បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ មនុស្សជាច្រើនគិតថា យើងត្រូវតែប្រញាប់មានកូន(ឱ្យដូចអ្នកឯទៀត) តែ… តើអ្នកមានបានសួរខ្លួនឯងហើយឬនៅថា ពេលនេះអ្នកចង់បានបុត្រ តើអ្នកមានបានត្រៀមខ្លួនរួចរាល់ហើយឬ? ជួនកាលការមានបុត្រ អាចមិនមែនជាអ្វីដែលអ្នកចង់បាននៅពេលនេះក៏អាចថាបានដែរ ព្រោះវាមានបច្ច័យសំខាន់ផ្សេងៗទៀតជា-ច្រើន ដែលអ្នកគួរតែគិតដល់ មុនពេលអ្នកចង់មានបុត្រ…។ខាងក្រោមនេះគឺ 7វិធីក្នុងការពិនិត្យមើលខ្លួនឯងថា តើយើងត្រៀមខ្លួនសម្រាប់ការមានបុត្ររួចរាល់ហើយមែនឬ?
1. រឿងលុយកាក់រឿងលុយកាក់ជាបច្ច័យសំខាន់មួយសម្រាប់អ្នកដែលគិតចង់មានបុត្រ ព្រោះការចិញ្ចឹមកូន មានន័យថា អ្នកត្រូវមានការចំណាយកើនឡើងទៀតជាច្រើន មិនថាតែថ្លៃមើលថែទាំខ្លួនពេលមានគភ៌ ថ្លៃប្រសូត្រ ថ្លៃចិញ្ចឹមមើលថែទាំកូនតូច រហូតទៅដល់ថ្លៃរៀនសូត្ររបស់កូន ថ្លៃហូបចុក ថ្លៃរបស់របរប្រើប្រាស់ និងថែមទាំងត្រូវមានថ្លៃថែទាំព្យាបាលជំងឺដង្កាត់ផ្សេងៗទៀតផង។ បែបនេះ បើសិនជាមិនបានត្រៀមខ្លួនឱ្យបានសព្វគ្រប់ទេនោះ ប្រហែលជាមិនអាចចិញ្ចឹមមើលថែកូនបានយ៉ាងល្អប្រសើរនោះឡើយ។ ដូច្នេះគួររង់ចាំឱ្យស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នកមានភាពស្ថិតស្ថេររឹងមាំជាមុនសិន ដើម្បីអនាគតដ៏ល្អរបស់កូនទៅថ្ងៃមុខ។
2. ភាពស៊ូទ្រាំបើអ្នកនៅក្មេងសេចក្តី នៅមិនទាន់ស្គាល់ភាពស៊ូទ្រាំ លះបង់ទេនោះ ប្រហែលជាមិនទាន់អាចមានបុត្រនៅពេលនោះបានទេ ព្រោះការចិញ្ចឹមមើលថែបុត្រ វាពិតជាលំបាកខ្លាំងណាស់ ណាមួយត្រូវពពោះដ៏ធ្ងន់ដល់ទៅ 9ខែ ហើយនៅត្រូវភ្ញាក់មកបំបៅដោះកូននៅពេលយប់ ហើយថែមទាំងពេលកូនធំឡើងនៅត្រូវអត់ទ្រាំនឹងនិស្ស័យប្រកែកតវ៉ារបស់កូននោះទៀត ដូច្នេះហើយទើបការមានបុត្រ គួរតែទទួលយកនៅពេលដែលអ្នកមានភាពចាស់ទុំ ល្មមអាចនឹងស៊ូទ្រាំជាមួយនឹងរឿងទាំងអស់នោះបានជាមុនសិន ទើបជាការល្អ។
3. វ័យក្រៅពីចិត្តគំនិតដែលត្រូវតែចាស់ទុំហើយនោះ រឿងរបស់អាយុ ឬវ័យក៏ពាក់ព័ន្ធដែរ ព្រោះបើស្ថិតនៅក្នុងវ័យជំទង់ ហើយមានបុត្រទាំងមិនទាន់មានការមានងារធ្វើដើម្បីចិញ្ចឹមកូន និងគ្មានពេលវេលាគ្រប់គ្រាន់ ដោយសារតែត្រូវនៅរៀនសូត្រផងនោះ ការចិញ្ចឹមមើលថែទាំកូនប្រហែលជានឹងរឹតតែលំបាកឡើងទៀតទ្វេដងមិនខាន ដូច្នេះហើយចូរជ្រើសរើសមានបុត្រនៅក្នុងវ័យកណ្តាល ឬនៅអំឡុងវ័យជាង20ឆ្នាំក្រាស់ ទើបជាការប្រសើរបំផុត។
4. តើគេ(គូស្នេហ៍ ឬស្វាមី) គឺពិតជាមនុស្សដែលអ្នកត្រូវការមែនឬ?រវាងការនៅជាគូស្នេហ៍ ជាមួយនឹងការក្លាយជាស្វាមី-ភរិយានឹងគ្នា វាជារឿងមួយដាច់ដោយឡែក និងផ្សេងពីគ្នា ព្រោះជួនកាលតឱ្យអ្នកទាំង2 សេពគប់គ្នាយ៉ាងល្អប្រពៃ និងផ្អែមល្ហែមប៉ុនណាក៏ដោយ តែដល់ពេលមករួមរស់នៅជាមួយគ្នាមែនទែននោះ អាចនឹងមិនសូវជាចុះសម្រុងនឹងគ្នាប៉ុន្មានក៏អាចថាបានដែរ។ ព្រោះថា មនុស្សយើងនឹងបានមើលឃើញពីអត្តចរិត និស្ស័យពិតរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់ ក៏នៅពេលដែលបានមករស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នាហ្នឹងឯង…។ ដូច្នេះពេលនោះ បើសិនជាអ្នកមានបុត្រជាមួយគ្នា វាអាចនឹងធ្វើឱ្យការលែងលះគ្នាមានភាពពិបាកខ្លាំងឡើង ឬអាចនឹងធ្វើឱ្យកូនក្លាយជាក្មេងមានបញ្ហាទៅថ្ងៃមុខបាន។
5. នៅមិនទាន់បានប្រើប្រាស់ជីវិតរបស់ខ្លួនឯងឱ្យអស់ដៃនៅឡើយពេលមានបុត្រហើយ អ្នកត្រូវលះបង់ពេលវេលា រួមទាំងលុយកាក់ប្រាក់កាសដល់កូនៗ រហូតស្ទើរតែលែងបានធ្វើអ្វីសម្រាប់ខ្លួនឯងសោះតែម្ដងក៏អាចថាបានដែរ។ ដូច្នេះហើយ ពេលដែលមិនបានធ្វើអ្វីៗដែលខ្លួនធ្លាប់បាននឹកស្រមៃថា ចង់ធ្វើកាលពីមុនមកនោះ អ្នកអាចនឹងត្រូវសោកស្តាយនៅពេលក្រោយ ហើយបើរង់ចាំឱ្យកូនធំៗអស់សិន សឹមធ្វើរឿងដែលអ្នកចង់ធ្វើនោះ ពេលនោះអ្នកអាចនឹងមានអាយុច្រើន រាងកាយចុះទន់ខ្សោយ និងលែងអាចធ្វើបានទៀតហើយក៏អាចថាបានដែរ…។ ដល់ពេលនោះអ្នកប្រហែលជានឹកស្តាយក្រោយខ្លាំងណាស់មែនទេ?
6. មុខតំណែង តួនាទីការងាររឿងមួយនេះ គឺជារឿងល្អិតល្អន់មួយដែលអ្នកត្រូវប្រើពេលវេលាគិតគូរឱ្យបានយូរបន្តិច ដោយសារតែការងារខ្លះ ពេលមានបុត្រហើយអ្នកប្រហែលជាមិនអាចធ្វើបានតទៅទៀតទេ។ ដូច្នេះអ្នកគួរសួរខ្លួនឯងមុននឹងសម្រេចចិត្តយកបុត្រជាមុនសិនថា តើអ្នកគិតចង់ធ្វើអ្វីតទៅទៀត? សុំឈប់ធ្វើការមកធ្វើជាមេផ្ទះដើម្បីចិញ្ចឹមមើលថែកូន? ឬក៏ធ្វើការផង ចិញ្ចឹមកូនផង?
7. ផ្ទះសំបែងក៏ត្រូវត្រៀមទុកជាមុនឱ្យរួចជាស្រេចដែរសាកល្បងពិនិត្យមើលថា តើពេលនេះផ្ទះ ឬកន្លែងរស់នៅរបស់អ្នក មានទីកន្លែងច្រើនគ្រប់គ្រាន់សម្រាប់ចិញ្ចឹមថែទាំកូនហើយឬនៅ? បើមានត្រឹមតែបន្ទប់គេងធំតែមួយសម្រាប់អ្នក និងស្វាមី(ឬភរិយា)នោះ ក៏សូមកុំអាលគិតចង់បានកូនអីល្អជាង… ព្រោះថា ពេលកូននៅតូច កូនអាចគេងក្នុងបន្ទប់ជាមួយគ្នាបាន តែដល់ពេលគេធំឡើងបន្តិច យ៉ាងណាៗកូនៗក៏ត្រូវតែចង់បានបន្ទប់ផ្ទាល់ខ្លួនរបស់គេ ដើម្បីបំពេញធុរៈ ឬរៀនសូត្រតែឯងស្ងាត់ៗដែរ… ដល់ពេលនោះ តើអ្នកគិតយ៉ាងម៉េច?