បទ «ក្រហម» បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីយុវវ័យជាច្រើន បទនេះគេឃើញមានតារាសម្ដែងស្រីពីរដួងបានបញ្ចេញកាយវិការសម្ដែងមានភាពទាក់ទាញយ៉ាងខ្លាំងក្នុងនោះ ក៏មានកញ្ញាណាងហ្វាម្នាក់ដែរដែលគេបានមើលឃើញពីទេពកោសល្យរបស់នាង។
បើទោះជាកញ្ញា ណាងហ្វា ទើបតែទទួលបានការគាំទ្រពីយុវវ័យក្នុងបទ «ក្រហម» ក៏ពិតមែន ប៉ុន្ដែនាងមិនមែនជាតារាដែលទើបចាប់អាជីពសិល្បៈថ្មីថ្មោងនោះទេ ពោលគឺនាងបានចូលប្រឡូកក្នុងវិថីសិល្បៈជាយូរមកហើយ។
កញ្ញាណាងហ្វា បានប្រាប់ថា នាងជាតារាសម្ដែងយូរមកហើយ បទពិសោធក្នុងការសម្ដែងក៏មានស្រាប់ដែរ ដូច្នេះការសម្ដែងក្នុងបទនេះពុំមានការលំបាកច្រើនសម្រាប់នាងទេ។ បើទោះជានាងជាតារាសម្ដែងបាត់មុខមួយរយៈធំក្ដី តែមុនពេលនាងទទួលយកការសម្ដែងក្នុងបទនេះ នាងមានក្ដីរំពឹងជាស្រេចថា នាងនឹងអាចទទួលបានការគាំទ្រពីមហាជន។
មានពាក្យសរសើរជាច្រើន ក៏ដូចជាមានការលើកឡើងពីមជ្ឈដ្ឋានខាងក្រៅដែរថា ក្នុងបទ «ក្រហម» កញ្ញាណាងហ្វាបានបញ្ចេញទេពកោសល្យសម្ដែងយ៉ាងខ្លាំង ពិសេសកាយវិការរាំដ៏សិចស៊ីរបស់នាងបង្អួតទៅអ្នកទស្សនា ដើម្បីទទួលបានចំណាប់អារម្មណ៍ ហើយជាជាក់ស្ដែងនាងធ្វើបានពិតមែន។ ទោះយ៉ាងណាណាងហ្វាបានបញ្ជាក់ថា៖ «ការពិតទៅបទនេះពុំមានអ្វីសិចស៊ីច្រើនទេ គ្រាន់តែទាមទារឱ្យយើងយល់ពីបទចម្រៀង និងដាក់អារម្មណ៍សម្ដែងបន្ដិចប៉ុណ្ណោះ។ កាលពីពេលមុនខ្ញុំក៏ជាតារាម្នាក់អ្នកនិយមស្លៀកសិចស៊ីដែរ ដូច្នេះខ្ញុំគិតថា សម្ដែងប៉ុណ្ណឹងមិនទាន់សិចស៊ីពេកទេ»។
កញ្ញាណាងហ្វាបានបន្ដថា ដោយសារតែរូបរាងអំណោយផលទៅលើការសម្ដែងផ្នែកសិចស៊ី ទើបធ្វើឱ្យនាងតែងតែទទួលបានតំណែងជាតួអង្គបែបសិចស៊ីច្រើន។ ដូចជារឿង«ជីវិតនាងរចនា»ក៏ត្រូវអ្នកដឹកនាំរឿងតម្រូវឱ្យសម្ដែងជាតួអង្គអ្នកមានវ័យក្មេងចូលចិត្ដលេងល្បែងស្នេហាដែរ។
ទោះយ៉ាងណា តារាសម្ដែងរូបនេះពុំបានព្រួយបារម្ភពីការវាយតម្លៃរបស់មហាជនទៅលើចរិតឫកពារបស់នាងនោះទេ ដោយនាងបញ្ជាក់ថា៖ «ខ្ញុំមិនដែលខ្វល់ពីការនិយាយអ្វីឡើយ ព្រោះវាជាសិល្បៈ។ ពិសេសរឿងផ្ទាល់ខ្លួន ខ្ញុំមិនដែលគិតខ្លាចពេលគេឃើញការសម្ដែងរបស់ខ្ញុំ គិតថាខ្ញុំមានចរិតខាងក្រៅដូចនឹងការសម្ដែង ឬគ្មានអ្នកស្រឡាញ់នោះទេ គឺខ្ញុំអត់ខ្វល់ទេ ព្រោះសព្វថ្ងៃក៏មានអ្នកស្រឡាញ់ច្រើនដែរ ផ្ទុយទៅវិញ គឺរូបខ្ញុំទេដែលជាអ្នកមិនចង់គិតពីរឿងនេះ ព្រោះខ្ញុំចង់ទុកពេលវេលារកស៊ី និងប្រឡូកការងារសិល្បៈឱ្យទទួលបានភាពល្បីល្បាញជាមុនសិនទើបប្រសើរជាង»៕