សុភាពនារីទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ពេលយើងចង់និយាយអ្វីមួយជាមួយគូស្នេហ៍ តែហេតុម៉េចបានជាគេហាក់ដូចជាមិនសូវចង់ស្តាប់រឿងដែលយើងចង់និយាយនោះ ឬធ្វើឫកជាតាំងចិត្តស្តាប់ តែការពិតវិញ គេបែរជាលួចនឹកទៅរឿងឯណាផ្សេងទៅវិញ រហូតធ្វើឱ្យនារីជាច្រើនមានអារម្មណ៍ធុញទ្រាន់ និងរអាចំពោះទង្វើបែបនេះរបស់គូស្នេហ៍ ឬស្វាមីរបស់ខ្លួនជាខ្លាំង។ បើសុភាពនារីណាម្នាក់កំពុងធ្លាក់ក្នុងស្ថានការណ៍បែបនេះ សូមកុំអាលឆេវឆាវ និងសូមនាំគ្នាមកមើលពីគន្លឹះល្អៗក្នុងការនិយាយឱ្យគូស្នេហ៍ ឬស្វាមីតាំងចិត្តចង់ស្តាប់វិញម្តងប្រសើរជាង។
1. និយាយចំៗត្រង់ៗ
មូលហេតុមួយដែលធ្វើឱ្យបុរសៗមិនសូវចូលចិត្តស្តាប់នារីៗនិយាយនោះ គឺព្រោះតែនារីៗច្រើនតែនិយាយកាច់កុងហូរហែបូរបាច់ច្រើនពេក ឬអ្នកខ្លះទៀតនិយាយត្រឡប់ត្រឡឹនរហូតមិនដឹងថាចង់និយាយអំពីស្អីក៏មានដែរ ដូច្នេះបើអ្នកមានអ្វីនៅក្នុងចិត្ត គួរតែនិយាយចេញមកឱ្យត្រង់ៗ ឬនិយាយចូលសាច់រឿងតែម្តងទៅប្រសើរជាង។
2. និយាយតែរឿងដែលគេ (លោកប្ដី) ចាប់អារម្មណ៍
នារីភាគច្រើន ច្រើនចូលចិត្តនិយាយតែរឿងរបស់ខ្លួនឯង ឬមិនទេ ក៏និយាយតែរឿងដែលខ្លួនឯងចាប់អារម្មណ៍ ដូចជារឿងតារា(តួកុន) ម៉ូដខោអាវ និងរឿងតុបតែងខ្លួន ដែលរឿងពួកនេះ បុរសៗគេមិនសូវជាយល់ប៉ុន្មានទេ ខ្លាំងណាស់ក៏បានត្រឹមតែអង្គុយងក់ក្បាលតាមសម្ដីរបស់អ្នកប៉ុណ្ណោះ ដូច្នេះអ្នកគួរតែបបួលគេនិយាយក្នុងរឿងដែលគេមានជំនាញ និងចាប់អារម្មណ៍ខ្លះវិញប្រសើរជាង ដូចជារឿងតិចណូឡូជី រឿងឡាន រឿងហ្គេម ឬរឿងបាល់ទាត់អីជាដើម-ល- ហើយបើនារីណាអាចនិយាយ និងជជែកពីរឿងទាំងអស់នេះបាន គឺជានារីដែលមើលទៅមានមន្តស្នេហ៍ និងគួរឱ្យជជែកលេងជាមួយខ្លាំងណាស់(សម្រាប់បុរស)។
3. និយាយឱ្យត្រូវពេលត្រូវវេលា
ជួនកាលដែលបុរសមិនស្តាប់នូវអ្វីដែលអ្នកនិយាយនោះ មិនមែនមកពីគេមិនចាប់អារម្មណ៍នោះទេ តែអាចដោយសារតែពេលនោះគេកំពុងតែមានរឿងពិបាកចិត្ត ឬស្ថិតនៅក្នុងអារម្មណ៍ដែលចង់នៅស្ងាត់ៗតែម្នាក់ឯង ដូច្នេះបើអ្នកត្រូវការពិភាក្សា និងជជែកជាមួយគេបែបច្បាស់លាស់នោះ អ្នកគួរតែចេះជ្រើសរើសរកពេលវេលាណាដែលគេកំពុងស្ថិតក្នុងអារម្មណ៍ធម្មតា ទើបជាការប្រសើរជាង ព្រោះវាជាពេលដែលគេព្រមទទួល និងតាំងចិត្តស្តាប់អ្នកខ្លាំងបំផុត។
4. អធិប្បាយពីហេតុផល
ក្នុងករណីដែលគេមិនចាប់អារម្មណ៍ ឬមិនព្រមទទួលស្តាប់នូវអ្វីដែលអ្នកនិយាយ អ្នកគួរតែអធិប្បាយ ឬសម្តែងពីអារម្មណ៍របស់អ្នកចេញទៅថា ពេលនេះអ្នកកំពុងតែមានអារម្មណ៍ ឬកំពុងតែគិតពីអ្វី ដូចជាកំពុងមានអារម្មណ៍ព្រួយកង្វល់សោកស្តាយ ឬព្រួយបារម្ភអំពីគេខ្លាំងប៉ុនណា ហើយសឹមនិយាយចូលសាច់រឿង ដើម្បីឱ្យគេបានយល់ពីអារម្មណ៍ និងបើកចិត្តទទួលស្តាប់ពាក្យរ៉ាយរ៉ាប់របស់អ្នកកាន់តែខ្លាំងឡើង។
5. អរគុណដែលគេព្រមទទួលស្តាប់អ្នក
មើលទៅវាអាចដូចជារឿងចម្លែកបន្តិចហើយដែលត្រូវអរគុណគូស្នេហ៍ ឬស្វាមី បន្ទាប់ពីគេព្រមទទួលស្តាប់រឿងរ៉ាវរបស់អ្នកនោះ តែនៅក្នុងការពិតវិញ រឿងតូចតាចកំប៉ិកកំប៉ុកបែបនេះអាចជួយឱ្យគេមានអារម្មណ៍ល្អ និងថែមទាំងជាការសម្តែងឱ្យគេបានដឹងដែរថា គេមិនមែនត្រឹមតែជាកន្លែងសម្រាប់ទម្លាយអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ តែគេគឺជាមនុស្សដ៏សំខាន់ម្នាក់របស់អ្នកដែលចាំផ្តល់នូវពាក្យណែនាំ និងជាអ្នកដែលចាំផ្តល់នូវកម្លាំងចិត្តដល់អ្នកជានិច្ចទៀតផង។សូមសាកល្បងនាំយកវិធីខាងលើនេះទៅអនុវត្តសាកលមើល ធានាថា ចាប់ពីពេលនេះទៅ ជីវិតគូរបស់អ្នកនឹងប្រកបទៅដោយការយល់ចិត្តយល់ថ្លើមគ្នា រស់នៅដោយភាពជឿជាក់លើគ្នាទៅវិញទៅមក និងមិនអាចអត់គ្នាបាន ប្រកបដោយសុភមង្គលមិនខាន៕