អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួនប្រមាណជាង 2,400លានដុល្លារក្នុងរយៈពេល 10ខែ ឆ្នាំ2019 បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018កន្លងទៅ មានការកើនឡើងរហូតដល់ប្រមាណ28.31%។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ2019។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ2019 បានបង្ហាញថា នៅត្រឹមយៈពេល 10ខែ ឆ្នាំ2019 នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលជាចំណូលសម្រាប់ថវិកាជាតិ រយៈពេល 10ខែ ឆ្នាំ2019នេះ ចំនួន 9,616.83 ប៊ីលានរៀល ស្មើនឹងប្រមាណ 2,404.21លានដុល្លារអាមេរិក កើនឡើង28.31% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2018 ដែលចំនួននេះលើសពីផែនការប្រចាំឆ្នាំ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា កំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធ និងសហគ្រាសមានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ2019 ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ (Online) របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន 887.64ប៊ីលានរៀល (ប្រមាណ221.91លានដុល្លារ) ស្មើនឹងប្រមាណ 9,70%ភាគរយនៃផែនការប្រចាំឆ្នាំ កើនឡើងប្រមាណ 21.85% បើប្រៀបធៀបកាលពីឆ្នាំ2018 ដែលចំណូលពន្ធ-អាករក្នុងខែតុលា ប្រមូលបានត្រឹម 156.19ប៊ីលាន ស្មើនឹងប្រមាណ39.79លានដុល្លារតែប៉ុណ្ណោះ៕