តារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ ឌួង ហ្សូរីដា ដែលត្រូវគេដឹងថា កំពុងជោគជ័យក្នុងមុខជំនួញ នាំចូលផលិតផលថែរក្សាសម្រស់នោះ ទទួលបានពានឆ្នើមមួយផ្សេងទៀតហើយ ដែលពានលើកនេះ រឹតតែជាពានកិត្តិយសថែមទៀត ដ្បិតតែប្រគល់ជូនដោយអ្នករៀបចំក្នុងស្រុក បន្ទាប់ពីបានទទួលពានទាំងបង និងប្អូន ក្នុងចំណោម អ្នកជំនួញស្រ្តីឆ្នើមៗ មកពីបណ្ដាប្រទេសផ្សេងៗក្នុងប្រទេសថៃ។ នេះជាជំហានកាន់ តែជោគជ័យខ្លាំង បន្ទាប់ពីកញ្ញា សម្រេចចិត្តបើកក្រុមហ៊ុន មុទិតា ដែលមានផលិតផលថែរក្សាសម្រស់ ស្ដង់ដារច្រើនប្រភេទចរាចរ នៅកម្ពុជា។
យោងតាមកម្មវិធី Successful CEO Award 2019 ដែលមានវត្តមានលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល និង លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អ្នករៀបចំកម្មវិធី ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអន២ កាលពីល្ងាចថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ប្រកាសថា កញ្ញា ឌួង ហ្សូរីដា ម្ចាស់ប្រេន MUDHITA GS-2113 ប្រេន SSO/SHO និង Brand N27 និងជាអគ្គនាយិកាក្រុមហ៊ុន MUDHITA Trading Co.LTD ទទួលបានពានឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមម្ចាស់មុខជំនួញ២០រូប ដែលត្រូវបានកម្មវិធីសម្រេចប្រគល់ជូន។ ម្ចាស់ផលិតផលដែលទទួលបានពានឆ្នើម នៅក្នុងថ្ងៃនោះ គឺសំដៅលើម្ចាស់ក្រុមហ៊ុនផលិតផលដែលបានចុះបញ្ជីត្រឹមត្រូវក្នុងក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងត្រូវបានចុះបញ្ជីផលិតផលគ្រប់ប្រភេទជាមួយក្រសួងសុខាភិបាល ព្រមជាមួយនឹងលក្ខណ្ឌជោគជ័យលើទីផ្សារនាំមុខ ទើបត្រូវបានកម្មវិធីអនុញ្ញាតិអោយចូលប្រកួត។ អ៊ីចឹងហើយ ទើប កញ្ញា ឌួង ហ្សូរីដា ទទួលបានកិត្តិយសយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានប្រកាសថាឈ្នះពាន Top 20 ក្នុងចំណោម CEO ដែលមានឈ្មោះប្រកួតជាច្រើនមកពីគហរប់ទិសទី។
នៅក្នុងពិធីនោះ បណ្ដាក្រុមហ៊ុនចូលរួម ក៏បានរៀបចំតារាម៉ូដែលស្អាត អោយដើរបង្អួតផលិតផលរបស់ខ្លួននោះផង ខណៈដែល កញ្ញា ឌួង ហ្សូរីដា បានសម្ញ៉ែងតារា Cambodia Super Model ដែលសុទ្ធតែជាសមាសភាពល្បីៗ ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង កែវ ពេជ្រ ពិសី, អ្នកនាង លី ម៉ារីណា, អ្នកនាងនៅ សូនីតា, កញ្ញា សូដា នីតា, កញ្ញា អ៊ឹង និមល, កញ្ញា សុផា លីនដា, កញ្ញា សោម ស្រីនាថ, Miss Grand កញ្ញា ហេង ចន្ថា និង កញ្ញា ឌី លីកា ជាដើម។