ក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា បានទាត់ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិហុងកុង ក្នុងលទ្ធផល 2ទល់នឹង0 ដែលរកបានដោយកីឡាករបរទេសចូលសញ្ជាតិហុងកុងទាំង 2គ្រាប់។
ក្នុងការប្រកួតនេះផងដែរ គេសង្កេតឃើញថា ថ្វីដ្បិតតែកម្ពុជាជាក្រុមភ្ញៀវមែន តែកម្ពុជាបានបង្ហាញពីទម្រង់លេងបានយ៉ាងល្អ ដោយស្ទើរតែបត់តារាងពាក់កណ្តាលទៅលេងនៅលើតំបន់ការពាររបស់ហុងកុងស្ទើរតែទាំងស្រុងទៅហើយ។ តែជាអកុសលការលេងបុករបស់កម្ពុជា បានធ្វើឱ្យកីឡាករ សឿយ វិសាល ទទួលបានកាតក្រហមនៅនាទីទី78 ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញពីទីលាន បន្ទាប់មកហុងកុងក៏បានស៊ុតចូល 1គ្រាប់បន្ថែមទៀត ពេលដែលកម្ពុជាបាត់បង់ខ្សែការពារអស់ម្នាក់។
ក្រោយពីចប់ការប្រកួតនេះ លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា លោកសូមអបអរដល់ហុងកុងដែលឈ្នះការប្រកួតនេះ។ សម្រាប់ក្រុមកម្ពុជាវិញ លោកក៏ពេញចិត្តនឹងរបៀបលេងដែលកីឡាករព្យាយាមធ្វើតាមអ្វីដែលបានហ្វឹកហាត់កន្លងមកផងដែរ៕