បញ្ហាសុខភាពគឺជារឿងមួយដែលមនុស្សយើងគិតគូរខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ យើងអាចសង្កេតឃើញបានតាមរយ:ពេលធ្វើបុណ្យទានសុំពរ ឬជូនពរគ្នាទៅវិញទៅមកជាដើម ពាក្យថា “សូមឱ្យមានសុខភាពល្អ” តែងតែបានឮជាប់ជានិច្ច។ ថ្មីៗនេះ ទស្សនាវដ្តីសុខភាពដ៏ល្បីល្បាញនៅក្នុងសហរដ្ឋអាមេរិក បានសរសេរអត្ថបទសុខភាពមួយដែលមានចំណងជើងថា “គន្លឹះ9យ៉ាង ដើម្បីសុខភាពល្អ” ដែល ឡារ៉ែន សូមនាំយកមកជម្រាបប្រីយមិត្តអ្នកអានជាបន្តដើម្បីបានសាកល្បងអនុវត្តតាម ព្រោះមិនមែនជារឿងពិបាកឡើយ។
1. ផ្លែប៉ោម 1ថ្ងៃ 1ផ្លែ
ពាក្យស្លោកដែលថា An apple a day,keep doctor away គឺជារឿងត្រឹមត្រូវជានិច្ច។ តាមរយ:ការសិក្សាស្រាវជ្រាវរបស់មហា-វិទ្យាល័យ ឡុនដុន បានរកឃើញថា ការទទួលទានផ្លែប៉ោម 1ថ្ងៃ 1ផ្លែ នឹងធ្វើឱ្យការធ្វើការងាររបស់សួតកាន់តែល្អប្រសើរឡើង ដោយសារសារធាតុអ៊ែនទីអុកស៊ីឌែនត៍ និងសារធាតុមួយនៅក្នុងផ្លែប៉ោមដែលហៅថា Quercetin នឹងជួយធ្វើឱ្យសួតរឹងប៉ឹង និងធ្វើការបានយ៉ាងត្រឹមត្រូវ។
2. ដកដង្ហើមវែងៗ
យើងគួរដកដង្ហើមឱ្យបានវែងៗ ដើម្បីពង្រីកការធ្វើការងាររបស់សួត និងធ្វើឱ្យរាងកាយបានទទួលអុកស៊ីហ្សែ៊នយ៉ាងគ្រប់គ្រាន់ផង តែរៀងរាល់ថ្ងៃនេះយើងច្រើនតែដកដង្ហើមខ្លីៗ ដោយសារតែយើងធ្វើការនៅក្នុងកន្លែងដែលតូចហប់ ឬដោយសារតែមិនបានដឹងក៏អាចថាបានដែរ។ ដូច្នេះក្នុង 1ថ្ងៃៗ ចូរសាកល្បងដកដង្ហើមវែងៗឱ្យបានយ៉ាងតិចណាស់ក្នុង 1ថ្ងៃ 10ដង ដោយត្រូវដកដង្ហើមចូលឱ្យពោះឡើងប៉ោង និងដកដង្ហើមចេញវិញឱ្យពោះឡើងផត ទើបត្រឹមត្រូវតាមវិធី។
3. ចៀសវាងការយកបន្លែចូលទៅដាក់ចម្អិនក្នុងឆ្នាំងម៉ៃក្រូវេហ្វ
តាមរយ:ការស្រាវជ្រាវវិភាគរបស់ប្រទេសអេស្ប៉ាញបានរកឃើញថា ការចម្អិនបន្លែឱ្យឆ្អិននៅក្នុងឆ្នាំងម៉ៃក្រូវេហ្វ នឹងធ្វើឱ្យសារជាតិអាហារបាត់បង់អស់ដល់ទៅ 97% ដូច្នេះហើយគួរជ្រើសរើសទទួលទានបន្លែស្រស់ៗលាងស្អាតវិញ ទើបប្រសើរជាង។
4. កម្រើកខ្លួនជានិច្ច
អ្នកដែលកម្រើកខ្លួន ឬធ្វើចលនាជាប់ជានិច្ច នឹងមានប្រព័ន្ធរំលាយអាហារល្អជាងអ្នកដែលគិតតែអង្គុយតែមួយកន្លែង។ វិធីនេះជួយការពារមិនឱ្យកើតមានអាការចុកឆ្អល់ពោះ រួមទាំងរោគពុកឆ្អឹងទៀតផង។
5. ប្រយោជន៍របស់ទឹកដូងខ្ចី
ទឹកដូងខ្ចី គឺជាទឹកផ្លែឈើដែលល្អបំផុតមួយប្រភេទ វាមានសារធាតុរ៉ែដែលរាងកាយត្រូវការគ្រប់ទាំងអស់ ដូចជា ប៉ូតាស្យូម ជាតិដែក សូដ្យូម កាល់ស្យូម ផូស្វ័រ អាស៊ីតអ:មីណូ និងវីតាមីនB ហើយថែមទាំងមានជាតិស្ករគ្លុយកូសដែលរាងកាយអាចបឺតយកទៅប្រើជាថាមពលបានភ្លាមតែម្តងទៀតផង។ ក្រៅពីនោះទឹកដូងនៅមានសារធាតុខ្លាញ់ដែលមានប្រយោជន៍ដល់រាងកាយ និងមានប្រយោជន៍ក្នុងការបណ្តេញសារធាតុពុលចេញពីរាងកាយទៀតផង។
6. ពេលគ្រុនក្តៅខ្លួន មិនគួរញ៉ាំផ្លែត្របែកទេ
នៅក្នុងផ្លែត្របែកមានសារធាតុរ៉ែប៉ូតាស្យូមខ្ពស់។ នៅពេលគ្រុន រាងកាយមនុស្សយើងនឹងមានសីតុណ្ហភាពឡើងខ្ពស់ ការទទួលទានអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់ អាចនឹងហុចផលឱ្យកើតអាការប្រកាច់បាន។
7. ញ៉ាំក្រូចជួយបំបាត់អាការតានតឹងធុញទ្រាន់នឿយណាយក្នុងអារម្មណ៍បាន
ការញ៉ាំផ្លែក្រូចដោយបកសម្បកខ្លួនឯង យើងនឹងបានធុំក្លិនចំហាយផ្លែក្រូច ដែលវានឹងជួយឱ្យយើងមានអារម្មណ៍ធូរស្រាល ហើយវីតាមីនC ដែលរាងកាយបានទទួលពីផ្លែក្រូចក្នុងបរិមាណដែលគ្រប់គ្រាន់នោះ នឹងជួយជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូនដែលធ្វើឱ្យបាត់ភាពធុញថប់តឹងតែងក្នុងចិត្តបានយ៉ាងល្អទៀតផង។
8. ការញ៉ាំអាហារពេលព្រឹកជួយការពាររោគភ្លេចភ្លាំង
អាហារពេលព្រឹកជួយប្រឆាំងការបង្កកខ្លួនរបស់ឈាម ព្រោះឈាមនៅពេលព្រឹកនឹងងាយបង្កកខ្លួនខ្លាំងជាងពេលប្រក្រតី ដូច្នេះយើងគួរទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ដើម្បីឱ្យខួរក្បាលត្រូវបានឈាមហូរទៅចិញ្ចឹមយ៉ាងគ្រប់គ្រាន់ ធ្វើឱ្យខួរក្បាលមានភាពស្រស់ភ្លឺថ្លា។
9. ស្ករសូកូឡាខ្មៅ ប្រឆាំងរ៉ាឌីកាល់សេរី
តើមិត្តអ្នកអានដឹងទេថា ស្ករសូកូឡាប្រភេទផ្សេងៗនោះ ស្ទើរតែគ្មានចំណែកផ្សំរបស់ជាតិកូកូឡើយ មានតែស្ករសូកូឡាខ្មៅមួយប៉ុណ្ណោះដែលជាស្ករសូកូឡាសុទ្ធពិត និងថែមទាំងមានប្រយោជន៍ដល់រាងកាយទៀតផង ព្រោះវាមានសារធាតុ Flavonoid ដែលជួយបង្កើនប្រព័ន្ធឈាមរត់ឱ្យល្អឡើង ដូច្នេះយើងគួរញ៉ាំស្ករសូកូឡាខ្មៅក្នុង 1ថ្ងៃ 1ដុំតូច៕