គ្រាន់តែឮថា «តន្ត្រីបង្សុកូល » គ្រប់គ្នាឆ្ងល់យ៉ាងខ្លាំងថាជាអ្វី? ការពិតទៅការប្រគំតន្ត្រី ”បង្សុកូល” គឺជាស្នាដៃរួមបញ្ចូលគ្នាមួយដែលមានតន្ត្រីករប្រហែល 80នាក់ នៅលើឆាកតែមួយ តែមានឧបករណ៍តន្ត្រីខ្មែរចំនួន ៦ប្រភេទ មានដូចជាគ្រឿងខ្សែកេះ ឧបករណ៍ពិណ គ្រឿងខ្សែកូត ទ្រសោ ទ្រអ៊ូ ទ្រខ្មែរ គ្រឿងផ្លុំ មានដូចជា ស្រឡៃ ខ្លុយ ប៉ីពក ប៉ីអ រនាតភ្លោះ គងភ្លោះ នឹងត្រូវសម្ដែងបញ្ចូលគ្នាជាមួយវង់ភ្លេងតន្ត្រីបរទេស។
អ្នកផ្ដើមគំនិតនិពន្ធបទភ្លេងតន្ត្រី ”បង្សុកូល” ដំបូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហ៊ឹម សុភី បានអះអាងប្រាប់អ្នកសារព័ត៌មានថា ការប្រគំតន្ត្រី ”បង្សុកូល” ត្រូវបានតាក់តែងនិពន្ធបទភ្លេងបង្សុកូលអស់រយៈពេល ៥ ឆ្នាំ។ មូលហេតុដែលធ្វើឱ្យមានការប្រគំតន្ត្រី ”បង្សុកូល” នេះ គឺលោកចង់ផ្ញើសារប្រាប់ទៅដល់ពលរដ្ឋខ្មែរអំពីការរំឭកប្រវត្តិសាស្ត្ររបស់ខ្លួនដែលធ្លាប់ឆ្លងកាត់នៅសម័យ ប៉ុល ពត។ លោកបន្តថា ក្នុងចំណោមឧបករណ៍តន្ត្រីបូរាណខ្មែរជាង ១០ឧបករណ៍ ក៏មានឧបករណ៍បូរាណខ្លះដែលបានបាត់បង់រាប់រយឆ្នាំ និងត្រូវបង្កើតឡើងវិញ ដូចជាពិណខ្មែរសម័យអង្គរ ប៉ីពកធំមានស្នែង និងខ្លុយដីជាដើម។
តន្ត្រី ”បង្សុកូល” ដែលទទួលបានហិរញ្ញវត្ថុបង្កើតឡើងពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងពីអង្គការមួយចំនួនទៀតនេះ គឺជាស្នាដៃប្រគំតន្ត្រីវង់ធំ និងជាស្នាដៃសហការគ្នាលើកដំបូងរវាងផលិតករធ្លាប់ទទួលបានពានរង្វាន់ លោក ប៉ាន់ រិទ្ធី និងអ្នកនិពន្ធបទភ្លេងដីល្បីឈ្មោះលោក ហ៊ឹម សុភី ក្នុងគោលបំណងរៀបរាប់ស្វែងយល់អំពីសេចក្ដីរន្ធត់នានា របស់ប្រជាជនកម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ជាពិសេសដើម្បីរំលឹកដល់ជនរងគ្រោះ ដែលត្រូវបានគេធ្វើទារុណកម្ម និងសម្លាប់ និងដើម្បីផ្ញើសារទៅកាន់ពិភពលោកឱ្យស្គាល់អំពីប្រវត្តិកម្ពុជា ផងដែរ។
យ៉ាងណាមិញ ការប្រគំ«តន្ត្រីបង្សុកូល » នៅប្រទេសកម្ពុជានាថ្ងៃទី២១,២២,២៣ ខែវិច្ឆិកា នេះ លោកសាស្ត្រាចារ្យ ហ៊ឹម សុភី ក៏បានបន្ថែមបទនិពន្ធថ្មីមួយបទនៃការបើកទំព័រសម្ដែងគឺបទ «ការចងចាំ» ជាស្នាដៃនិពន្ធថ្មី ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ ព្រឹទ្ធាចារ្យសិល្ប:សម្តេចព្រះរាជបុត្រីព្រះរៀម និងជា ទេពនាដវដ្តីឯក នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់សុគតិភព ដែលប្រកបទៅដោយភាពរុងរឿងត្រចះត្រចង់ដូចសម័យកាលនៃចក្រភពខ្មែរសម័យអង្គរដ៏បរវរនៃយេីង ។ បទភ្លេងនេះនឹងត្រូវប្រគំមុនការសម្តែង តន្រ្តីបង្សុកូល និងផ្សាយនៅក្រោយថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះ៕