យោងតាមលទ្ធផលនៃការចាប់ឆ្នោត ដែលធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី15 ខែតុលា ឆ្នាំ2019 នេះបានបង្ហាញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម 22ឆ្នាំ នឹងស្ថិតនៅក្នុងពូល A ជាមួយប្រទេសខ្លាំងៗចំនួន4 ដែលមានដូចជា ម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ដោយឡែកពូល B វិញ រួមមាន ថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និងប្រ៊ុយណេ។
ក្នុងនោះដែរ កីឡាករជម្រើសជាតិឈុតធំកម្ពុជា គួច សុកុម្ភៈ និងអ្នកចាំទីរបស់ក្រុមបាល់ទាត់ក្រសួងការពារជាតិ អ៊ុំ វិចិត្រ ត្រូវបានជ្រើសតាំងឱ្យក្លាយទៅជាគ្រូបង្វឹកជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 22ឆ្នាំ ដែលត្រូវត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម – SEA Games ) លើកទី30 នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា ឆ្នាំ2019 ខាងមុខនេះ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី30 នៅប្រទេសហ្វីលីពីននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី30 ខែវិច្ឆិកា ដល់ថ្ងៃទី11 ខែធ្នូ ឆ្នាំ2019 ជាមួយនឹង 523វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន56 ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមមុនពិធីបើកផ្លូវការមកដល់ ពោលគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី25 ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី10 ខែធ្នូ៕