តារាចម្រៀងស្រីដ៏ល្បី មាស សុខសោភា បានក្លាយជាតួអង្គដ៏សំខាន់តំណាងឱ្យកម្ពុជា ក្នុងជំនួបតារា K-POPល្បីៗ ចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី ASEAN-ROK Commemorative Summit 2019, Busan កម្មវិធីនេះនឹងប្រពឹត្តិឡើង នៅថ្ងៃទី ២៥ វិច្ឆិកា នេះ នៅប៊ូសាន សាធារណរដ្ឋកូរ៉េ។
បើទោះជារដូវនេះមានភាពមមាញឹកខ្លាំងក្នុងស្រុកក៏ពិតមែន ប៉ុន្តែ មាស សុខសោភា នៅតែឆ្លៀតមិនអាចខកខានបាន ក្នុងការចូលរួមព្រឹត្តិការណ៍ Concert ដ៏ធំខាងលើ។ នាងប្រកាសពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសកូរ៉េ នៅថ្ងៃទី ២២ វិច្ឆិកា ខាងមុខនេះ ដើម្បីទៅហាត់សមមុនសម្ដែង ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នានៅទីនោះផង។
មាស សុខសោភា បានបង្ហាញក្ដីរំភើបជាខ្លាំងចំពោះការត្រៀមទៅសម្ដែងនៅកូរ៉េលើកនេះ បើទោះជាមិនមែនជាលើកទីមួយសម្រាប់ការចេញសម្ដែងនៅក្រៅប្រទេសរបស់នាង។ អ្វីដែលធ្វើឱ្យនាងហាក់ប្លែកអារម្មណ៍ និង មានមោទនភាពនោះគឺ ការប្រគុំតន្ត្រីនេះគឺជាការរៀបចំនិង អញ្ជើញពីសំណាក់ អ្នករៀបចំកម្មវិធីរបស់កូរ៉េផ្ទាល់តែម្ដង ដែលខុសពីការសម្ដែងក្រៅប្រទេសមុនៗ ដែលនាងទៅតាមរយៈ Sponsor។ នាងថាបើទោះជាមានឱកាសតិចតួចក្នុងការស្លៀកសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរនៅលើឆាកតន្ត្រីបែប K-POP ក៏ពិតមែន ប៉ុន្តែនាងនឹងសម្រិតសម្រាំងឱ្យបានល្អអស្ចារ្យបំផុត ក្នុងការបង្ហាញឱ្យពិភពលោកបានស្គាល់ បានឃើញអំពីសម្លៀកបំពាក់ វប្បធម៌ ភាសា ទំនៀមទម្លាប់របស់ខ្មែរ និងត្រៀមបញ្ចេញឱ្យអស់ពីសម្ថភាព នៅលើឆាកអន្តរជាតិមួយនេះ។ មាស សុខសោភា ក៏ត្រៀមនឹងពាំនាំបទចម្រៀង Original ជាច្រើនបទយកទៅបង្ហាញ បន្ថែមពីលើចម្រៀងមួយបទដែលត្រៀមច្រៀងរួមគ្នា ជាមួយតារាចម្រៀងល្បីៗនៅអាស៊ីផងដែរ។
យ៉ាងណាមិញថ្មីៗនេះ មាស សុខសោភា ក៏បានបង្ហាញនូវបទចម្រៀងថ្មីដែលមានចំណងជើង Side by Side ដែលជាការបកស្រាយរួមគ្នារវាងតារាចម្រៀងនៅអាស៊ាន និងតារាចម្រៀងមកពីកូរ៉េខាងត្បូង ដើម្បីអបអរក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-ROK Commemorative Summit 2019, Busan) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕
តោះមកទស្សនាវីដេអូចម្រៀងនៅខាងក្រោមនេះ៖