ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេល 5ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន 2.3លាននាក់ កើនឡើង 12ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី6 កក្កដានេះថា ក្នុងចំណោមប្រទេសទាំង10 ដែលមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេ មានប្រទេសខ្លះធ្លាក់ចុះ ប្រទេសខ្លះកើនឡើង ប៉ុន្តែភ្ញៀវទេសចរមកពីប្រទេសចិន និងអឺរ៉ុបកើនឡើង ហើយភ្ញៀវទេសចរវៀតណាមបានធ្លាក់មកនៅចំណាត់ថ្នាក់ទី2 បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ 1ជាច្រើនឆ្នាំ។ លោកបន្តថា នៅឆ្នាំនេះកម្ពុជាទទួលបានអាកាសចរណ៍ថ្មីៗដែលបានភ្ជាប់ជើងហោះហើរត្រង់មកម្ពុជា និងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗជាច្រើនទៀតកំពុងត្រៀមហោះមកកាន់កម្ពុជា។
ជាក់ស្តែងនៅដើមឆ្នាំនេះ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា Air Asia, Amirate Airline, Malindo Airline និងក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួនទៀតបានហោះមកកម្ពុជា។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា “ការមកដល់របស់អាកាសចរណ៍កាន់តែច្រើន គឺកាន់តែល្អសម្រាប់កម្ពុជា ព្រោះការមកដល់របស់អាកាសចរណ៍ថ្មីៗជាការនាំមកនូវភាពរីកចម្រើនសម្រាប់កម្ពុជា”។
ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាលោក ធួន ស៊ីណាន បានថ្លែងថា លោកយល់ស្របនឹងកំណើនដែលបញ្ចេញដោយក្រសួងទេសចរណ៍នេះ ដោយសារការមកដល់របស់ភ្ញៀវទេសចរចិនពិតជាមានកំណើនខ្ពស់ និងកំណើនភ្ញៀវមកពីបណ្តាប្រទេសដទៃទៀតផងដែរ ប៉ុន្តែកំណើនភ្ញៀវអឺរ៉ុប លោកមិនសូវមានសុទិដ្ឋិនិយមប៉ុន្មានទេ។ លោកបន្តថា មានការលើកឡើងពីក្រុមហ៊ុនទេសចរណ៍ និងសណ្ឋាគារថា មានការបាត់បង់ភ្ញៀវ ប៉ុន្តែលោកយល់ថា វាមិនមានអ្វីប្លែកទេ ព្រោះបាត់ពីក្រុមហ៊ុនមួយអាចទៅកើននៅក្រុមហ៊ុនមួយទៀត៕