ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានបញ្ជាក់ថា បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាននិងកំពុងវិវឌ្ឍខ្លួនយ៉ាងរីកចម្រើនឥតឈប់ឈរ ដែលការរីកចម្រើនទាំងនេះបានមកពីភាពជោគជ័យរបស់អតិថិជន មានន័យថា ប្រសិនបើគ្មានភាពជោគជ័យរបស់អតិថិជនទេនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មិនអាចជោគជ័យបានឡើយ។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)បានថ្លែងឱ្យដឹងថា ដើម្បីជំរុញវិស័យនេះឱ្យកាន់តែប្រសើរឡើងទៀតនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានដាក់ចេញគោលដៅ 2ចំណុច រួមមាន៖1-ការផ្ដល់ឥណទានដល់ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុនេះពីគ្រឹះស្ថានផ្លូវការ។
2-ធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការរីកចម្រើន ដើម្បីជួយឱ្យវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានភាពល្អប្រសើរ ព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចជោគជ័យទៅបាន លុះត្រាតែអតិថិជនទទួលបានជោគជ័យដូចគ្នា។
លោកបានបន្ថែមថា ការរីកចម្រើននេះអាចនិយាយបានថា ជាកត្តាជោគជ័យមួយសម្រាប់យើងទាំងអស់គ្នា និងទទួលស្គាល់ថា ជាការជោគជ័យរបស់អតិថិជន ដោយសារអតិថិជនទទួលបានឥណទានយកទៅប្រើប្រាស់ដើម្បីបង្កើនមុខរបរនិងទទួលបានផលចំណេញដល់ក្រុមគ្រួសាររបស់ពួកគាត់។ ការលើកឡើងបែបនេះរបស់លោក គាបូរាណ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី “ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទតាមរយៈវិស័យមីក្រូហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយមានការចូលរួមពីលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី21 ខែតុលា ឆ្នាំ2019។
លោកបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចាប់ផ្ដើមរីកចម្រើនខ្លាំងនៅអំឡុងឆ្នាំ2006 ប៉ុន្ដែនៅក្នុងឆ្នាំ2009-2010 កម្ពុជាបានជួបវិបត្តិសេដ្ឋកិច្ចពិភពលោក ធ្វើឱ្យថមថយមួយរយៈពេល តែបានរីកលូតលាស់មកវិញនៅចុងឆ្នាំ2010។
លោក គា បូរាណ បានបញ្ជាក់បន្ថែមថា ដំណាក់កាលសព្វថ្ងៃនេះជាដំណាក់កាលទី3 និងជាដំណាក់កាលដែលវិស័យនេះកំពុងតែរីកលូតលាស់ខ្លាំង ហើយរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋជាង 2.1លានគ្រួសារទទួលបានសេវាប្រាក់កម្ចីពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា (សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថិតក្រោម CMA) ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការផ្ដល់ឥណទានដល់ជនបទ។
ចំណែកលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជាក៏បានឱ្យដឹងផងដែរថា ការរួមចំណែករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបានបន្ដថា ជាមួយនឹងការរីកចម្រើននេះ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលរួមមាន៖ ការផ្ដល់សេវាមិនបានឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ការផ្ដល់សេវាដោយគ្មានវិជ្ជាជីវៈ ការបោកប្រាស់អតិថិជន ហើយសម្រាប់គ្រឹះស្ថានខ្លះ មិនបានបង្ហាញតម្លៃសេវា និងលក្ខខណ្ឌទាំងអស់ដល់អតិថិជនឡើយ។
លោកអគ្គនាយករង បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការជាច្រើនតាមរយៈឞទប្បញ្ញតិ្តក្នុងគោលបំណងផ្ដល់ព័ត៌មាន ការពារសិទ្ធិ និងផលប្រយោជន៍របស់អតិថិជន ព្រមទាំងលើកទឹកចិត្តដល់សាធារណជនលើប្រព័ន្ធធនាគារថែមទៀតផង៕