មុនការប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងកុង លោក Félix Dalmas បានបញ្ជាក់ថា លោកចង់ពង្រឹង សៀង ចន្ធា នៅតំបន់ប្រយុទ្ធទល់នឹងក្រុមខ្លាំងៗ ដោយលោកមានផែនការដាក់ សៀង ចន្ធា ឱ្យលេងទល់នឹងខ្សែការពារក្រុមខ្លាំងៗ ជាពិសេសជាមួយនឹងកីឡាករបរទេសរបស់ហុងកុង ហើយនេះក៏ជាការត្រៀមខ្លួនរបស់គេសម្រាប់ស៊ីហ្គេមផងដែរ ដោយសារស៊ីហ្គេមនឹងមានកីឡាករលើសអាយុ 2រូបអាចចូលរួមបាន ដូចនេះអាចជាខ្សែការពារច្រើនជាង។
គួររំឭកដែរថា កាលពីជើងទី1 កម្ពុជាធ្វើបានត្រឹមស្មើក្រុមបាល់ទាត់ជម្រើសជាតិហុងកុង បើទោះបីជាមានឱកាសច្រើនជាង និងស៊ុតបានជាច្រើនជើងក៏ដោយ ក្នុងនោះ សៀង ចន្ធា ត្រូវបានប្តូរចូល ហើយបានញាក់ដាច់ខ្សែការពារហុងកុង និងស៊ុតបានល្អៗជាច្រើនជើងទៀតផង។
ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 រវាងក្រុមបាល់ទាត់ជម្រើសជាតិហុងកុង និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី19 វិច្ឆិកា ឆ្នាំ2019 ស្អែកនេះ នៅវេលាម៉ោង 7យប់ (ម៉ោងនៅកម្ពុជា) នៅឯពហុកីឡដ្ឋានហុងកុង៕