កាលពីព្រឹកមិញនេះ ក្រុមជម្រើសជាតិរបស់ប្រទេសថៃ ដែលដឹកនាំដោយលោក Akira Nishino បានបញ្ចេញបញ្ជីឈ្មោះរបស់កីឡាករដែលត្រូវទៅប្រឡូកនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីនដែលនឹងចាប់ផ្តើមចាប់នៅថ្ងៃទី26 ខែវិច្ឆិកា ដល់ថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ហើយ។
ក្នុងបញ្ជីឈ្មោះកីឡាករទាំង 20រូបចុងក្រោយនេះដែរ គេសង្កេតឃើញថា មានសុទ្ធតែជាកីឡាករដែលមានអាយុក្រោម 22ឆ្នាំទាំងអស់ ពោលគឺ មិនមានកីឡាករលើសអាយុឡើយ។ ជាក់ស្ដែងគេឃើញមានកីឡាករយុវជនដែលជាប់ឈុតធំជម្រើសជាតិជាច្រើនដែលមានដូចជា Ekanit Panya, Supachai Chaided, Supachok Sarachat និង Suphanat Mueanta គឺជាខ្សែប្រយុទ្ធ 4រូបដែលលេងនៅក្រុមលីកធំៗ និងមានសមត្ថភាពមិនធម្មតាឡើយ។ ស្របពេលដែលកីឡាករ Worachit Kanitsribumpen, Rattanakorn Maikami និង Anon Amornlertsak វិញ សុទ្ធតែជាកីឡាករស្នូលសម្រាប់ក្រុមថៃទាំងអស់។
គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 ឆ្នាំ2019 ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនេះ គឺអនុញ្ញាតឱ្យក្រុមបាល់់ទាត់នីមួយៗអាចដាក់កីឡាករលើសអាយុ 22ឆ្នាំបានចំនួន 2នាក់៕