ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួន 75លានផោន (ស្មើនឹង 97លានដុល្លារអាមេរិក) ជាមួយនឹងក្លិបទូកក្តោង Everton ដើម្បីទិញយកខ្សែប្រយុទ្ធ Romelu Lukaku។ Man United ជឿជាក់ថា នឹងបំពេញការផ្ទេរនេះឲ្យបានរួចរាល់នៅមុនចុងសប្តាហ៍នេះ ដើម្បីអាចឲ្យ Lukaku ធ្វើដំណើរជាមួយពួកគេទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យ។
បើទោះបីប្រភពពីក្លិប Everton បានបញ្ជាក់ថា វានៅសល់ចំណុចជាច្រើនទៀតដើម្បីធ្វើឲ្យការផ្ទេរនេះបំពេញរួចជាផ្លូវការក៏ដោយ ប៉ុន្តែ Man United ជឿជាក់ថា ពួកគេនឹងបំពេញរួចរាល់នូវការទិញចូលកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលំដាប់ទី2ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេបន្ទាប់ពីខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba។ ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Lukaku នឹងក្លាយជាកីឡាករចំណូលថ្មីទី2នៅរដូវក្តៅនេះ ក្រោយពីការចូលរួមរបស់ខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ពីក្លិប Benfica ក្នុងតម្លៃខ្លួន31លានផោន។
លោក Jose Mourinho ដែលជាអ្នកចាត់ការទូទៅរបស់ Man United បានសម្តែងនូវការខកចិត្តចំពោះការខ្វះនូវដំណើរការនៃការទិញចូលកីឡាករថ្មីៗ ខណៈដែលគ្រូបង្វឹករូបនេះ បានបញ្ជាក់កាលពីដើមរដូវក្តៅនេះថា លោកចង់បានកីឡាករថ្មីៗឲ្យបានច្រើននាក់ នៅមុនពេលពួកគេធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាល។ ប្រសិនបើបំពេញជាផ្លូវការរួចរាល់ ការផ្ទេរនេះនឹងផ្តល់ការខកចិត្តដ៏ធំមួយដល់ក្លិបតោខៀវ Chelsea ក្រោយពីអ្នកចាត់ការទូទៅរបស់ពួកគេគឺលោក Antonio Conte បានចាត់ទុក Lukaku ជាគោលដៅដ៏ចម្បងរបស់លោកក្នុងការពង្រឹងតំបន់ប្រយុទ្ធ៕
ប្រភពព័ត៌មាន៖ The Guardian