ឯកឧត្ដមអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា បានដឹកនាំក្រុមការងារទៅធ្វើទស្សន-កិច្ចសិក្សាអំពីបច្ចេកវិទ្យាឌីជីថល និងការរៀបចំសេដ្ឋកិច្ចឌីជីថលនៅតំបន់ Silicon Valley ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។
ឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា៖“ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងឈ្វេងយល់អំពីភាពជោគជ័យ ក៏ដូចជាភាពនាំមុខរបស់តំបន់ Silicon Valley នៅលើពិភពលោកពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក៏ដូចជាការរៀបចំលក្ខខណ្ឌអំណោយផលទាំងឡាយ សម្រាប់គាំទ្រដល់ការបណ្តុះគំនិតនវានុវត្តន៍ ការបង្កើតធុរកិច្ចថ្មី ការរៀបចំថ្នាល និងប្រព័ន្ធអេកូ សម្រាប់ការអភិវឌ្ឍសហគ្រិនភាព បរិយាប័ន្នហិរញ្ញវត្ថុ អំពីតម្រូវការ និងការអភិវឌ្ឍជំនាញឌីជីថល ការរៀបចំគោលនយោបាយពាក់ព័ន្ធនឹងបញ្ញាសិប្បនិមិត្ត ការប្រើប្រាស់ប្រព័ន្ធសង្គម និងនិន្នាការនៃការវិវឌ្ឍ វិស័យបច្ចេកវិទ្យាទៅថ្ងៃអនាគត”។
ពិសេសទៅទៀតនោះតួនាទីរបស់សេដ្ឋកិច្ចឌីជីថល ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងការបណ្តាក់ទុនរួមគ្នា និងការបង្កើតការងារ សំដៅប្រមូលធាតុចូល និងដកស្រង់បទពិសោធន៍ល្អៗពីសហរដ្ឋអាមេរិក សម្រាប់ជាមូល-ដ្ឋានក្នុងរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាផ្តោតលើធាតុគន្លឹះសំខាន់ៗក្នុងការអភិវឌ្ឍក្រប-ខ័ណ្ឌសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់សេដ្ឋកិច្ចជាតិ ដោយបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធនាគារ គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ព្រមទាំងស្ថាប័នសិក្សាស្រាវជ្រាវទាំងឯកជន និងសាធារណៈក្នុងការបណ្តុះគោលគំនិតនវានុវត្តន៍ និងក្រុមហ៊ុន Intel ដើម្បីឈ្វេងយល់ពីបញ្ញាសិប្បនិម្មិតធនាគារ និងពីការបង្កើតឱ្យមានអេកូឡូស៊ីហិរញ្ញប្បទានដល់សហគ្រិនភាព។
គួរបញ្ជាក់ដែរថា តំបន់ Silicon Valley គឺស្ថិតនៅភាគខាងត្បូងនៃទីក្រុងសានហ្វ្រានស៊ីស្កូ នៃរដ្ឋកាលី-ហ្វ័រនីញ៉ា ជាមជ្ឈមណ្ឌលដែលប្រមូលផ្តុំនវានុវត្តន៍ដ៏វិសេសវិសាល និងសម្បូរបែប ជាពិសេសធុរកិច្ចថ្មីៗដែលផ្អែកលើបច្ចេកវិទ្យាទំនើប និងមានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សសកលលោកជាច្រើន រួមមាន៖ ក្រុមហ៊ុន Apple, Google, Facebook ជាដើម។
ជាមួយគ្នានេះដែរ កម្ពុជា និងធនាគារពិពភលោក(WB)បានរៀបចំកិច្ចពិភាក្សាតុមូលពិសេសមួយស្ពីពីការរៀបចំក្របខណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោកនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលធិនិរូបិយវត្ថុអន្តរជាតិ (WB-IMF Annual Meeting) ឆ្នាំ2019នេះ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
កិច្ចពិភាក្សាតុមូលពិសេសនេះ ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងាររៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ឯខាងភាគីធនាគារពិភពលោក ដឹកនាំដោយលោកស្រី អនុប្រធានរបស់ធនាគារពិភពលោកចំនួន 2រូប គឺលោកស្រី Vicotria Kwa-kwa អនុប្រធានទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងលោកស្រី Ceylay Pazarba sioglu អនុប្រធានទទួលបន្ទុកផ្នែកកំណើនសមធម៌ ហិរញ្ញវត្ថុ និងស្ថាប័ន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញការរបស់ធនាគារពិភពលោក និងគណៈប្រតិភូមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។ គោលបំណងនៃការរៀបចំកិច្ចប្រជុំតុមូលនេះគឺដើម្បី៖
*ទី1- ធ្វើការពិភាក្សា និងពិគ្រោះយោបល់លើឯកសារទស្សនាទានរួម (Concept Note) នៃការរៀប ចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលបានរៀបចំដោយផ្ទាល់ ដោយ ក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
*ទី2- ស្វែងយល់ពីនិន្នាការនៃសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ និងពិភពលោកដែលរួមមានទាំងកាលានុវត្តភាព បញ្ហាប្រឈម និងហានិភ័យ ពិសេសការ-ផ្លាស់ប្តូរទស្សនវិស័យ មេរៀន និងបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា៖ “ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី4 និងដើម្បីអាចសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 ប្រទេសកម្ពុជាពិត ជាមានភាពចាំបាច់ណាស់ក្នុងពេលនេះជាងពេលណាៗទាំងអស់ ក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលទាំងឡាយពីវិស័យបច្ចេកវិទ្យាឌីជីថលសំដៅធ្វើយ៉ាងណាឱ្យវិស័យឌីជីថលអាចក្លាយទៅជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី និងដើម្បីប្រើប្រាស់វិស័យបច្ចេកវិទ្យាសម្រាប់ធ្វើការពង្រួញផ្លូវ និងពន្លឿនការអភិវឌ្ឍប្រទេស ការបង្តើនផលិត-ភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែង ព្រមទាំងការ-ដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពលនៃការ-ប្រើប្រាស់បច្ចេកវិទ្យា ។
ឯកឧត្តមបានបន្តថា៖ “ក្នុងស្មារតីនេះ កាលពីដើមឆ្នាំ2019 កន្លងទៅនេះ ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិបានបង្កើតនូវក្រុមការងារបច្ចេកទេសដើម្បីរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា នៅក្នុងរយៈពេលវែង ដែលគិតមកទល់នឹងពេលនេះ ក្រុមការងារបានរៀបចំនូវឯកសារទស្សនាទានរួម សម្រាប់ជាមូលដ្ឋានក្នុងការ-ផ្តោតលើអាទិភាព និងយុទ្ធសាស្ត្ររួមមាន៖
*ទី1- ការរៀបចំ និងបង្តើតរដ្ឋាភិបាលឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាងពង្រឹងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងជាគំនាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជី-ថល និងនវានុវត្តន៍ផងដែរ។
*ទី2- ការជំរុញវិនិយោគលើវិស័យហេដ្ឋារចនា-សម្ព័ន្ធឌីជីថល ដូចជាខ្សែកាប្លិ៍អុបទិក ខ្សែកាប្លិ៍អុប-ទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការ-តភ្ជាប់បណ្តាញសេវាដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអុិនធើណិត កាន់តែមានល្បឿនលឿន ហើយមានតម្លៃកាន់តែថោកជាងមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេស។
*ទី3- ការទាញយកប្រយោជន៍ជាអតិបរិមាពីវិស័យឌីជីថល តាមរយៈការបង្កើនអក្ខរកម្ម និងសមត្ថភាពឌីជីថល ពិសេសការអភិវឌ្ឍជំនាញឌីជីថល និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។
*ទី4- ការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធផ្សេងៗ ពិសេសបទដ្ឋានស្តង់ដាមួយចំនួន ក្នុងគោលដៅពង្រឹងការគ្រប់គ្រងទិន្នន័យ ការការពារទិន្នន័យឯកជន និងការទប់ស្តាត់បទល្មើសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានជាដើម ។
*ទី5- ការបង្កើតនូវថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់លើកស្ទួយសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី (Startup) ក្នុងវិស័យឌីជីថល។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា៖ “ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការមួយចំនួនជាបន្តបន្ទាប់រួចហើយក្នុងគោលដៅបង្កើតនូវប្រព័ន្ធអេកូឡូស៊ីខាងលើនេះ ដូចជា៖
*ទី1- ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)
*ទី2- ការបង្កើត និងដាក់ឱ្យដំណើរការមជ្ឈ-មណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ
*ទី3- ការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិ-អភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព (EPC)
*ទី4- ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។
នៅក្នុងកិច្ចប្រជុំតុមូលនេះ ក្រៅពីការពិភាក្សាលើឯកសារទស្សនាទានរួមនៃការរៀបចំក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជាដែលធ្វើបទបង្ហាញដោយក្រុមការងារភាគីកម្ពុជាហើយ នៅមានការផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ផងដែរលើបទបង្ហាញរបស់ជំនាញការជាន់ខ្ពស់របស់ធនាគារពិភពលោកលើប្រធានបទសំខាន់ៗដូចជា៖ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលការ-រៀបចំថ្នាល និងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិន-ភាពឌីជីថល ពិសេសពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ការរៀបចំក្របខ័ណ្ឌច្បាប់ និងការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្នក្នុងយុគសម័យឌីជីថល ព្រមទាំងអន្តរាគមន៍ និងអាទិភាពគោលនយោបាយរបស់ធនាគារពិភពលោកក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ ។
សូមបញ្ជាក់ផងដែរថា ការរៀបចំក្របខ័ណ្ឌគោលនយោបាយរយៈពេលវែងនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា ត្រូវបានធ្វើឡើងទាំងស្រុងដោយក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការ-ចូលរួមពីដៃគូសំខាន់ៗមួយចំនួន ជាពិសេសស្ថាប័នធនាគារពិភពលោក៕