ការិយាល័យក្រុមហ៊ុន Microsoft ក្នុងប្រទេសជប៉ុន បានសាកល្បងកម្មវិធីមួយឈ្មោះថា ”Work Life Choice Challenge Program” ដែលបានចាប់ផ្ដើមកាលពីខែសីហា។ កម្មវិធីនេះគឺក្រុមហ៊ុនត្រូវបើកដំណើរការតែ ៤ ថ្ងៃដោយបុគ្គលិកអាចឈប់បានរហូតដល់ 3 ថ្ងៃ។
នៅត្រឹមចុងខែសីហា ក្រុមហ៊ុនរកឃើញថាកម្លាំងពលកម្មមានប្រសិទ្ធភាពជាងមុន ដោយគេគិតគូរឃើញថាចំណូលដែលបុគ្គលិកម្នាក់ៗរកបានជាមធ្យម មានការកើនឡើង 39,9% បើធៀបនឹងខែសីហាឆ្នាំ 2018 ដោយសារការប្រជុំពីចម្ងាយ (Remote Meeting) និងការកាត់បន្ថយរយៈពេលនៃប្រជុំ។
ក្រៅពីនេះតួលេខបុគ្គលិកដែលលាឈប់ពីការងារក្នុងខែសីហាមាន 25,5% ទាបជាងឆ្នាំមុន ហើយទំហំនៃថាមពលអគ្គិសនីដែលប្រើប្រាស់មានការថយចុះ 23,1% និងចំនួនឯកសារដែលបោះពុម្ភថយចុះ 58,7%។ កម្មវិធីនេះក៏ទទួលបានការបញ្ចេញមតិវិជ្ជមានពីបុគ្គលិក ដោយមាន 82,1% ពួកគេចូលចិត្តនឹងការធ្វើការ 4 ថ្ងៃក្នុងមួយសប្ដាហ៍។
Microsoft Japan និយាយថា គ្រោងនឹងដាក់កម្មវិធីឲ្យប្រើប្រាស់ម្ដងទៀតនៅក្នុងរដូវត្រជាក់ខាងមុខ (អំឡុងខែធ្នូ ដល់ខែកុម្ភៈ) ដើម្បីបង្កើតនូវបរិយាកាសការងារដែលបត់បែនជាងមុន។ ក្នុងឆ្នាំ 2018 ក្រុមហ៊ុនមួយរបស់នូវែលហ្សេឡង់ក៏បានសាកល្បងកម្មវិធីធ្វើការ 4 ថ្ងៃនេះរយៈពេល 2 ខែ ហើយទទួលបានការឆ្លើយតបវិជ្ជមានពីបុគ្គលិក ដែលវាធ្វើឲ្យមានភាពស្មើគ្នារវាងការងារ និងជីវិតផ្ទាល់ខ្លួន៕