សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយសមាគមទីភ្នាក់ងារទេសចរណ៍ ខេត្តបារៀ-វង់តាវ (Baria-Vung Tau) ប្រទេសវៀតណាម ដើម្បីបង្កើតកញ្ចប់ទេសចរណ៍ពិសេសរួមគ្នាក្នុងការទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត ខណៈដែលភ្ញៀវទេសចរវៀតណាមឈរនៅលេខរៀងទី2 បន្ទាប់ពីទេសចរចិន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ គឺដើម្បីជួយគ្នាធ្វើឱ្យគោលដៅទេសចរណ៍នៃប្រទេសជិតខាងទាំង2 កម្ពុជា-វៀតណាមកាន់តែមានសម្ទុះខ្លាំងជាងមុន។
លោកស្រីមានប្រសាសន៍ថា៖ “សមាគមទីភ្នាក់ងារទេសចរណ៍ខេត្តបារៀ-វង់តាវ របស់ប្រទេសវៀតណាមក៏ចង់ផ្សព្វផ្សាយតំបន់ទេសចរណ៍របស់គេ ក្នុងគោលដៅស្រូបទាញភ្ញៀវទេសចរ ពីកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមមួយកម្រិតទៀតផងដែរ”។
លោកជំទាវបានបន្តថា៖“យើងព្រមព្រៀងគ្នាក្នុងការជំរុញភ្ញៀវទេសចរទាំង 2កន្លែងនេះឱ្យកាន់តែបានច្រើនជាងមុន ជាពិសេសជួយជំរុញភ្ញៀវទេសចរខេត្តបារៀ-វង់តាវ ឱ្យចូលមកទស្សនាកម្ពុជា។ ដោយយើងមើលឃើញថា កម្រិតជីវភាពរបស់ប្រជាពលរដ្ឋយើងទាំង2 កាន់តែល្អប្រសើរឡើងពី 1ឆ្នាំទៅ 1ឆ្នាំអ៊ីចឹងហើយគុណភាពសេវាកម្មទាំងឡាយក៏ត្រូវការល្អជាងមុនដែរ”។
លោកស្រីថ្លែងថា សមាគមទីភ្នាក់ងារទេសចរណ៍ខេត្តវ៉ុងតាវ ប្រទេសវៀតណាមក៏ចង់ផ្សព្វផ្សាយតំបន់ទេសចរណ៍របស់គេក្នុងគោលដៅស្រូបទាញភ្ញៀវទេសចរពីកម្ពុជាឱ្យកាន់តែច្រើនឡើងថែមមួយកម្រិតទៀតផងដែរ ខណៈបច្ចុប្បន្នភ្ញៀវទេសចរកម្ពុជាទៅទស្សនាខេត្តនេះនៅមានចំនួនទាបនៅឡើយ។ លោកស្រីបន្តថា៖ “សម្រាប់ខេត្តបារៀ-វង់តាវ លំហូរភ្ញៀវទេសចរកម្ពុជានៅមានកម្រិតនៅឡើយ ដូច្នេះហើយទើបបានជាខាងវៀតណាមចាប់ផ្តើមចូលមកធ្វើការសហការជាមួយយើង”។
លោកស្រី ឆាយ ស៊ីវលីន ថ្លែងបញ្ជាក់ទៀតថា៖ ;“រំពឹងថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ កម្ពុជាក៏អាចស្រូបទាញភ្ញៀវទេសចរពីខាងវៀតណាមកាន់តែច្រើនឡើងជាងមុន ដោយសមាគមទីភ្នាក់ងារទេសចរណ៍នៃប្រទេសទាំង2 នឹងបង្កើតកញ្ចប់ទេសចរណ៍ពិសេសមួយ លើសពីសេវាកម្មទេសចរណ៍ធម្មតា ដើម្បីឱ្យមានភាពទាក់ទាញទាំងសងខាង”។
លោកស្រីបានថ្លែងបន្តទៀតថា៖ “យើងធ្វើការផ្សព្វផ្សាយ Promotion ដល់ភ្ញៀវរៀងៗខ្លួន។ នៅខេត្តបារៀ-វង់តាវ គេចាប់ផ្តើមផ្សព្វផ្សាយពីកម្ពុជាកាន់តែច្រើនជាងមុន មិនត្រឹមតែផ្សព្វផ្សាយទេ យើងនឹងធ្វើការ Promotion រួមគ្នា គឺយើងបន្ថែមតម្លៃឱ្យល្អ បន្ថែមសេវាកម្មពិសេសណាមួយដែលមិនធម្មតាដូចជាការផ្សព្វផ្សាយទូទៅទេ ដើម្បីឱ្យមានភាពទាក់ទាញទាំងសងខាង ទាំងខេត្តបារៀ-វង់តាវ ទាំងកម្ពុជាយើង”។
លោក ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វង់តាវ បានបង្ហាញពីសក្តានុពលទេសចរណ៍ និងចំណុចសំខាន់ៗនៃវិស័យទេសចរណ៍របស់ខេត្តបារៀ-វង់តាវដែលមានដូចជាទេសចរណ៍បែបវប្បធម៌ ពាណិជ្ជកម្ម ឆ្នេរសមុទ្រនិងតំបន់ទាក់ទាញភ្ញៀវទេសចរជាច្រើនទៀត។ ប្រទេសវៀតណាមចង់ទាក់ទាញភ្ញៀវទេសចរពីកម្ពុជាឱ្យបានច្រើនដើម្បីទៅទស្សនាខេត្តបារៀ-វង់តាវ ខណៈបច្ចុប្បន្ន លោកមើលឃើញថា ចំនួនភ្ញៀវទេសចរកម្ពុជាទៅកម្សាន្តនៅក្នុងខេត្តមួយនេះនៅមានកម្រិតតិចតួចនៅឡើយ។
ដោយឡែកមួយទៀតរដ្ឋបាលរាជធានីភ្នំពេញក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោក ង្វៀន ហុងលិញប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម កាលពីថ្ងៃទី21 ខែតុលា ឆ្នាំ2019នេះ ក៏បានជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញជាមួយនឹងខេត្តបារៀ-វង់តាវប្រទេសវៀតណាមនេះផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទាំង2 ឱ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឱ្យកាន់តែច្រើន និងពិភាក្សាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទាំងសងខាង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចង់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងពីរាជធានីភ្នំពេញទៅខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ឬពីខេត្តបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរនៃប្រទេសទាំង2 បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗ ទាំងនៅរាជធានីភ្នំពេញ និងខេត្តបារៀ-វង់តាវ ជាដើម។
ឯកឧត្តមបានអះអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី-ខេត្តនៃប្រទេសទាំង2នេះ និងក្លាយជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែលរាជធានីភ្នំពេញ និងខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ច្រើនដូចគ្នា។លោកថ្លែងថា ឥលូវនេះ ក្រោមកំណើនសេដ្ឋកិច្ចជាង7% ជាង 2ទសវត្សរ៍មកនេះ ប្រជាជនកម្ពុជារស់នៅក្នុងភាពស៊ីវិល័យក្នុងការធ្វើដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖“ស្របពេលដែលទីក្រុងបារៀ-វង់តាវ នៃប្រទេសវៀត ណាមនិងរាជធានីភ្នំពេញសម្បូរទៅដោយតំបន់ទេសចរណ៍ ដូច្នេះយើងត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍គ្នាទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ពីរាជធានីភ្នំពេញទៅបារៀ-វង់តាវ ឬពីបារៀ-វង់តាវមកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀត គឺការផ្លាស់ប្តូរការវិនិយោគលើវិស័យទេសចរណ៍ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំង2 បានធ្វើដំណើរកម្សាន្តទៅវិញទៅមក”។
គួរបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីវៀតណាមមកកាន់កម្ពុជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Cambodia Angkor Air ក៏បានប្រកាសភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅខេត្តដាណាង ប្រទេសវៀតណាមផងដែរ៕