ភាពយន្តភាគទី២៣របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥មានចំណងជើងថា « សម្បថដងស្ទឹង » មានសរុបចំនួនដល់ទៅ៣០ភាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ដើម្បីដាក់ផ្សាយផ្លូវការនៅពាក់កណ្ដាលឆ្នាំក្រោយខាងមុខ ដែលមានតារាឯកស្រី កញ្ញា ព្រះកាយច័ន្ទ និងតួឯកប្រុស លោក សន ពិសិដ្ឋ។
រឿងភាគមួយនេះ គេបានដឹងថាតួឯកប្រុសស្រីខាងលើដែលមិនធ្លាប់ជួបសម្ដែងជាមួយគ្នាសោះនោះ តែឥឡូវស្រាប់តែជួបគ្នាក្នុងខ្សែភាពយន្តបែបស្រុកស្រែចម្ការ។ ដោយសារមានទេពកោសល្យសិល្បៈពហុជំនាញទើបតារាស្រី ព្រះកាយច័ន្ទដែលនាង រមែងគ្រប់គ្រងតំណែងតួឯកគ្រប់រឿង។ បើទោះជាការជួបគ្នាលើកដំបូង ប៉ុន្តែពួកគេទាំងពីរមានជំនឿថា អាចនឹងសម្ដែងចូលគ្នាបានល្អ ដោយសំអាងថា ម្នាក់ៗក៏សុទ្ធតែមានបទពិសោធន៍ច្រើនរៀងៗខ្លួនហើយ។ ពួកគេទាំងពីរ ទើបតែប៉ះគ្នាលើកដំបូងបំផុតក្នុងការសម្ដែង។ កុំថាឡើយថា ការសម្ដែង សូម្បីតែនៅខាងក្រៅ ក៏មិនដែលបានជួបគ្នាផងដែរ។ ដោយឡែក ខាងប្រុស ក៏អះអាងដូចគ្នាថា ជាបទពិសោធន៍លើកដំបូងរបស់លោកជាមួយ ព្រះកាយច័ន្ទ។ មិនត្រឹមប៉ុណ្ណឹង នេះគឺជាតួឯកលើកដំបូងថែមទៀតក្នុងការសម្ដែងភាពយន្តប្រភេទភាគសម្រាប់ទូរទស្សន៍។
គួរបញ្ជាក់ដែរថា នេះគឺជាសម្មិទ្ធិផលរឿងភាគទី ២៣ របស់ទូរទស្សន៍ប៉ុស្ត៍លេខ៥ ដោយក្នុងនោះក៏មានការរៀបចំ និង ដឹងនាំសម្ដែង ពីសំណាក់ក្រុមផលិតករថៃផងដែរ។ ភាពយន្តថ្មីនេះមានវត្តមានចូលរួមសម្ដែងពីសំណាក់តារាល្បីៗប្រុសស្រីចាស់ក្មេងជាច្រើនរូប ពោរពេញដោយទេពកោសល្យ ដើម្បីរួមគ្នាអង្រួនផ្ទៃរឿងទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ។ យ៉ាងណាមិញពិធីក្រុងពាលីភាពយន្តភាគថ្មីមួយនេះបានធ្វើឡើងនៅបរិវេនសណ្ឋាគាសូហ្វីតែលភ្នំពេញ ដែលមានតារាចាស់ក្មេងជាច្រើនត្រូវបានគេឃើញបង្ហាញខ្លួនដូចជា ៖ កញ្ញា ព្រះកាយច័ន្ទ លោក សន ពិសិដ្ឋ កញ្ញា ដាឡែន លោក ខេន លោក វរៈ ថន លោក ឧត្តម លោក សុភ័ក្ត និងតារាកិត្តិយសជាច្រើនរូបទៀត។
ចង់ដឹងថាភាពយន្តភាគថ្មីនេះមានអ្វីថ្មីៗ និងសាច់រឿងបែបណាខ្លះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕