស្នងយឺតយ៉ាវ អាចរាប់បានថា ជាការដាស់ឱ្យភ្ញាក់ពីគេងបែបលស់ព្រលឹងក៏អាចថាបានដែរ។
វិធីការដាស់កូនឱ្យភ្ញាក់ពីគេង តទៅនេះ អាចហៅបានថា ជាគំរូនៃការដាស់ដែលកាត់បន្ថយជីវិតរបស់កូនលោកអ្នក គឺៈ
– ចូលទៅស្រែកដាស់ខ្លាំងៗ បែបមួម៉ៅក្តៅក្រហាយនៅក្នុងបន្ទប់គេង : អាចហៅបានថា ជាការដាស់តាមតួនាទីដោយអារម្មណ៍មួម៉ៅ និងសំឡេងខ្លាំងៗមាំៗ នឹងធ្វើឱ្យអ្នកដែលកំពុងគេងលក់ស្រួលនោះមានអារម្មណ៍ថា ខ្វះសុវត្ថិភាព។
– ទាញកញ្ឆក់ភួយចេញពីកូនខ្លាំងៗ : ធ្វើឱ្យសីតុណ្ហភាពប្រែប្រួលយ៉ាងទាន់ហន់ អាចមានផលប៉ះពាល់ដល់ការបំផ្លាញប្រព័ន្ធប្រសាទបាន។
– វាយខ្នង ឬគូទដើម្បីឱ្យកូនភ្ញាក់ដឹងខ្លួន : ស្ថិតក្រោមសតិសម្បជញ្ញៈខណៈកំពុងគេងលក់នោះ នឹងធ្វើឱ្យកើតមានទង្វើតបស្នងឡើងដោយសារការត្រូវវាយទាំងនោះយ៉ាងរហ័ស និងពេលយូរៗទៅ កុមារអាចនឹងមានការតបស្នងក្នុងការធ្វើកិច្ចការងារផ្សេងៗយឺតយ៉ាវបាន។
– រអ៊ូមិនឈប់រហូតទាល់តែកូនភ្ញាក់ : មនុស្សគ្រប់គ្នាត្រូវការពេលវេលាខុសប្លែកពីគ្នាក្នុងការត្រៀមរាងកាយដើម្បីធ្វើការងារ ដូច្នេះការរអ៊ូ ឬការនិយាយមិនឈប់ វានឹងទៅបំផ្លាញដំណាក់កាលការត្រៀមរាងកាយ និងបែរជាធ្វើឱ្យការដាស់បែបនោះកាន់តែពិបាកជាងមុនទៅវិញទេ។
– ដាស់ដោយសំឡេងដែលឮខ្លាំងៗ និងរំខាន : ដូចជាការដើរក្ឌុងក្ឌាំង សំឡេងនាឡិការោទ៍ឮខ្លាំងៗ ឬសំឡេងនិយាយគ្នាជាដើម។ សំឡេងទាំងអស់នេះធ្វើឱ្យមនុស្សមានអារម្មណ៍ធុញទ្រាន់ និងពេលភ្ញាក់ឡើងមកហើយនោះ នឹងមានអារម្មណ៍ឆាប់មួម៉ៅ។
វិធីការដាស់កូនឱ្យភ្ញាក់គេងដែល ឡារ៉ែន ចង់ណែនាំ
1- ប្រាប់ទុកមុនឱ្យហើយ : អាណាព្យាបាលគួរប្រាប់មុនពេលកូនចូលគេងឱ្យហើយថា ស្អែកនេះ ម៉ាក់ចង់ឱ្យកូនសម្លាញ់ភ្ញាក់ម៉ោងប៉ុន្មាន…។
2- ភ្ញាក់ដោយពន្លឺដែលចាំងចូលមក : សម្រួលពន្លឺភ្លើងឱ្យភ្លឺសន្សឹមៗឡើង ឬបើកមាត់បង្អួចឱ្យពន្លឺចាំងចូលមកយ៉ាងស្ងាត់ៗ ស្រទន់ៗ ដែលពន្លឺបែបនោះនឹងធ្វើឱ្យកុមារអាចដឹងខ្លួនឡើងដោយឯកឯង។
3- ឱ្យក្លិនក្រអូបឈ្ងុយឆ្ងាញ់របស់អាហារពេលព្រឹកដាស់កូនឱ្យភ្ញាក់ឡើង។
4- បើកបទភ្លេងឱ្យឮរងំៗ : ដែលនឹងធ្វើឱ្យមានអារម្មណ៍ធូរស្រាលជំនួសសំឡេងដាស់ដែលគួរឱ្យរំខាន។
5- ប៉ះ ឬអង្អែលខ្លួនប្រាណកូនយ៉ាងថ្នមៗឱ្យដឹងខ្លួនឡើង។
ពេលរកឃើញវិធីដែលស័ក្តិសមល្អសម្រាប់ការដាស់កូនឱ្យភ្ញាក់ពីគេងបានហើយនោះ ចូរប្រើវិធីដដែលនោះដាស់ជាប្រចាំ ដើម្បីឱ្យកូនស៊ាំធ្លាប់ និងមិនគួរផ្លាស់ប្តូរវិធីដាស់ញឹកញាប់ពេកឡើយ… តែសរុបទៅ ការដាស់កូនឱ្យភ្ញាក់ពីគេងដែលល្អបំផុតនោះគឺ ការដាស់ដែលទន់ភ្លន់ និងត្រូវមានភាពអត់ទ្រាំ និងចិត្តត្រជាក់ជានិច្ច៕