បុប្ផាស្រស់ៗជាវត្ថុជាទីស្រឡាញ់របស់មនុស្សជាច្រើន ក្រៅពីភាពស្រស់ស្អាតហើយ ផ្កាស្រស់នៅអាចជួយធ្វើឱ្យសុខភាពអ្នកកាន់តែល្អប្រសើរឡើងបានទៀតផង… តើមានផ្កាអ្វីខ្លះ និងពណ៌អ្វីខ្លះដែលជួយដល់សុខភាពទាំងកាយ និងចិត្តរបស់មនុស្សខ្លះ? សូមប្រិយមិត្តអ្នកអានតាមដានជាមួយនឹងអត្តបទខាងក្រោមនេះទាំងអស់គ្នាដូចតទៅ ៖
ផ្កាពណ៌ក្រហម ស ផ្កាឈូក… ផ្កាកុលាប
ទោះជាមានបន្លាមុតស្រួចមែន តែកុលាបក៏មានពណ៌ស្រស់ស្អាតជាច្រើនដែរ ទាំងពណ៌ក្រហម ស ផ្កាឈូក និងពណ៍លឿងទៀតផង ដែលផ្កាកុលាបពណ៌នីមួយៗសុទ្ធតែធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយមិនចេះធុញទ្រាន់ទាំងអស់ ក្រៅពីនេះ ក្លិនរបស់កុលាបនៅអាចជួយគ្រប់គ្រងកម្រិតអ័រម៉ូនភេទស្រីបានទៀតផង ព្រោះក្លិនរបស់ផ្កាកុលាបមានចំណែកពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជរបស់មនុស្សស្រី រួមទាំងជាចំណែកផ្សំមួយនៅក្នុងគ្រឿងសម្អាង ដែលច្រើនឃើញមាននៅក្នុងគ្រីមថែបំប៉នស្បែក លុបបំបាត់ស្លាកស្នាម ជួយឱ្យស្បែកឡើងតឹង និងធ្វើឱ្យសរសៃឈាមរឹងមាំទៀតផង។
ផ្កាពណ៌ស… ផ្កាម្លិះ
ផ្កាពណ៌សបរិសុទ្ធ ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ សប្បាយចិត្ត ក្លិនក្រអូបត្រជាក់ ជួយប្រឆាំងអាការសោកសៅ ធ្វើឱ្យផ្លូវចិត្តរីករាយស្រស់ស្រាយ។ ក្រៅពីនេះ ផ្កាម្លិះនៅត្រូវបានគេប្រើប្រាស់ក្នុងការផលិតជាទឹកអប់ដែលប្រកបដោយក្លិនក្រអូបរំ-ជួលចិត្ត និងត្រូវបានគេនិយមប្រើប្រាស់ក្នុងរូបភាពជាផលិតផលបង្កើនសម្រស់សម្រាប់មនុស្សស្បែកស្ងួតទៀតផង។
ផ្កាពណ៌ក្រហម ផ្កាឈូក… ផ្កាជើរ៉ានៀម (Geranium)
ពណ៌ក្រហម ពណ៌ផ្កាឈូក ជួយបង្កើនបរិយាកាសឱ្យស្រស់ថ្លា និងគួរឱ្យថ្នាក់ថ្នម។ ទឹកប្រេងក្រអូបហើរតាមខ្យល់ ដែលចម្រាញ់ចេញពីក្លិនផ្កា ជើរ៉ានៀមនេះ មានគុណសម្បត្តិជួយធ្វើឱ្យមនុស្សយើងមានអារម្មណ៍នឹងនរ ត្រជាក់ និងជាចំណែកផ្សំសំខាន់មួយដែលគេតែងឃើញនៅក្នុងសាប៊ូ ឡេ គ្រីម និងទឹកអប់ទៀតផង។ ផលិតផលរបស់ផ្កាជើរ៉ានៀមនេះ ត្រូវនឹងស្បែកមនុស្សស្រីគ្រប់ប្រភេទ។
ផ្កាពណ៌ស្វាយ… ផ្កាឡាវេនឌើរ៍ (Lavender)
គឺជាពណ៌ស្វាយមួយដែលមើលទៅមិនសៅហ្មង តែបែរជាផ្តល់នូវអារម្មណ៍សប្បាយៗ និងរ៉ូមែនទិកបន្តិចៗទៀតផង។ ក្លិនក្រអូបរបស់ផ្កា ឡាវេនឌើរ៍ ជួយធ្វើឱ្យផ្លូវចិត្តនឹងនរ ស្ងប់ត្រជាក់ មានគុណសម្បត្តិជួយកាត់បន្ថយភាពធុញថប់តានតឹងក្នុងអារម្មណ៍ និងបន្ធូរអាការឈឺក្បាល ជួយឱ្យគេងលក់ស្រួល និងត្រូវបានគេនិយមយកទៅប្រើនៅក្នុងផលិតផលរក្សាសម្ផស្ស ជួយឱ្យស្បែកនៅក្មេងសខ្ចី និងថែមទាំងប្រើក្នុងការព្យាបាលជំងឺរលាកស្បែក និងជាថ្នាំព្យាបាលមុនបានទៀតផង។
ផ្កាពណ៌លឿងទឹកមាស… ផ្កាស្បៃរឿង
ពណ៌លឿងច្រាល សម្លឹងឃើញហើយធ្វើឱ្យភាពធុញថប់តានតឹងក្នុងអារម្មណ៍ថយចុះភ្លាមតែម្ដង។ សារធាតុដែលចម្រាញ់បានពីផ្កាស្បៃរឿង (សារធាតុ ខាលេនឌូឡា Calendula) ជួយកែបញ្ហាស្បែក ដូចជា ជំងឺរលាកស្បែក ស្លាកស្នាម និងស្បែកស្ងួតប្រេះ ជាដើម។ ស្រទាប់ផ្កាស្បៃរឿងអាចប្រើប្រាស់ធ្វើជាថ្នាំលាងភ្នែក ហើយក្លិនក្រអូបឈួលរបស់វាធ្វើឱ្យបរិយាកាសក្នុងផ្ទះស្រស់ថ្លា ប្រឆាំងនឹងថាមពលដែលចេញពីកុំព្យូទ័រ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងរាងកាយបានទៀតផង ។
ផ្កាពណ៌លឿងស្រាល… ផ្កាក្តាំងងា
ស្រទាប់ផ្កាមើលទៅទន់ម៉ដ្ឋខៃ គួរឱ្យស្រឡាញ់ មានពណ៌លឿងស្រាលគួរឱ្យគយគន់។ ក្លិនរបស់វាជួយធ្វើឱ្យរាងកាយផលិតសារធាតុ សេរ៉ូថូនិន (Serotonin) ដែលជាសារធាតុគីមីក្នុងខួរក្បាលដ៏សំខាន់បំផុត ធ្វើឱ្យមានសេចក្តីសុខ អារម្មណ៍ស្ងប់ស្ងាត់ មិនវិលវល់ បន្ធូរភាពនឿយល្វើយ ជួយឱ្យខួរក្បាលធ្វើការបានល្អ ការពាររោគម៉ៃក្រេន និងរោគធុញថប់បាន។គ្រាន់តែចេះជ្រើសរើសប្រើពណ៌ស្អាតៗ និងក្លិនក្រអូបៗរបស់ផ្កាស្រស់ ក៏អាចជួយឱ្យអ្នកនាងកញ្ញាទាំងឡាយបានធូរស្រាលអារម្មណ៍ និងមានសុខភាពល្អទាំងកាយ និងចិត្តបានដែរ។
…ទាំងស្អាត ទាំងល្អបែបនេះ តើឱ្យទប់ចិត្តមិនលង់ស្នេហ៍បុប្ផាទាំងនោះម្ដេចនឹងបានទៅ…មែនទេមិត្តអ្នកអាន?