ការសិក្សាភាសាបរទេស ជាអ្វីដែលកំពុងពេញនិយមក្នុងពិភពលោកនាពេលបច្ចុប្បន្នដែលពោរពេញទៅដោយការទំនាក់ទំនង និងការប្រកួតប្រជែងជាលក្ខណៈសកល។ ខុសកាលពីពេលមុន ដែលប្រជាជនម្នាក់ៗសិក្សាភាសាតែមួយ តែយុវជនបច្ចុប្បន្នចាំបាច់ត្រូវការចេះភាសាច្រើនជាង1 ដោយអ្នកខ្លះចេះរហូតដល់ទៅ3 ឬ 5ភាសាក៏មាន។
មូលហេតុសំខាន់ដែលនាំឱ្យប្រជាជននាពេលបច្ចុប្បន្នគួរតែចេះភាសាឱ្យបានច្រើន ព្រោះបច្ចុប្បន្ននេះ ក្រៅពីការស្វែងយល់ភាសាជាតិឱ្យបានច្បាស់ យើងត្រូវការភាសាសកលសម្រាប់ទំនាក់ទំនង និងភាសានៃប្រទេសដែលយើងចង់រកស៊ីជាមួយសម្រាប់អ្នកធ្វើអាជីវកម្ម។ ហេតុនេះការចេះច្រើនភាសា អាចជាអាទិភាពមួយក្នុងការជំរុញឱ្យយុវជនមានប្រៀបជាងគេក្នុងការដណ្តើមទីផ្សារការងារទាំងក្នុងប្រទេស និងក្នុងតំបន់។
លោក ចេង បូរិទ្ធ អតីតសិស្សពូកែទូទាំងប្រទេស និងជាគ្រូបង្រៀនផ្នែកគណិតវិទ្យាបានលើកឡើងថា ការអានឱ្យបានច្រើន ជាវិធីសាស្ត្រយ៉ាងសំខាន់ក្នុងការស្វែងយល់ពីភាសាឱ្យបានច្បាស់លាស់។ លោកថ្លែងថា លោកជាអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រពិត ហើយក៏ធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសផ្នែកវិទ្យាសាស្ត្រដែរ តែលោកមិនដែលខកខានក្នុងការអាននោះទេ ព្រោះការអានមិនត្រឹមតែធ្វើឱ្យយើងទទួលបានព័ត៌មាន ឬប្រភពចំណេះដឹងច្រើនពីអ្នកនិពន្ធនោះទេ តែវាក៏ជាវិធីសាស្ត្រយ៉ាងសំខាន់ក្នុងការស្វែងយល់ពីភាសា។ ប្រសិនបើយើងអានសៀវភៅជាភាសាខ្មែរ យើងនឹងយល់កាន់តែច្បាស់ពីការប្រើប្រាស់ពាក្យពេចន៍ និងការរៀបឃ្លោងឃ្លារបស់អ្នកនិពន្ធ ដែលធ្វើឱ្យយើងយល់កាន់តែច្បាស់ពីភាសាជាតិ។ ប្រសិនបើយើងអានសៀវភៅបរទេសច្រើន យើងនឹងអាចយល់ពីភាសានោះកាន់តែច្រើនឡើងៗតាមរយៈការសង្កេត និងចំនួនឯកសារដែលយើងបានអាននោះ។
លោក ចេង បូរិទ្ធ បាននិយាយថា៖ “អ្នកសិក្សាភាសាជាច្រើន តែងតែចូលចិត្តទន្ទេញដើម្បីឱ្យចាំពាក្យច្រើន និងវេយ្យករណ៍ដែលគេប្រើប្រាស់ជាដើម។ ការធ្វើបែបនេះ អាចធ្វើឱ្យយើងនឿយហត់ និងឆាប់បោះបង់វាចោលទៅវិញ ព្រោះការទន្ទេញមិនប្រាកដថាធ្វើឱ្យយើងចងចាំបានរហូតនោះទេ។ វាអាចនឹងភ្លេចភ្លាំងនៅពេលដែលមានពាក្យកាន់តែច្រើនឡើងសម្រាប់ទន្ទេញ”។
អតីតសិស្សពូកែខាងលើបានលើកឡើងថា វិធីសាស្ត្រដែលអាចធ្វើឱ្យយើងចងចាំបានល្អ ហើយមិនចាំបាច់ខំប្រឹងប្រែងខ្លាំងពេកនោះ គឺការឧស្សាហ៍អានឱ្យបានច្រើន។ ការសិក្សាអំពីភាសា ថ្វីដ្បិតតែមិនមានរូបមន្ត ឬត្រូវការគណនាដូចវិទ្យាសាស្ត្រពិតក្ដី តែវាក៏ត្រូវការការអនុវត្តដូចគ្នា។ ប្រសិនបើយើងអានកាន់តែច្រើន យើងនឹងឃើញពាក្យដដែលៗនោះកាន់តែច្រើនក្នុងកម្រងពាក្យរាប់រយ-រាប់ពាន់ពាក្យនៅក្នុងអត្ថបទមួយ។ នៅពេលនោះខួរក្បាលរបស់យើងនឹងចាប់ពាក្យនោះទុក ហើយងាយស្រួលយល់ ព្រោះយើងបានស្គាល់ពាក្យមួយចំនួននៅក្នុងអត្ថបទនោះស្រាប់ហើយ ហេតុនេះល្មមៗក៏យើងអាចកាត់យល់បានដែរ។ បន្ទាប់មកទៀត នៅពេលដែលយើងឃើញវាច្រើនដងនៅក្នុងអត្ថបទផ្សេងៗគ្នា យើងនឹងចងចាំវាដោយងាយស្រួល និងមិនចាំបាច់ខំទន្ទេញដ៏គួរឱ្យធុញទ្រាន់នោះទេ។
លោក លី ដារ៉ា អ្នកនិពន្ធសៀវភៅជាភាសាអង់គ្លេសជាច្រើនចំណងជើង បានលើកឡើងថា ការសិក្សាភាសាទាមទារឱ្យមានការអនុវត្តច្រើន ហើយការអនុវត្តនោះទៀតសោតក៏ត្រូវការបរិស្ថានប្រកបដោយភាពទាក់ទាញដែរ ទើបយើងមិនស្មុគស្មាញ និងធុញទ្រាន់ជាមួយនឹងការសិក្សា។ ក្រៅពីការទន្ទេញ អ្នកសិក្សាភាសាគួរបង្កើតបរិយាកាសសិក្សាដោយការជជែក និងជ្រើសរើសយកពាក្យដែលយើងបានសិក្សាទាំងអស់នោះមកប្រើប្រាស់ក្នុងស្ថានភាពជាក់ស្តែងឱ្យបានច្រើន។ ម្យ៉ាងវិញទៀត ដើម្បីឱ្យយើងឈានទៅដល់ការស្គាល់ពាក្យថ្មីៗកាន់តែច្រើន យើងអាចជ្រើសរើសឯកសារងាយៗមួយចំនួនមកអាន ព្រោះវាអាចធ្វើឱ្យយើងងាយផ្សាំុខ្លួនជាមួយនឹងការប្រើប្រាស់ភាសានោះ។
លោក លី ដារ៉ា បាននិយាយថា៖ “ចង់សិក្សាភាសាឱ្យបានល្អ មិនចាំបាច់ដាក់សម្ពាធដល់ខ្លួនឯងពេកទេ តែទាមទារឱ្យមានការយកចិត្តទុកដាក់អនុវត្ត ព្រមទាំងត្រូវការពេលវេលាបន្តិចម្តងៗរហូតដល់យើងអាចប្រើប្រាស់វាបានដោយរលូន”។
អ្នកនិពន្ធខាងលើ ពន្យល់ថា ប្រសិនបើយើងចង់បង្កើតទម្លាប់អានដើម្បីស្វែងយល់ពីភាសាឱ្យបានច្រើន យើងគួរកុំចាប់អារម្មណ៍ខ្លាំងពេកទៅលើប្រភេទសៀវភៅ ឬជ្រើសរើសសៀវភៅណាដែលឆ្ងាយពីការរស់នៅរបស់យើងខ្លាំងពេកនៅពេលដំបូង។
អ្នកអានគួរស្វែងរកប្រភេទសៀវភៅណាដែលយើងចូលចិត្ត ដូចជាការមើលកម្សាន្ត ឬស្វែងរកប្រភេទអត្ថបទងាយៗ និងជក់ចិត្តជាមុនសិន។ បន្ទាប់មកទើបចាប់ផ្តើមងាកមកអានអត្ថបទទាំងឡាយណាដែលយើងគិតថា វាជាប់ពាក់ព័ន្ធនឹងការរស់នៅរបស់យើង ឬពាក់ព័ន្ធនឹងការងារ ក៏ដូចជាការសិក្សាជាដើម។ នៅពេលយើងមានទម្លាប់នៃការអានល្អហើយ យើងនឹងចាប់ផ្តើមជក់ចិត្តក្នុងការអាន ហើយបន្តិចម្តងៗចំណេះដឹងដែលយើងទទួលបានក៏នឹងអភិវឌ្ឍប្រសើរឡើងដោយមិនដឹងខ្លួន។ 1ឆ្នាំ ឬ2ឆ្នាំក្រោយ យើងនឹងដឹងថា សមត្ថភាពខាងភាសារបស់យើងនឹងអភិវឌ្ឍប្លែកដោយមិនបាច់បង្ខំ៕