ភ្នំពេញៈ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍រយៈពេល 3ថ្ងៃ នៅទីក្រុងភ្នំពេញនាចុងសប្តាហ៍នេះ ជាមួយនឹងវត្តមានក្រុមហ៊ុនមកពីឥណ្ឌូនេស៊ីកាន់តែច្រើនជាងមុនចូលរួម។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាដែលបានផ្ញើជូនបណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី5 កក្កដា បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងធ្វើឡើងរយៈពេល 3ថ្ងៃចាប់ពីថ្ងៃទី7 ដល់ទី9 កក្កដា នៅសាលពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយទេសចរណ៍នេះ នឹងមានក្រុមហ៊ុនឥណ្ឌូនេស៊ីជាង 50មកចូលរួមតាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្មនៅកម្ពុជា។
តាមការគ្រោងទុក ពិព័រណ៍នេះនឹងមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមប៉ាន សូរស័ក្តិ និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ឯកឧត្តមពីតូណូ ពឺណូម៉ូផងដែរ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនយឺតៗ ដោយកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូនេស៊ីមានទំហំទឹកប្រាក់ប្រមាណតែ 250លានដុល្លារអាមេរិកប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា ពិព័រណ៍ពាណិជ្ជកម្មនេះ ជាឱកាសដ៏មានសក្តានុពលដែលអាចធ្វើឲ្យឥណ្ឌូនេស៊ីសម្លឹងរកទីផ្សារនាំចូលផលិតផលជាច្រើនពីឥណ្ឌូនេស៊ីមកកម្ពុជា ដូចជាគ្រឿងបន្លាស់រថយន្ត ប្រេងរំអិល ម្ហូបអាហារ សម្លៀកបំពាក់ និងសេវាកម្មទាក់ទងសុខភាពជាដើម។ ក្នុងពិព័រណ៍នេះ ក៏មានការចូលរួមផងដែរពីសាកលវិទ្យាល័យនាំមុខល្បីៗពីឥណ្ឌូនេស៊ីដើម្បីផ្តល់ព័ត៌មាន និងឱកាសដល់និស្សិតកម្ពុជា ដែលចង់បានអាហារូបករណ៍ និងទៅសិក្សានៅឥណ្ឌូនេស៊ី។
ក្នុងពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូនេស៊ីនៅកម្ពុជារយៈពេល3ថ្ងៃនេះ ពិព័រណ៍នឹងប្រមូលបានថវិកាជាង15ម៉ឺនដុល្លារអាមេរិកផងដែរពីការលក់ផលិតផលនានានៅក្នុងឱកាសនោះ៕