ផលិតកម្ម BS & Good Day បានសហការជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីផលិតជាភាពយន្តភាគមួយទៀតដែលមានចំណងជើងថា «បេះដូងខ្វះកំដៅ» បន្ទាប់ពីបានបញ្ចប់រឿង «ល្បិចលួងល្បួងស្នេហ៍»។ ពិធីក្រុងពាលីថតរឿងថ្មីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2019នេះ។ អ្វីដែលពិសេស ចំពោះភាពយន្តនេះ គឺផលិតកម្មបានចំណាយដើមទុនរហូតដល់ទៅ ជាងខ្ទង់សែនដុល្លារ ដើម្បីផលិត និងគ្រោងចាក់បញ្ចាំង នៅដើមឆ្នាំ2020នេះតែម្តង។
លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តភាគថ្មី ដែលផលិតកម្មរបស់លោក ផលិតអោយប៉ុស្តិ៍លេខ៥ បន្ទាប់ពីភាពយន្តរបស់លោកដែលផលិតជាច្រើនមកហើយ ហើយទទួលបានជោគជ័យ។ ភាពយន្តនេះលោកមិនទាន់ប្រកាសអោយដឹងពីខ្ទង់ចំណាយនៅឡើយទេ តែគ្រោងរហូតដល់១០ម៉ឺនដុល្លារ ប្រសិនបើរឿងមួយនេះ មានតម្រូវការដល់កម្រិតនោះពេលជាក់ស្ដែង។
លោក ទិត្យ ធារិទ្ធ អ្នកដឹកនាំសម្ដែង បានថ្លែងបញ្ជាក់ថា នេះភាពយន្តនិពន្ធថ្មី ដោយសាច់រឿងទាំងមូលស្ដែងឡើងពីគំនុំ រវាងគ្រួសារពីរ និងក្រុមហ៊ុនពីរ ដែលធ្វើសកម្មភាពប្រជែងគ្នា ហើយខ្វះគុណធម៌ដាក់គ្នា ដោយសារតែភាពគុំគួន។ មួយនេះឆ្លុះបញ្ចាំងពីវិប្បដិសារីរបស់អ្នកប្រព្រឹត្តិ ដែលជាការអប់រំ កុំអោុមនុស្សយកគំនុំជាធំ។ លោករំពឹងថាភាពយន្តនឹងទទួលការចាប់អារម្មណ៍ខ្ពស់ ក្រោយការផលិត។ ជាពិសេសដោយសារភាពយន្តទាំងមូលសម្ដែងដោយសុទ្ធសឹងតែជាតារាល្បីៗ ដូចជាលោក ទេព រិន្ទដារ៉ូ ជាដើម៕