មនុស្សភាគច្រើនតែងតែប្រាថ្នាចង់បានភាពសប្បាយរីករាយទទួលទានអាហារ និងទទួលទានស្រាជុំគ្នា ខណៈពេលមានកម្មវិធីជួបជុំគ្នាម្ដងៗ និងជាពិសេសនៅក្នុងឱកាសចុងឆ្នាំនេះ។ តែពួកគេបានភ្លេចថា ឆ្នាំមុនពួកគេបានព្យាយាមរក្សាសុខភាព និងរូបរាងកាយអស់រយៈពេញមួយឆ្នាំហើយ ដោយការមិនហ៊ានទទួលទានអ្វីផ្ដេសផ្ដាសនោះទេ។ កុំកង្វល់ដោយសារទង្វើធ្វេសប្រហែសមួយពេលនេះឱ្យសោះ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមប្រាប់អំពីវិធីទាំង5យ៉ាងក្នុងការត្រៀមខ្លួនថែរក្សាសម្រស់រូបរាងកាយឱ្យនៅតែស្រស់ស្អាតដូចដើម បើទោះបីជាមានកម្មវិធីត្រូវទទួលទានស្រា និងអាហារឆ្ងាញ់ៗក៏ដោយ។
1. កុំឃ្លានតាមចង់
នៅពេលចាប់ផ្ដើមកម្មវិធីជប់លៀង ជាច្បាប់ទម្លាប់ងាយៗហើយអាចប្រើប្រាស់បានគ្រប់កាលៈទេសៈទៀតនោះ គឺ “កុំឃ្លានតាមចង់” ព្រោះកាលដែលអ្នកបានឃើញអាហារជាច្រើនមុខដាក់តម្រៀបគ្នានៅលើតុ ជាពិសេសនារីៗតែងតែចង់ភ្លក្ស និងរួសរាន់ដួសញ៉ាំជាច្រើនមុខទៅតាមចំណង់នៃការឃ្លាន ក៏ដូចជាបំពេញឱ្យឆ្អែតក្រពះ។ ដូចគ្នានោះដែរ អាហារជាច្រើនមុខនោះហើយ ដែលមានសារធាតុប្រូតេអុីនច្រើន ដែលងាយធ្វើឱ្យអ្នកធាត់ដោយមិនដឹងខ្លួន។ ការត្រៀមខ្លួនជាមុននោះ គឺជាការប្រសើរ ព្រោះអ្នកត្រូវរំឭកខ្លួនឯងថា អ្នកកំពុងរក្សាទម្ងន់ និងមិនសូវមានចំណង់អាហារនោះទេ ពោលគឺ ញ៉ាំដើម្បីតែល្មមទ្រាប់ពោះប៉ុណ្ណោះ។
2. ទទួលទានទឹកឱ្យច្រើនមុនពេលទទួលទានអាហារ
ការទទួលទានទឹកស្រប ឬមុនពេលកំពុងទទួលទានអាហារមិនមានគ្រោះថ្នាក់ដល់សុខភាពនោះទេ ហើយវាថែមទាំងជួយឱ្យអាហាររឹងឆាប់ទន់ផងដែរ។ ប៉ុន្ដែកុំទទួលទានទឹកច្រើនពេកមុនពេលដែលអ្នកលេបអាហារ ដោយសារការរំលាយអាហារត្រូវការអង់ស៊ីមដែលមានក្នុងទឹកមាត់ជាចាំបាច់។ មុនពេលទទួលទានអាហារ អ្នកអាចត្រឹមតែទទួលទានទឹកមួយកែវ ដើម្បីសង្កត់ពោះ និងធ្វើឱ្យអ្នកមានអារម្មណ៍ថា ឆាប់ឆ្អែតអាហារតែប៉ុណ្ណឹងទៅបានហើយ។ សូមកុំគិតថា វាប៉ះពាល់ដល់ក្រពះ និងការរំលាយអាហារមិនល្អឱ្យសោះ ព្រោះថា ទឹកវាមិននៅក្នុងក្រពះយូរនោះទេ។ ជាទូទៅ ទឹក 300មីលីលីត្រចំណាយពេលប្រមាណ10 ទៅ15នាទីប៉ុណ្ណោះនៅក្នុងក្រពះ។ វាតែងហូរកាត់អាហារដែលត្រូវបានទំពានោះ ផ្ដល់សំណើមឱ្យអាហារទាំងនោះ ហើយវានឹងចេញពីក្រពះវិញ។ លើសពីនេះទៅទៀត មិនមានការស្រាវជ្រាវណារកឃើញថា ទឹកអាចរុញច្រានអាហារចូលក្នុងពោះវៀន មុនពេលដែលអាហាររលាយទាំងស្រុងនោះទេ ប៉ុន្ដែអ្នកវិទ្យាសាស្រ្តបានអះអាងថា ទឹកមិនមានឥទ្ធិ-ពលលើល្បឿននៃការរំលាយអាហារនោះទេ។
3. ត្រៀមរាងកាយជាមុន មុនពេលទៅចូលរួមនៅក្នុងកម្មវិធី
អ្នកប្រាកដជាដឹងហើយថា កម្មវិធីជប់លៀងមានអាហារជាច្រើន ហើយជាពិសេសគឺស្រាក្រហម។ ដើម្បីរក្សារាងឱ្យបានស្អាតដដែលនោះ អ្នកត្រូវប្រុងប្រៀបជាមួយការរៀបចំ និងកំណត់អាហារទាំង3ពេលឱ្យបានច្បាស់ជាមុនសិន។ អ្នកត្រូវកាត់បន្ថយអាហារពេលថ្ងៃត្រង់មួយពេល ដោយការទទួលទានជាអាហារសម្រន់ ដើម្បីត្រៀមទទួលអាហារពេលល្ងាចបានបន្ថែមបន្តិច។ ឬមួយក៏អ្នកអាចរៀបចំអាហារទាំង2ពេល ព្រឹក និងថ្ងៃត្រង់ ជាអាហារសម្រន់ ដើម្បីឱ្យការទទួលទានអាហារនាពេលល្ងាចមានភាពសមល្មមស្មើគ្នាវិញ ព្រោះការប៉ាន់ប្រមាណបរិមាណទទួលទានអាហារគឺជាគន្លឹះរក្សារាងបានយ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យអ្នកអស់ក្ដីកង្វល់។
4. ការទទួលទានស្រាដោយមានការកំណត់
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា បើអ្នកទទួលទានស្រា ឬស្រាបៀរក្នុងកម្រិតមួយសមល្មមនឹងផ្តល់នូវផលប្រយោជន៍ចំពោះសុខភាព និងមានហានិភ័យតិច។ អ្នកជំនាញសុខភាពបានបន្ដថា ភាគច្រើនគឺយល់ស្របថា បុរសអាចរីករាយនឹងជាតិស្រវឹងក្នុងមួយថ្ងៃដោយសុវត្ថិភាពពី10 ទៅ20ក្រាម (គឺស្រាបៀរកម្រិតជាតិអាល់កុល 10 វ៉ុល ពីរកែវ) និងស្ត្រីបានទទួលដំបូន្មានឱ្យទទួលទានក្នុងកម្រិត10ក្រាមតែប៉ុណ្ណោះចំពោះស្រា ឬស្រាបៀរ។ អ្នកត្រូវចាំក្នុងចិត្តថា អ្នកគ្រាន់តែទទួលទានបែបភ្លក្សរសជាតិនៃស្រាតែប៉ុណ្ណោះ ការទទួលទានច្រើននោះងាយធ្វើឱ្យអ្នកធាត់ទៅវិញទេ។ ជាតិស្រា ឬជាតិអាល់កុលមាននៅក្នុងស្រាបៀរ ស្រាទំពាំងបាយជូរ ស្រាស និងស្រាផ្សេងៗទៀត បើអ្នកទទួលទានច្រើនហួសបរិមាណ ភាគច្រើនអាចបង្កឱ្យមានការឡើងទម្ងន់ ជាពិសេសការរីកប៉ោងនៃខ្សែក្រវាត់ពោះដែលជារូបភាពដុះក្បាលពោះនោះហើយ។
5. ចៀសវាងអាហារមានជាតិខ្លាញ់ខ្ពស់
ដើម្បីសម្រកទម្ងន់អ្នកត្រូវកាត់បន្ថយបរិភោគអាហារណាដែលមានជាតិខ្លាញ់ និងត្រូវស្វែងយល់អំពីប្រភេទខ្លាញ់ដែលគួរបរិភោគ និងមិនគួរបរិភោគ។ ប្រសិនបើអ្នកចង់ផ្ដល់ប្រូតេអុីនដល់ខ្លួនប្រាណ អ្នកគប្បីទទួលទានសាច់ត្រីឱ្យបានច្រើនជាងសាច់សត្វដទៃទៀត៕