តួនាទីមើលថែទាំកូនតូចក្នុងគភ៌ប្រហែលជាធ្វើឱ្យស្ត្រីមានគភ៌មានអារម្មណ៍តានតឹងមិនស្ទើរឡើយ តែបើរវល់តែមកអង្គុយធុញទ្រាន់ជាប់រហូតនោះ ក៏ប្រហែលជាជួយអ្វីមិនបានដែរ សុខចិត្តរកកិច្ចការងារសប្បាយៗមកធ្វើកែអផ្សុកវិញល្អជាង ព្រោះបើយើងមានអារម្មណ៍ល្អ កូនតូចក្នុងផ្ទៃក៏មានសេចក្តីសុខដែរ ; ដូច្នេះដើម្បីឱ្យទទួលបានអារម្មណ៍រីករាយស្រស់ថ្លានោះ ឡារ៉ែន សូមណែនាំនូវកិច្ចការងារ 4យ៉ាង ដែលស្រ្តីមានគភ៌មិនគួរខកខាន មកជម្រាបជូន។
1. សម្រាកលម្ហែកាយ
គ្មានអំឡុងពេលណាដែលស័ក្តិសមសម្រាប់ការទៅដើរកម្សាន្តសម្រាកលម្ហែកាយស្មើនឹងអំឡុងពេលត្រីមាសទី2 នៃការតាំងគភ៌នេះទៀតទេ ព្រោះក្នុងត្រីមាសដំបូងស្ត្រីមានគភ៌ត្រូវតស៊ូនឹងអាការចាញ់កូន និងអាការទន់ល្វើយ គ្មានកម្លាំងកំហែង។ ចំណែកត្រីមាសទី3 វិញនោះ ពោះក៏ធំធ្វើឱ្យពិបាកក្នុងការធ្វើចលនា ឬចង់ធ្វើអ្វីក៏មិនសូវស្រួលដែរ ដូច្នេះអំឡុងពេលនេះ គឺស័ក្តិសមបំផុត។ បើធ្វើដំណើរដោយយន្តហោះ អាចនឹងត្រូវមើលពីចំណុចតម្រូវរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗផង តែបើធ្វើដំណើរតាមរថយន្តវិញ ក៏កុំភ្លេចឈប់ចូលសំចតឱ្យបានញឹកញាប់ផងដែរ ដើម្បីបានតម្រង់ដៃតម្រង់ជើងខ្លះ ឬបើធ្វើដំណើរតាមទូកវិញនោះ ឡារ៉ែន មិនណែនាំឱ្យជិះទូកលឿន (Speed boat) ឬទូកតូចៗស្រាលៗដែលអាចលោតរលាក់ខ្លាំងៗពេលប៉ះនឹងទឹករលកនោះទេ ព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់បាន។
2. សរសេរសំបុត្រទុកឱ្យកូនមើលនៅពេលកូនធំឡើង
ចំណុចនេះសូមយកចិត្តអនាគតអ្នកម្តាយដែលចូលចិត្តសរសេរកត់កំណត់ហេតុជាពិសេសតែម្តង។ ការសរសេរកំណត់ហេតុ ឬសំបុត្រនេះ ជួយសាងនូវសម្ពន្ធភាពយ៉ាងស៊ីជម្រៅរវាងម្តាយ និងកូនឱ្យកាន់តែរឹងមាំឡើង មានអារម្មណ៍ថាជាមនុស្សតែមួយកាន់តែខ្លាំងឡើង និងក្នុងន័យមួយទៀត វានៅអាចជួយឱ្យអនាគតអ្នកម្តាយបានទម្លាយភាពតានតឹងនៅក្នុងចិត្តចេញមកបានយ៉ាងល្អទៀតផង។ ចុងក្រោយនៅពេលកូនធំឡើង ហើយបានអានកំណត់ត្រានេះ ក៏នឹងរឹតតែធ្វើឱ្យកូនមានអារម្មណ៍ដឹងពីសេចក្តីស្រឡាញ់ ក្តីបារម្ភ ជាការចងរឹតខ្សែសម្ពន្ធដ៏ល្អបំផុត។ ចំណែកអ្នកម្តាយដែលមិនចូលចិត្តការសរសេរវិញ ក៏អាចប្រើវិធីផ្សេងទៀតបានដែរ ដូចជាប្រើស្មាតហ្វូនថតសំឡេងទុកជាដើម។
3. ដើរហាងទិញសម្លៀកបំពាក់មានផ្ទៃពោះ
ចំណុចនេះច្បាស់ជាត្រូវចិត្តនារីៗយើងយ៉ាងពិតប្រាកដ ព្រោះការបានដើរសបភីងរើសទិញខោអាវថ្មីៗ ស្អាតៗ គឺជាភាពរីករាយជក់ចិត្តខ្លាំងមែនទែនសម្រាប់នារីៗយើង ហើយបើឆ្លៀតឱកាសនេះដឹកដៃមិត្តភក្តិ ឬស្វាមីឱ្យទៅជួយរើសឈុតពោះធំម៉ូដដែលស្រឡាញ់ចូលចិត្ត ទាំងឈុតនៅផ្ទះ ឈុតទៅដើរលេង ឈុតចូលរួមកម្មវិធី ស្បែកជើង ឈុតខាងក្នុង-ល និងល-ផងនោះ ទោះជាដើរឡើងហត់ប៉ុនណា ក៏នៅតែមានសេចក្តីសុខក្នុងចិត្ត ធូរអារម្មណ៍ និងបាត់ស្រេ្តសអស់ជាច្រើនថ្ងៃដែរ។
4. លាបគ្រីមថែបំប៉នស្បែក
ដោយសារតែក្បាលពោះអនាគតអ្នកម្ដាយដែលកាន់តែធំឡើង ធ្វើឱ្យស្បែកបែកសង្វារ និងរមាស់នោះ ទើបអនាគតអ្នកម្តាយត្រូវតែលាបគ្រីមនៅលើក្បាលពោះ តែការលាបគ្រីមបែបធម្មតាៗនោះ អាចនឹងគួរឱ្យធុញទ្រាន់ណាស់ ដូច្នេះចូរសាកល្បងបន្ថែមសេចក្តីសប្បាយរីករាយដោយការនិយាយលេងជាមួយកូន ច្រៀងចម្រៀង ឬនិយាយរឿងរ៉ាវផ្សេងៗម្តងទៅមើល៍(សប្តាហ៍ទី 16 កូនចាប់ផ្តើមស្តាប់ឮហើយ) ដែលក្រៅពីធ្វើឱ្យអនាគតអ្នកម្តាយមានអារម្មណ៍ធូរស្រាលហើយ កូននៅក្នុងផ្ទៃក៏មានសេចក្តីសុខផងដែរ។
ក្នុងការងារវិភាគស្រាវជ្រាវមួយបានរកឃើញថា ការនិយាយលេងជាមួយកូននៅក្នុងគភ៌របស់ឪពុកម្តាយ ធ្វើឱ្យកូនតូចស្គាល់ និងចងចាំសំឡេងរបស់ឪពុកម្ដាយបាន និងនៅពេលប្រសូតចេញមកនឹងធ្វើឱ្យកូនគ្មានអារម្មណ៍តានតឹង និងមានសុវត្ថិភាពល្អបំផុតទៀតផង៕