សិស្សានុសិស្សមួយក្រុមបានមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងយល់ពីការរស់នៅ វប្បធម៌ និងការអប់រំ នៅកម្ពុជាតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធរវាងសាលារៀន និងសាលារៀន (International School to School Experience) ជាមួយនឹងបណ្តាញសាលារៀនរបស់វេសឡាញ។
ដំណើរមកកាន់កម្ពុជារបស់ក្រុមសិស្សអាមេរិកមកពីរដ្ឋ Colorado នេះធ្វើឡើងបន្ទាប់ពីសិស្សនៃសាលារៀនវេសឡាញន៍ចំនួន 8 រូបបានបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធនៅសហរដ្ឋអាមេរិកចំនួន3សប្តាហ៍។ នៅក្នុងកម្មវិធីនេះ សិស្សអាមេរិកទាំងអស់នឹងមកស្នាក់នៅក្នុងផ្ទះជាមួយនឹងក្រុមសិស្សខ្មែរដែលបានទៅបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីស្វែងយល់ពីការរស់នៅ របៀបនៃការរស់នៅ វប្បធម៌ប្រពៃណី និងការអប់រំនៅក្នុងគ្រួសារខ្មែរ។ សកម្មភាពនេះ ត្រូវបានគេមើលឃើញថានឹងធ្វើឱ្យមានទំនាក់ទំនងកាន់តែប្រសើររវាងសិស្ស និងអាណាព្យាបាលខ្មែរ ជាមួយនឹងសិស្ស និងអាណាព្យាបាលនៅសហរដ្ឋអាមេរិក ហើយវាក៏ជាឱកាសល្អដែលសិស្ស និងអាណាព្យាបាល អាចផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និងអត្តសញ្ញាណដ៏ល្អរបស់ខ្មែរទៅកាន់ពិភពលោកកាន់តែប្រសើរ។
លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថាគោលបំណងសំខាន់នៃកម្មវិធីផ្លាស់ប្តូរការសិក្សានេះ គឺចង់ពង្រឹង និងបង្កើនទំនាក់ទំនងកាន់តែខ្លាំងរវាងសិស្សនៃបណ្តាញសាលារៀនរបស់វេសឡាញ ជាមួយនឹងសិស្សបរទេស ដែលអនុញ្ញាតឱ្យពួកគេស្វែងយល់បានកាន់តែច្បាស់ពីការរស់នៅក្នុងប្រទេសលោកខាងលិច។ កម្មវិធីនេះ មិនមែនជារលើកទី1នោះទេ ដែលក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានសហការជាមួយនឹង ISSE និងសាលានានាជុំវិញពិភពលោកក្នុងការបញ្ជូនសិស្សឱ្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា។
លោក គង់ សំនៀង បាននិយាយថា៖ ”នៅឆ្នាំមុន យើងបានបញ្ជូនសិស្សរបស់យើងទៅកាន់ប្រទេសអូស្ត្រាលី និងទៅកាន់ប្រទេសមួយចំនួនផ្សេងទៀត ហើយយើងនឹងបន្តកម្មវិធីដ៏ល្អបែបនេះជាបន្តបន្ទាប់ទៀតដើម្បីឱ្យសិស្សមានឱកាសកាន់តែច្រើនដើម្បីស្វែងរកអ្វីថ្មីៗនៅក្នុងពិភពលោក ផ្លាស់ប្តូរវិធីសិក្សា ជំរុញទំនួលខុសត្រូវ រៀនរស់នៅជាក្រុម រៀបចំខ្លួនឱ្យបានល្អសម្រាប់អនាគត និងរៀនដឹកនាំខ្លួនឯងដោយមិនចាំបាច់ពឹងពាក់លើអាណាព្យាបាលច្រើនពេក”។
លោក គង់ សំនៀង បានលើកឡើងថាក្នុងនាមវេសឡាញអេឌ្យូខេសិនគ្រុប លោកសូមថ្លែងអំណរគុណចំពោះសាលារៀន Angevine និងគ្រូដែលបានសហការល្អក្នុងការសហការផ្តល់ឱកាសសម្រាប់សិស្សរបស់វេសឡាញទៅកាន់សហរដ្ឋអាមេរិករយៈពេល3សប្តាហ៍ និងអរគុណដល់អាណាព្យាបាល ក៏ដូចជាក្រុមការងាររបស់កម្មវិធីទាំងមូលដែលបានសហការល្អធ្វើកម្មវិធីនេះអាចរៀបចំទៅបានដោយរលូន ដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សិស្សានុសិស្ស៕