ជើងហោះហើរដ៏ខ្លីបំផុតក្នុងពិភពលោកនោះគឺ ការហោះហើររវាងកោះ Westray និងកោះ Papa Westray ដែលស្ថិតនៅប៉ែកខាងជើងរបស់ប្រទេសស្កុតលែនដ៍ ដែលមានរយៈចម្ងាយឆ្ងាយពីគ្នាប្រមាណ 2,7គីឡូម៉ែត្រប៉ុណ្ណោះ តែដោយសារវាជាតំបន់ឆកសមុទ្រ តូចចង្អៀត និងហាក់ដូចជាមានទឹករាក់ និងពោរពេញទៅដោយផ្កាថ្មធំៗ និងថ្មមុតស្រួចទាំងផ្ទាំងៗផងនោះ ជាហេតុធ្វើឱ្យពិបាកក្នុងការឆ្លងដោយការជិះទូក។
មូលហេតុខាងលើនេះហើយ ទើបត្រូវឆ្លងទៅរកគ្នា ទៅវិញទៅមក ដោយការជិះយន្តហោះជំនួសវិញ និងត្រូវចំណាយពេលធ្វើដំណើរត្រឹមតែ 47វិនាទីប៉ុណ្ណោះ (សូមបញ្ជាក់ម្តងទៀត ត្រឹមតែ 47វិនាទីប៉ុណ្ណោះ) សម្រាប់ថ្ងៃដែលផ្ទៃមេឃ និងធាតុអាកាសល្អ និងអាចត្រូវចំណាយពេលវេលាកើនឡើងទៅជា 2នាទី ក្នុងករណីដែលផ្ទៃមេឃមានភ្លៀងព្យុះធ្លាក់។
យ៉ាងណាក៏ដោយ បើនរណាគិតចង់ធ្វើដំណើរឆ្លងកោះដោយជើងហោះហើរមួយនេះ ប្រហែលជាត្រូវពិនិត្យមើលកាលវិភាគការហោះហើរឱ្យបានច្បាស់បន្តិចហើយ ព្រោះទោះវាជាជើងហោះហើរតែមួយគត់ដែលបម្រើសេវាកម្មនៅក្នុងតំបន់នេះមកតាំងពីឆ្នាំ1960 មែន តែក៏ហោះហើរដឹកអ្នកដំណើរត្រឹមតែ 2-3ជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍៕