នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ភាពយន្តខ្នាតធំរឿង«នាឡិកាដាស់វិញ្ញាណ» បានរៀបចំពិធីចាក់បញ្ចាំងឱ្យផលិតករ និងអ្នកសារព័ត៍មានទស្សនាមុនបញ្ចាំងជាផ្លូវការ ដែលជាភាពយន្តនេះបានបណ្តាក់ទុនផលិតទ្រង់ទ្រាយធំលើកដំបូងរបស់ផលិតកម្ម LD Picture និងទទួលការសាទរជាខ្លាំងពីសំណាក់ក្រុមផលិតករខ្មែរ ព្រោះតែភាពយន្តនេះមានកម្រិតស្ដង់ដារអន្តរជាតិ។
ភាពយន្តបែបរន្ធត់មួយនេះ គ្រោងត្រៀមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តតែម្ដងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា នេះតទៅ។ ក្រៅពីការចាក់បញ្ចាំងនៅកម្ពុជាភាពយន្តដែលមានគុណភាពមួយនេះក៏ត្រៀមខ្លួនចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តអន្តរជាតិយ៉ាងតិច៦ប្រទេសក្នុងតំបន់អាស៊ាន ផងដែរ។ ជាការភ្ញាក់ផ្អើល និងសាទរចំពោះផលិតករកម្ពុជា ដែលបានសម្រិតសម្រាំងស្នាដៃពិសេសរហូតបណ្តារោងភាពយន្តជាច្រើនប្រទេសមានការចាប់អារម្មណ៍ បើទ្វារស្វាគមន៍ភាពយន្តរបស់កម្ពុជា។
ថ្លែងក្នុងកម្មវិធីសនិសីទសារព័ត៌មួយកាលពីរាត្រីថ្ងៃទី ១៥ ខែវិច្ឆិកានេះ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា កន្លងមកផលិតកម្មលោកបាន ផលិតភាពយន្តប្រមាណជិត៣០រឿងរួចមកហើយ ដែលភាគច្រើនទទួលបានជោគជ័យលើទីផ្សារក្នុងស្រុកខ្លាំង ហើយលោកបានសន្សំថវិកាដែលទទួលបានពីការផលិតភាពយន្តកន្លងមកមក បណ្តាក់ទុនផលិតភាពយន្តខ្នាតធំលើកដំបូងសម្រាប់ផលិតកម្មលោកឡើង។ លោកថា ចាយពេលក្នុងការផលិតសរុបរយៈពេលជាងមួយឆ្នាំ ភាពយន្តនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសដើម្បីគុណភាពខ្ពស់មួយដើម្បីចូលរួមប្រកួតប្រជែងទីផ្សារក្រៅស្រុក។ លោកលើកឡើងថា ភាពយន្តនេះនឹងចាកបញ្ចាំងនៅរោងភាពយន្តនៃបណ្តាប្រទេសក្នុងតំបន់ ដូចជា ប្រទេស ថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រ៊ុយណេ ជាដើម ហើយក៏មានបណ្តាប្រទេសមួយចំនួនទៀតបាននឹងកំពុងស្ថិតក្នុងការចចារនៅឡើយ។
លោកថា ចាយទុនជាង៤០ម៉ឺនដុល្លារអាមេរិក បើពឹងលើចំណូលក្នុងស្រុកគឺនឹងខាតច្រើន ហើយការចេញចាក់បញ្ចាំងនៅលើទីផ្សារក្រៅស្រុកពេលនេះក៏លោកនៅរងចាំលទ្ធផលនៅឡើយ។ លោកបន្តថា ឱកាសនេះគឺជាការបើកផ្លូវមួយសម្រាប់ផលិតករក្នុងស្រុកដ៏ទៃទៀតដែលចង់បានបទពិសោធន៍ថ្មីលើទីផ្សារក្នុងស្រុក ដែលលោកថាបើទោះបីជាខាតបង់ច្រើនលើការផលិតនេះលោកនឹងនៅតែបន្តចិញ្ចឹមចិត្តបន្តផលិតភាពយន្តថ្មីខ្នាតធំមានគុណភាពប្រកួតប្រជែងលើទីផ្សារក្នុងតំបន់ តាមរយៈការសន្សំថវិកាចំណេញពីការផលិតភាពយន្តបន្តទៀត៕