ស្ថាប័នប្រមូលពន្ធរបស់រដ្ឋ 2ស្ថាប័ន គឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាត្រូវបានគេមើលឃើញថា បានប្រមូលពន្ធជូនរដ្ឋដោយទទួលបានកំណើនចំណូលពន្ធ ក្នុងតួលេខដ៏ខ្ពស់ ដែលតាមតួលេខ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធស្មើនឹងប្រមាណ 2,183.68លានដុល្លារអាមេរិក។ រីឯអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបានប្រមាណ2,391លានដុល្លារអាមេរិក ដែលជាតួលេខមួយគួរឱ្យកត់សម្គាល់ក្នុងរយៈពេល 9ខែ ឆ្នាំ2019 នេះ។
អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល 9ខែ ឆ្នាំ2019 បានប្រមូលពន្ធតាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន 8,734.70 ប៊ីលានរៀល ស្មើនឹងប្រមាណ 2,183.68លានដុល្លារអាមេរិក ស្មើនឹង 95.42 %នៃផែនការប្រចាំឆ្នាំ។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ2018 ចំណូលពន្ធអាករបានកើនឡើងចំនួន 1,968.34ប៊ីលានរៀល ឬប្រមាណ 492.09លានដុល្លារអាមេរិក ស្មើនឹង 29.09%។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងរយៈពេល 9ខែ ឆ្នាំ2019 នេះ ប្រភេទពន្ធសំខាន់ៗ ដែលរួមចំណែកដល់កំណើនចំណូលពន្ធ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018 ក្នុងនោះរួមមានអាករលើតម្លៃបន្ថែម (VAT)កើនឡើង 33.05% ពន្ធលើប្រាក់ចំណូលកើនឡើន26.05 % អាករពិសេសកើនឡើង 26.50 % ពន្ធលើប្រាក់បៀវត្សរ៍កើនឡើង 16.66% និងពន្ធលើឈ្នួលផ្ទះ និងដីកើនឡើង 70.33 %។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា សម្រាប់ខែកញ្ញា ឆ្នាំ2019 កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធបានប្រមាណ 928.25ប៊ីលានរៀល ឬប្រមាណ 232.06លានដុល្លារអាមេរិក ស្មើនឹង 10.16%នៃផែនការប្រចាំឆ្នាំ។ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2018 កើនឡើងប្រមាណ 175.08ប៊ីលានរៀល ឬប្រមាណ43.77លានដុល្លារអាមេរិក ស្មើនឹង 23.25 %។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងដែរថា សម្រាប់ចំណូលពន្ធក្នុងខែកញ្ញា ឆ្នាំ2019 នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន 232.06លានដុល្លារអាមេរិក គឺជាឯតទគ្គ-កម្មថ្មីមួយទៀតដែលពុំធ្លាប់មាន ព្រោះខែកញ្ញា ធ្លាប់តែជាខែដែលការប្រមូលចំណូលពន្ធមានកម្រិតទាបកាលពីឆ្នាំមុន។ លោកបន្តថា ការសម្រេចបាននូវកំណើនប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព គឺអាស្រ័យដោយការអនុវត្តកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងការធ្វើទំនើបកម្ម ប្រព័ន្ធពន្ធដារ ជាពិសេសវិធានការថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តមបានបញ្ជាក់ថា បូករួមជាមួយវិធានការថ្មីៗទាំងនេះធ្វើឱ្យនៅរយៈពេល 9ខែ ឆ្នាំ 2019នេះ ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទសម្រេចបានប្រមាណជាង 95.42% នៃផែនការប្រចាំឆ្នាំ។ វិធានការថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដាររួមមាន៖
*ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ Online-VAT Refundand Online-VAT Credit ដើម្បីពង្រឹងការគ្រប់គ្រង ការបង្វិលសង និងប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមឱ្យមានប្រសិទ្ធភាព និងតម្លាភាព។*សេវាគាំទ្រ ពិគ្រោះយោបល់ និងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈ CALL CENTER 1277 GDT Live-Chat ពិគ្រោះយោបល់ដោយផ្ទាល់ E-mail ព្រមទាំងការតាមដាន និងឆ្លើយតបនានាតាម Facebook។ជាមួយគ្នានេះដែរ ;រយៈពេល 9ខែ ឆ្នាំ2019នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបានជាង 2ពាន់លានដុល្លារអាមរិកដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់រយៈពេល 9ខែ ឆ្នាំ2019ចំណូលសរុបមានប្រមាណជាង 9.7ទ្រីលានរៀល(ប្រមាណ 2,391លានដុល្លារអាមេរិក)កើនឡើងប្រមាណ 35% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2018។
ឯកឧត្តមថ្លែងថា លទ្ធផលចំណូលនេះត្រូវនឹងប្រមាណជា 106%នៃផែនការឆ្នាំ ដែលកំណត់ ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2019។បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ2018 លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលបានដោយគយ មានកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះពន្ធគយ(ពន្ធនាំចូល)មានកំណើនជិត 38%អាករពិសេសកើនប្រមាណ 39% និងអាករលើតម្លៃបន្ថែម (VAT) កើនជាង 32%។
គួរបញ្ជាក់ថា មុខទំនិញជាប្រភពចំណូលពន្ធសំខាន់ៗ រួមមាន៖ 1-យានយន្ត និងគ្រឿងចក្រ គ្របដណ្តប់ប្រមាណជាង 52%នៃចំណូលសរុប។ 2-ប្រេងឥន្ធនៈ និងថាមពលប្រមាណជិត 17%នៃចំណូលសរុប និង3-ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណ 29.5%នៃចំណូលសរុប។
លទ្ធផលដ៏ល្អប្រសើរនេះ គឺបានមកដោយសារកម្ពុជាមានស្ថិរភាពនយោបាយ ការអនុវត្តកម្មវិធីកែទម្រង់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រកែទម្រង់របស់រាជរដ្ឋាភិបាល ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការយល់ដឹងកាន់តែទូលាយក្នុងការអនុវត្តកាតព្វកិច្ចពន្ធអាកររបស់អ្នកធុរកិច្ចពាក់ព័ន្ធ។
ដើម្បីឱ្យការប្រមូលពន្ធ និងអាករកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត ឯកឧត្តម គុណ ញឹមបានណែនាំឱ្យមន្ត្រីគយ និងរដ្ឋាករខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវលើវិជ្ជាជីវៈ និងបានរំឭកមតិណែនាំរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីកិច្ចប្រជុំកន្លងមក។
លើសពីនេះ លោកបានណែនាំបន្ថែមដោយសង្កត់ធ្ងន់ និងត្រូវយកចិត្តទុកដាក់ខ្ពស់ជាប្រចាំលើការងារជំនាញសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹងប្រសិទ្ធភាពនៃការងារបច្ចេកទេសគយ អនុវត្តបន្តនូវការងារបង្ការ និងបង្ក្រាបអំពើរត់គេច និងបន្លំពន្ធ ការធ្វើសាមញ្ញកម្មនីតិវិធីគយ និងកែលម្អសេវាគយបន្ថែមទៀត ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ជំរុញបញ្ចប់យុទ្ធសាស្ត្រនៃការអនុវត្តច្បាប់ និងយុទ្ធសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការកសាងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឆ្នាំ2020 ជាដើម៕