រូបមន្តធ្វើម៉ាសមុខដែលបានពីធម្មជាតិកំពុងតែក្លាយជាទីពេញនិយមរបស់កំលោះក្រមុំយ៉ាងខ្លាំង ព្រោះក្រៅពីមិនមានអាការប្រត្តិកម្មចាញ់លើផ្ទៃមុខហើយនោះ រូបមន្តបំពោកផ្ទៃមុខដោយធម្មជាតិនេះនៅជួយសន្សំប្រាក់របស់លោកអ្នកបានទៀតផង។ រូបមន្តធ្វើម៉ាសមុខដោយផលិតផលធម្មជាតិនេះ ភាគច្រើននឹងជួយឱ្យអ្នកមានផ្ទៃមុខស្អាតស្រស់ថ្លា និងគ្មានស្លាកស្នាម ហើយថ្ងៃនេះ ឡារ៉ែន មានរូបមន្តធ្វើម៉ាសមុខពីធម្មជាតិមួយទៀត ដែលជួយប្រឆាំងនឹងការកើតមុននៅលើផ្ទៃមុខមកជម្រាបជូន នោះគឺរូបមន្តធ្វើម៉ាសមុខដោយបន្លែផ្លែឈើពណ៌ក្រហម ព្រោះបន្លែ និងផ្លែឈើពណ៌ក្រហមមានគុណសម្បត្តិជួយកាត់បន្ថយភាពឡើងខ្លាញ់ កម្ចាត់កោសិកាស្បែកដែលងាប់ចេញមិនឱ្យនៅញ៉ុកណែនបង្កជាមុន កាត់បន្ថយស្លាកស្នាមឱ្យរលុបបាត់អស់ដូចធម្មជាតិ ព្រមទាំងថែបំប៉នស្បែកមុខឱ្យមានសំណើមស្រស់បស់ទៀតផង។
– រូបមន្តផ្លែប៉ោមទឹកឃ្មុំ ការពារមុន លុបស្នាមអុចខ្មៅ
វិធីធ្វើ : កិនផ្លែប៉ោម 1 ផ្លែឱ្យម៉ដ្ឌលាយជាមួយទឹកឃ្មុំ 2 ស្លាបព្រាកាហ្វេ រួចហើយយកមកលាបបំពោកនៅលើកន្លែងដែលកើតមុន ទុកចោលប្រមាណជា 15នាទី រួចសឹមលាងចេញដោយទឹកក្តៅឧណ្ហៗ ហើយលាងសម្អាតម្ដងទៀតដោយទឹកធម្មតា និងជូតមុខឱ្យស្ងួត។
– រូបមន្តផ្លែប៉េងប៉ោះ កាត់បន្ថយខ្លាញ់ កម្ចាត់កោសិកាខូចៗចេញ
វិធីធ្វើ : ចិញ្ច្រាំប៉េងប៉ោះ 1 ផ្លែឱ្យល្អិត យកមកលាបបំពោកឱ្យសព្វពេញផ្ទៃមុខ យកម្រាមដៃលុញម៉ាស្សាជារាងរង្វង់ថ្នមៗ រួចទុកចោលឱ្យរាងស្ងួតបន្តិច ឬមានអារម្មណ៍ថាស្បែកមុខរាងតឹង សឹមលាងចេញដោយទឹកស្អាត រួចជូតមុខឱ្យស្ងួតជាការស្រេច។
– រូបមន្តផ្លែឪឡឹក បង្កើនសំណើម និងភាពស្រស់បស់ដល់ស្បែកមុខ
វិធីធ្វើ : កិនសាច់ឪឡឹក 2ដុំធំៗល្មមឱ្យល្អិតរួចយកមកលាបបំពោកឱ្យសព្វលើផ្ទៃមុខ ទុកចោលប្រមាណ 10នាទី ឬរហូតមានអារម្មណ៍ថា តឹងស្បែក សឹមលាងចេញដោយទឹកក្តៅឧណ្ហៗ រួចតាមដោយទឹកធម្មតា និងបញ្ចប់ដោយការជូតមុខឱ្យស្អាត។លាបបំពោកថែទាំស្បែកមុខឆ្លាស់គ្នាដោយរូបមន្តផ្លែឈើដែលបានណែនាំនេះក្នុងមួយសប្តាហ៍ 1ដង ស្បែកមុខនឹងស្អាតភ្លឺថ្លាជាក់ជាមិនខាន៕