“តន្ត្រីបង្សុកូល” ស្នាដៃសិល្បៈខ្មែរសម័យទំនើប ដែលធ្លាប់សម្តែងហើយជោគជ័យខ្លាំងនៅក្រៅប្រទេសចំនួន៣ ត្រៀមនឹងបង្ហាញខ្លួនក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាព ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
ហាក់រៀងប្លែកបន្តិចនៅពេលដែលគ្រប់គ្នាឮពាក្យថា “បង្សុកូល” ក្នុងចំណោមចំណងជើងតន្រី្ត ព្រោះជានិច្ចកាល ពាក្យនេះ គេតែងឃើញក្នុងពិធីសាសនានានាប៉ុណ្ណោះ។ ប៉ុន្តែ “បង្សកូល” ដែលកំពុងត្រៀមបង្ហាញជូនទស្សនិកជនទស្សនានៅក្នុង មហោស្រពសិល្បៈដើម្បីសន្តិភាព នាពេលដ៏ខ្លីខាងមុខនេះ មិនមែនជាពិធីសាសនានោះទេ តែជាស្នាដៃសិល្បៈខ្មែរសម័យទំនើប ដែលមានការច្របាច់បញ្ចូលគ្នារវាងតន្រ្តីបុរាណខ្មែរ និងសម័យច្រើនទម្រង់ផ្សេងគ្នា ដោយមានទាំងការប្រគុំតន្រ្តី ការច្រៀង និងការសម្តែងកាយវិការ ថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់ លោកសាស្ត្រាចារ្យបណ្ឌិត ហ៊ឹម សុភី។
គោលបំណងចម្បងដែលលោកបង្កើតសិល្បៈខ្មែរសម័យទំនើប “តន្ត្រីបង្សុកូល” នេះឡើង គឺដើម្បីឆ្លុះបញ្ចាំងនិងរំលឹកដល់អតីតកាលរបស់កម្ពុជាពីសម័យមុន។ សាស្ត្រចារ្យរូបនេះបានប្រាប់ថា សិល្បៈខ្មែរសម័យទំនើប “តន្ត្រីបង្សុកូល” នេះ ត្រូវបានរៀបចំនិពន្ធឡើងកំឡុងឆ្នាំ២០០៨ តាំងពីការសម្តែង សិល្បៈតន្ត្រីដែលមានឈ្មោះថា «ទីដំរីយំ»ដែលជាស្នាដៃ Rock Opera ដំបូងគេរបស់លោកមកម៉្លេះ រហូតដល់ឆ្នាំ២០១៣ទើបចេញជាសាច់រឿងខ្លះៗដែលអាចឱ្យលោកយកទៅធ្វើសិក្ខាសិលានៅញ៉ូវយ៉ក ដើម្បីរកអ្នកឧបត្ថមក្នុងដំណើរការធ្វើបន្តទៀត។ យ៉ាងណារហូតដល់ឆ្នាំ២០១៧ ទើបសិល្បៈនេះត្រូវបានបញ្ចប់ ដោយកំឡុងពេលមុនបញ្ចប់សព្វគ្រប់លោកបានធ្វើសិក្ខាសិលាជាច្រើន រហូតទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ស្ថានទូតអូស្រ្តាលី រាប់រងរាល់ការចំណាយទាំងអស់ធ្វើយ៉ាងណាឲ្យស្នាដៃបង្សុកូលនេះ បានទៅសម្តែងជាលើកទី១ជាអន្តរជាតិនៅទីក្រុង Melbourne។
ទើបឆ្នាំ២០១៩នេះ សិល្បៈខ្មែរសម័យទំនើប “តន្ត្រីបង្សុកូល” បានមកសម្តែងនៅប្រទេសកម្ពុជាជាលើកដំបូង នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីសិល្បៈខ្មែរសម័យទំនើបនេះ ជោគជ័យនៅប្រទេសចំនួន៣ ឯនាយសមុទ្រ រួមមានប្រទេស អូស្ត្រាលី ឆ្នាំ២០១៧ ទីក្រុងញ៉ូវយ៉ក និងទីក្រុង បុសស្តុន រដ្ឋ Massachusetts ក្នុងកំឡុងខែធ្នូ ឆ្នាំ២០១៧ និង នៅទីក្រុង ប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ២០១៨។
ដោយឡែកសម្រាប់ការសម្តែងក្នុងទឹកដីកំណើតរបស់ខ្លួន នឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២១,២២,២៣ ខែវិច្ឆិកា ខាងមុខនេះ នៅសាលសន្និសិទ្ធចតុមុខ។ ក្រៅពីសិល្បៈ “តន្ត្រីបង្សកូល”នៅមានសិល្បៈខ្មែរចម្រុះទម្រង់ទៀតដែលនឹងត្រូវលើកយកបង្ហាញជូនទស្សនិកជនទស្សនាក្នុងមហោស្រពសិល្បៈដើម្បីសន្តិភាព រួមមាន ចាប៉ី ស្មូត៣ជំនាន់ ល្ខោនយីកេ របាំសហសម័យ ការបញ្ចាំងភាពយន្ត ការសម្ដែងល្ខោននិយាយ រួមទាំងសិក្ខាសាលាសិល្បៈ ការតាំងពិពរ័ណ៍ កិច្ចពិភាក្សា និងកម្មវិធីជាច្រើនផ្សេងទៀត។ លោកអ្នកអាចរកទិញសំបុត្រ និងទំនាក់ទំនងពត៌មានបន្ថែមនៅគេហទំព័រ arts4peacefestival.org ឬតាមស្តង់លក់សំបុត្រនៅសារមន្ទីរជាតិ ការរិយាល័យអង្គការសិល្បៈខ្មែរអមតៈ ។