ប្រិយមិត្ដទទួលជ្រាបហើយ នាខណៈរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំបំផុតមួយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Royal du Cambodge បានប្រាប់ឱ្យដឹងថា៖”សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ”។
បន្ថែមពីលើនេះ គេហទំព័រ ហ្វេសប៊ុក Royal du Cambodge បានប្រាប់ឱ្យដឹងទៀតថា៖”ស្នាព្រះហស្តដ៏សំខាន់ និងមានតម្លៃបំផុត នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺការនាំយកនូវរបាំព្រះរាជទ្រព្យ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ គ្រាដែល ព្រះអង្គ គង់ជារដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ។ សូមថ្វាយមហាព្រះរាជកុសល”។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យក្រសួងស្ថាប័ននានា ត្រូវហូតទង់ជាតិពាក់កណ្តាលដង”។ សម្ដេចតេជោ បានមានប្រសាសន៏បន្ថែមទៀតថា៖”សម្តេចនឹងដឹកនាំប្រតិភូមិមន្ត្រីរដ្ឋាភិបាលចូលរួមកាន់ទុក្ខនៅវត្តបុទុមវត្តី នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ”៕ឭ