ក្លិបកាំភ្លើងធំ Arsenal បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Alexandre Lazazette ដែលមកពីក្លិប Lyon ក្នុងកិច្ចសន្យារយៈពេល 5ឆ្នាំ។ ខ្សែប្រយុទ្ធវ័យ 26ឆ្នាំរូបនេះចូលរួមជាមួយនឹងក្លិប Arsenal ក្នុងតម្លៃខ្លួន 52លានផោន (ស្មើនឹង 68លានដុល្លារអាមេរិក) ក្រោយពីបានឆ្លងផុតការពិនិត្យសុខភាពរបស់គេកាលពីថ្ងៃអង្គាររួចមក។
តម្លៃខ្លួនរបស់គេនឹងបំបែកកំណត់ត្រាលើតម្លៃខ្លួន 42.4លានផោនដែលក្លិប Arsenal ធ្លាប់បានចំណាយទិញខ្សែបម្រើ Mesut Ozil ពីក្លិប Real Madrid កាលពីឆ្នាំ 2013។ ក្រោយពីការផ្ទេរទៅកាន់ក្លិប Atletico Madrid បានទទួលបរាជ័យ ដោយសារតែក្រុមរបស់លោក Diego Simeone បានរងពិន័យព្យួរមិនឲ្យទិញចូលកីឡាករថ្មី ពេលនោះក្លិប Arsenal ក៏ដណ្តើមយកប្រៀបបានភ្លាមៗទៅលើស្ថានភាពបែបនេះ។ Lazazette បានជួបរដូវកាលប្រកបដោយផ្លែផ្កាល្អបំផុតរបស់គេកាលពីយុទ្ធនាការមុន តាមរយៈការស៊ុតបាល់បញ្ចូលទីដល់ទៅ 37គ្រាប់ក្នុងការប្រកួត 45លើកសម្រាប់ក្លិប Lyon។ ការរកបានគ្រាប់បាល់សរុបរបស់គេចំនួន 28គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 បានជួយឲ្យគេស្ថិតក្នុងចំណាត់ថ្នាក់លេខ 2បន្ទាប់ពីខ្សែប្រយុទ្ធ Edinson Cavani របស់ក្លិប Paris Saint-Germain ដែលបានស៊ុតបាល់បញ្ចូលទី 35គ្រាប់ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំង។ ខ្សែប្រយុទ្ធ Lacazette មិនធ្លាប់លេងក្នុងលីកនៅក្រៅប្រទេសបារាំងឡើយ ក្រោយពីបានបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ Lyon កាលពីចុងរដូវកាលឆ្នាំ 2009-2010 មក។
លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ Arsenal បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការមាន Alexandre ចូលរួមជាមួយនឹងក្រុមរបស់យើង។ រូបគេបានបង្ហាញអស់រយៈពេលជាច្រើនឆ្នាំមកហើយថា រូបគេអាចស៊ុតបាល់បញ្ចូលទី និងបង្ហាញថា គេគឺជាខ្សែប្រយុទ្ធដ៏មានប្រសិទ្ធភាពម្នាក់»៕
ប្រភពពី៖ The Sun