នៅរយៈពេល 9ខែ ឆ្នាំ2019នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចំណូលចូលថវិការដ្ឋសរុប ចំនួនប្រមាណ 19.125ប៊ីលានរៀល (ប្រមាណជិត 5ពាន់លានដុល្លារ) ស្មើនឹង 90% ធៀបនឹងច្បាប់ថវិកា ឆ្នាំ2019។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសបានបញ្ជាក់ថា «តាមរយៈរបាយការណ៍បូកសរុប រហូតមកដល់ត្រីមាសទី 3 នេះ គ្រប់ផ្នែកនៃផែនការសកម្មភាពរួមនៃការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន។ ក្នុងរយៈពេល 9ខែកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រមូលចំណូលចូលថវិការដ្ឋសរុបប្រមាណ 19,125ប៊ីលានរៀល ស្មើនឹង៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ2019»។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ចដដែលបានឱ្យដឹងទៀតថា ការអនុវត្តផែនការប្រមូលចំណូលប្រចាំត្រីមាសទី3 បង្ហាញថា ទិន្នផលចំណូលបានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករមានប្រមាណ 49%, ពន្ធដារមានប្រមាណ 32%, ចំណូលមិនមែនសារពើពន្ធមានប្រមាណ 12% និងចំណូលផ្សេងៗប្រមាណ 6%។ រីឯការអនុវត្តចំណាយស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រង បានតាមច្បាប់ជាធរមាន។
សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ទាំងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្របខ័ណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថា អាចសម្រេចបានគោលដៅប្រចាំឆ្នាំ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានគូសបញ្ជាក់ថា ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរ ទៅតាមការគ្រោងទុក។
ស្របពេលជាមួយគ្នានេះ កិច្ចការគន្លឹះៗមួយចំនួនទៀតត្រូវបន្តពង្រឹងក្នុងការអនុវត្ត កសាង និងរៀបចំបញ្ចប់រួមមានការរៀបចំបញ្ចប់លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ផែនការសកម្មភាពលម្អិតសម្រាប់ការអនុវត្តយុទ្ធសាស្ត្រគន្លឹះៗនានា ដូចជាយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ2019-2025 យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ ក្រោមជាតិ ឆ្នាំ 2019-2025 យុទ្ធសាស្ត្រកៀរគរចំណូល 2019-2023 និងអនុក្រឹត្យស្តីពីការគ្រប់គ្រង គម្រោងវិនិយោគសាធារណៈ ជាដើម។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែម លើការពង្រឹងសមត្ថភាពមន្ត្រី ដោយត្រូវគិតគូររៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការបន្តបណ្តុះបណ្តាលដែលជាក់លាក់ ប្រកបដោយគុណភាព ក៏ដូចជាបំពាក់ជំនាញច្បាស់លាស់ និងប្រើប្រាស់ធនធាន ដែលបានបណ្តុះបណ្តាលឱ្យត្រូវតាមតួនាទី និងភារកិច្ច និងជំនាញនីមួយៗ។
ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងត្រីមាសទី3 និងការខិតខំប្រឹងប្រែងអនុវត្តការងារកែទម្រង់យ៉ាងសកម្មពីក្រសួង-ស្ថាប័ន ទាំងអស់។ ដៃគូអភិវឌ្ឍន៍ ក៏បានផ្តល់អនុសាសន៍បន្ថែមជាពិសេសទៅលើប្រសិទ្ធភាពនៃការអនុវត្តចំណាយរបស់ក្រសួង-ស្ថាប័ន, ការប្រើប្រាស់ប្រព័ន្ធ (Financial Management Information System - FMIS) និងពង្រឹងការផ្សព្វផ្សាយលើការត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធី។ បន្ថែមពីនេះ ដៃគូអភិវឌ្ឍន៍ នៅតែបន្តផ្តល់ការសហការល្អ និងកិច្ចគាំទ្រ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ទៅលើសកម្មភាពគន្លឹះសំខាន់ៗរបស់ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជានេះ៕