សិស្សអាមេរិក 1ក្រុមមកពីរដ្ឋ Colorado ដែលបានមកប្រទេសកម្ពុជារយៈពេល 3សប្តាហ៍ តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សារវាងសាលារៀន និងសាលារៀន (International School to School) ជាមួយនឹងបណ្តាញសាលារៀនរបស់ វេសឡាញ បានលើកឡើងថា ប្រាសាទអង្គរវត្ត និងវប្បធម៌ខ្មែរ មានចំណុចទាក់ទាញជាច្រើនដែលធ្វើឱ្យពួកគេចងចាំ និងចង់មកទស្សនាកម្ពុជាជាថ្មីម្តងទៀតនៅថ្ងៃអនាគត។
ក្រុមសិស្សអាមេរិកទាំងអស់នោះមកពីសាលា Angevine School ដោយកម្មវិធីនេះតម្រូវឱ្យពួកគេមករស់នៅជាមួយក្រុមគ្រួសាររបស់សិស្សខ្មែរយើងចំនួន 8នាក់ដែលបានចេញទៅសហរដ្ឋអាមេរិកក្នុងរយៈពេល 3សប្តាហ៍ដូចគ្នា។ នៅក្នុងសកម្មភាពនៃការផ្លាស់ប្តូរបទពិសោធនេះ ពួកគេនឹងទទួលបានការមើលថែទាំយ៉ាងដិតដល់ពីអាណាព្យាបាលខ្មែរ ដោយអនុញ្ញាតឱ្យពួកគេបានស្វែងយល់ពីរបៀបរបបនៃការរស់នៅ វប្បធម៌ ម្ហូបអាហារខ្មែរ និងតំបន់ប្រវត្តិសាស្រ្តសំខាន់ៗជាច្រើននៅកម្ពុជា ដូចជាទៅទស្សនាប្រាសាទអង្គរវត្ត ជាដើម។ សកម្មភាពដ៏ល្អប្រសើរនេះ នឹងធ្វើឱ្យសិស្សបរទេសបានយល់កាន់តែច្បាស់ ពីចំណុចពិសេសៗរបស់ប្រទេសកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងគ្រួសារ និងសិស្សខ្មែរជាមួយគ្រួសារ និងសិស្សនៅសហរដ្ឋអាមេរិក។
លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេគ្រុប បានបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរការសិក្សារវាងសិស្សកម្ពុជា និងអាមេរិកនេះ ជាកម្មវិធីប្រកបដោយសារៈសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរបស់សិស្សខ្មែរជាមួយនឹងបណ្តាប្រទេសនានានៅលើពិភពលោក។ បន្ថែមពីលើនេះ សិស្សក៏អាចឆ្លៀតយកឱកាសទាំងអស់នេះដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ផ្នត់គំនិត និងការអប់រំរបស់ខ្មែរទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយ ស្របពេលដែលពួកគេក៏អាចផ្ស៊ាំខ្លួន និងស្វែងយល់ពីប្រទេសអភិវឌ្ឍន៍ទាំងអស់នោះផងដែរ។ លោកថា ប្រសិនបើសិស្សខ្មែរយើងបានស្គាល់ និងស្វែងយល់ពីការស់នៅនៅប្រទេសអភិវឌ្ឍន៍ទាំងអស់នោះតាំងពីនៅវ័យក្មេង ពួគគេនឹងអាចងាយស្រួលក្នុងការទៅសិក្សានៅប្រទេសទាំងអស់នោះនៅថ្ងៃអនាគត។
លោក គង់ សំនៀង បាននិយាយថា៖ «នេះមិនមែនជាលើកទី1ទេ ដែលវេសឡាញ បានរៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយនឹងបណ្តាប្រទេសនានា ហើយកម្មវិធីនេះក៏នឹងត្រូវរៀបចំជាបន្តបន្ទាប់ទៀតដែរនៅឆ្នាំក្រោយៗ ដើម្បីផ្តល់ឱ្យសិស្សនូវបទពិសោធកាន់តែល្អ និងចូលរួមផ្សព្វផ្សាយពីចំណុចល្អៗរបស់កម្ពុជាបានកាន់តែច្រើនទៅកាន់ប្រទេសនានាលើពិភពលោក»៕