Brad Pitt បានបែកបាក់ជាមួយអតីតភរិយា Angelina Jolie នៅខែកញ្ញា ឆ្នាំ2016 បន្ទាប់ពីភរិយាបានដាក់ពាក្យលែងលះភ្លាមៗ។ ប៉ុន្ដែតារាប្រុសរូបនេះបានចំណាយពេលជាថ្មីម្ដងទៀតជាមួយនឹងតារាស្រីជនជាតិអង់គ្លេស Sienna Miller ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន UsWeekly ។
អ្នកទាំងពីរបានលួចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងស្ងាត់ៗអស់មួយរយៈពេលកន្លងទៅហើយ និងនៅពេលថ្មីៗនេះ កាលពីអំឡុងខែមិថុនា គេបានប្រទះឃើញអ្នកទាំងពីរបណ្ដើរគ្នាយ៉ាងត្រសងនៅក្នុងកម្មវិធី Glastonbury Festival ។
យ៉ាងណាមិញ សេចក្ដីស្នេហារ៉ូមែនទិករបស់ពួកគេបានសង្ឃឹមថា នឹងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនឱ្យគាំទ្រឡើងវិញបានតាមរយៈខ្សែភាពយន្ដថ្មី ដែលគ្រោងដាក់បញ្ចាំងនៅប្រទេសប្រេស៊ីល ក្រោមស្នាដៃដឹកនាំផលិត និងសម្ដែងដោយ Ad Astra និង Tommy Lee Jones ដែលមានអ្នកទាំងពីរ(Pitt និងMiller)ជាគូស្នេហ៍តួឯកប្រុសស្រីនៅក្នុងរឿងថ្មីនេះ។
បើតាមប្រភពស្និទ្ធបំផុតរវាងតារាប្រុសវ័យ 53 ឆ្នាំ និងតារាស្រីវ័យ 35 ឆ្នាំ បានប្រាប់សារព័ត៌មាន Dailymail ថា ” ពួកគេបានចំណាយពេលខ្លះនៅជាមួយគ្នាយ៉ាងអាថ៌កំបាំង”។ ហើយមានប្រភពមួយទៀតបានបន្ដប្រាប់ទៀតផងដែរថា មាននៅពេលខ្លះពួកគេបាននៅធ្វើការតែពីរនាក់រហូតដល់អាធ្រាត្រ និងទល់ភ្លឺក៏មានដែរ។
គួរបញ្ជាក់ផងដែរអំពីទំនាក់ទំនងស៊ីជម្រៅរវាងតារាទាំងពីរដួងនេះដែលបានលេចឮជាព័ត៌មានបណ្ដើរៗ ហើយអ្វី ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់មានមន្ទិលសង្ស័យខ្លាំងបំផុត បើទោះបីជាមានព័ត៌មានខ្លះបាននិយាយអំពីក្ដីព្រួយបារម្ភរបស់ Pitt ចំពោះ Jolie និងកូនៗទាំង 6 នាក់ក៏ដោយ ក៏នៅតែមិនអាចលាក់បាំងអំពីការទាក់ទងលួចលាក់ជាមួយតារាស្រីជនជាតិអង់គ្លេសនេះបានដែរ។ ហើយគួររំឭកផងដែរថា កាលដែល Brad Pitt បានជួបជាមួយ Sienna Miller លើកដំបូង គឺនៅឆ្នាំ 2015 នៅពេលដែលតារាស្រីរូបនេះបានចូលមកដាក់ពាក្យជ្រើសរើសតួសម្ដែងនៅក្នុងរឿង The Lost City Of Z ៕