រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិកានៅក្នុងឆ្នាំ2020ខាងមុខនេះសរុបប្រមាណ33,339,633លានរៀល ;ដែលស្មើនឹងប្រមាណជា 8,223លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះបើធៀបនឹងឆ្នាំ2019 មានប្រមាណជា 28.01%នៃផសស (GDP) និងកើនឡើង22.7%។ នេះបើតាមខ្លឹមសារនៃសេចក្ដីសង្ខេបប្រតិបត្តិ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងរដ្ឋឆ្នាំ2020” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គេនៅមិនទាន់ដឹងថា តើការបង្កើនការចំណាយសម្រាប់ការចំណាយបន្ទាន់នេះនឹងរួមចំណែកដល់កញ្ចប់ថវិកាសារពើពន្ធដែលធនាគារពិភពលោកបានព្យាករថានឹងត្រូវបានណែនាំនោះទេ ប្រសិនបើសហភាពអឺរ៉ុបសម្រេចចិត្តដកកម្ពុជាចេញពីប្រព័ន្ធពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA នៅក្នុងខែកុម្ភៈឆ្នាំក្រោយ។ កាលពីដើមខែនេះធនាគារពិភពលោកបានអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំកញ្ចប់ជំរុញសេដ្ឋកិច្ចរហូតដល់ 3%នៃផលិតផលក្នុងស្រុកសរុប។ការកើនឡើងតិចតួចនៃគម្រោងចំណាយនេះត្រូវបានគេរំពឹងថា នឹងកើតមាននៅគ្រប់ផ្នែកទាំងអស់នៃថវិកាចំពោះរដ្ឋបាលទូទៅ ដែលមានក្រសួង និងស្ថាប័នចំនួន15 រួមទាំងរដ្ឋសភា ព្រឹទ្ធសភា និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវបានគេមើលឃើញថា នឹងមានការកើនឡើងបន្តិចបន្តួចចាប់ពីឆ្នាំ2019ពី 615លានដុល្លារ ដល់ប្រហែល 628លានដុល្លារសម្រាប់ឆ្នាំ2020 ។
វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានកំណត់នឹងទទួលបានជិត 1.2ពាន់លានដុល្លារនៅឆ្នាំក្រោយ ប្រសិនបើសេចក្តីព្រាងថវិកាត្រូវបានអនុម័ត ដោយកើនឡើងពី 1.1ពាន់លានដុល្លារនៅឆ្នាំនេះ ដែលនឹងត្រូវចែកជា4 នៃផ្នែកការពារជាតិ ប្រហែលជា 630លានដុល្លារ។
ស្ថាប័ន និងក្រសួងចំនួន9 ដែលបង្កើតជាផ្នែកសង្គម និងជំពូកសុខុមាលភាពនៃថវិកាក៏អាចត្រូវបានរំពឹងថា នឹងមានការកើនឡើងបន្តិចបន្តួចពី 1.81ពាន់លានដុល្លារនៅឆ្នាំនេះដែរ ដោយថវិកាឆ្នាំ2020 នឹងឈានដល់ 2ពាន់លានដុល្លារ ដែលក្នុងនោះថវិកាជាង 1.4ពាន់លានដុល្លារនឹងត្រូវបែងចែកទៅក្រសួងអប់រំ និងសុខាភិបាល។
វិស័យសេដ្ឋកិច្ចដែលរួមមានក្រសួង-ស្ថាប័នចំនួន10 ទំនងជានឹងមានការកើនឡើងតិចតួចដែរ ពី1.65ពាន់លានដុល្លារដល់ប្រហែល 1.8ពាន់លានដុល្លារ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានរំពឹងថា នឹងមានប្រហែល 800លានដុល្លារនៅឆ្នាំ2020។
ក្នុងចំណោមគម្រោងចំណាយថវិកាជាតិជាង 8ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់កម្ពុជា សម្រាប់ឆ្នាំ2020 នេះ រាជរដ្ឋាភិបាលមានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិឱ្យស្ថិតក្នុងកម្រិតចំនួន 31,095,855លានរៀល ដែលស្មើនឹងប្រមាណជាង 7,600លានដុល្លារ ត្រូវជា26.12% នៃផសស កើនឡើង20.7% បើធៀបនឹងច្បាប់ឆ្នាំ2019 ដែលក្នុងនោះការចំណាយចរន្តថ្នាក់ជាតិ មានចំនួន 18,036,884លានរៀល ឬប្រមាណ 4,459លានដុល្លារនិងចំណាយមូលធនថ្នាក់ជាតិ មានចំនួន 13,058,971លានរៀល ឬប្រមាណ 3,200លានដុល្លារ)។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ2019 នោះសម្រាប់ការចំណាយទូទៅរបស់រដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចំណាយថវិកាប្រមាណ 27,164,996លានរៀល ដែលប្រហាក់ប្រហែលនឹង 7,600លានដុល្លារសហរដ្ឋអាមេរិក។ ចំនួនបានកើនឡើង 11.4% ធៀបនឹងគម្រោងចំណាយថវិការដ្ឋឆ្នាំ2018 ដែលមានចំនួនសរុបចំនួន 24,375,102លានរៀល។
ថវិកាឆ្នាំ2020 ត្រូវបានរៀបចំដោយការគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែង និងសម្រាប់អនុវត្តសកម្មភាពអាទិភាព ដើម្បីឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា ជាពិសេសការអនុវត្តឱ្យចេញលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ2019-2023 របស់រាជរដ្ឋាភិបាលដែលជា មាគ៌ារយៈពេលមធ្យមសំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី25 ខែតុលា ឆ្នាំ2019 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តទាំងស្រុងហើយលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងរដ្ឋឆ្នាំ2020”។ នេះបើតាមការប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕