ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានប្រកាសអំពាវនាវដល់ធុរជនក្នុងវិស័យទេសចរណ៍នៅក្នុងការបើកសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី3 ឬ CTM-2019 កាលពីដើមខែនេះ ឱ្យបន្តការចូលរួមក្នុងសកម្មភាពទេសចរណ៍របស់កម្ពុជាដែលមានមរតកវប្បធម៌ដ៏សម្បូរបែប ជាពិសេសតំបន់ប្រាសាទនានាដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ជាផលិតផលដ៏ពិសិដ្ឋ ព្រមជាមួយធនធានធម្មជាតិដែលជាកាតាលីករទាក់ទាញទេសចរមកពីជុំវិញពិភពលោកកាន់តែច្រើនឡើងពី 1ឆ្នាំទៅ 1ឆ្នាំ។
តាមរយៈការណ៍នេះ គឺយើងបានផ្តល់នូវឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដ៏ល្អៗរបស់កម្ពុជា រួមទាំងរាជធានីភ្នំពេញដែលជាម្ចាស់ផ្ទះរៀបចំ CTMឆ្នាំនេះផង ទៅដល់បណ្តាក្រុមហ៊ុនអន្តរជាតិដែលជា Buyers និងភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកឱ្យបានស្គាល់ ជាពិសេសខណៈដែលពេលថ្មីៗនេះ ប្រាសាទអង្គររបស់កម្ពុជាបន្តទទួលចំណាត់ថ្នាក់លេខ1“ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើសកលលោកសម្រាប់ឆ្នាំ2018” ដោយក្រុមប្រឹក្សាយោបល់ TripAdvisor ដែលនេះជាមោទនភាពមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ស័ក្តិសមនឹងការប្រសិទ្ធនាមថា “កម្ពុជាៈ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ (Cambodia: Kingdom of Wonder-Feel the Warmth)។
ថ្វីដ្បិតតែមានភាពប្រឈមបន្តិចក្តី តែរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី7ខែតុលា ឆ្នាំ2019 កន្លងមកនេះបានបញ្ជាក់ថា នៅរយៈពេល 8ខែដើមឆ្នាំ2019 នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន 4,360,397នាក់ កើនឡើង 10.4% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2018។
ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល 8ខែកន្លងមកនេះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាស មានចំនួន 3,104,489នាក់ ស្មើនឹង 71.2% នៃចំនួនភ្ញៀវសរុបដែលមានកំណើន 16.6% ក្នុងនោះចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន 1,427,487នាក់ កើន14.7%។ តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប 1,188,254នាក់ ថយចុះ9.1% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ចំនួន 488,748នាក់ កើនឡើង343.5%។
ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា នៅ 8ខែដើមឆ្នាំនេះ មានទេសចរកម្ពុជាចេញទៅ ក្រៅប្រទេសចំនួន 1,347,060នាក់ កើនឡើង4.7% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2018។ គួរបញ្ជាក់ ដែរថា កាលពីឆ្នាំ2018 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង 6លាននាក់។
ជាមួយគ្នានេះដែរ របាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ក៏បានបង្ហាញដែរថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិនចំនួន 1.7លាននាក់ក្នុងរយៈពេល 8ខែនៃឆ្នាំ2019 ដែលកើនឡើង 33% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបង្ហាញថា ប្រទេសចិននៅតែជាប្រភពធំបំផុតនៃភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នេះដែលមានចំនួន 39%នៃចំនួនភ្ញៀវទេសចរបរទេសសរុបមកប្រទេសកម្ពុជាក្នុងអំឡុងពេលពីខែមករា ដល់ខែសីហា ឆ្នាំនេះ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា៖“ប្រទេសចិនគឺជាទីផ្សារធំមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា ដែលយើងសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរចិនប្រមាណ 2.6លាននាក់នៅឆ្នាំ2019 នេះ 3លាននាក់នៅឆ្នាំ2020 5លាននាក់នៅឆ្នាំ2025 និងកើនឡើងដល់ 8លាននាក់នៅឆ្នាំ2030”។
យោងតាមរបាយការណ៍ ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន 4.36លាននាក់បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងអំឡុងពេល 8ខែនៃឆ្នាំនេះ គឺកើនឡើង 10,4%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ប្រាប់ឡារ៉ែន ពាណិជ្ជថា៖“បញ្ហាដែលកើតឡើង វាអាស្រ័យទៅលើបរិបទនៅជុំវិញខ្លួនយើង។ ទី1-គឺកត្តាផ្ទៃក្នុងរបស់យើង គឺខ្ញុំសំដៅទៅលើការងាររដ្ឋបាលទាំងអស់ គឺតាំងពីការកែច្នៃ បរិស្ថាន ការទទួលបដិសណ្ឋារកិច្ច ការគាំទ្រទៅលើក្រមសីលធម៌វិជ្ជាជីវៈរបស់ផ្នែកនីមួយៗ ដោយយើងត្រូវការពង្រឹងឡើងវិញ”។
លោកបន្តថា ទី2-ការប្រកួតប្រជែងត្រូវមានតម្លាភាព ដោយអ្នកប្រកបរបរទេសចរណ៍សព្វថ្ងៃ មួយចំនួនពុំមានបទពិសោធ មិនមានចំណេះដឹង ដោយពុំស្គាល់ពីគុណតម្លៃទេសចរណ៍ទេ ហើយចូលមកប្រឡូកមុខរបរនេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកសុចរិតទៀងត្រង់ ដែលចំណុចនេះធ្វើឱ្យប៉ះពាល់ដល់ការផ្សព្វផ្សាយរបស់វិស័យទេសចរណ៍ វានាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃវិស័យទេសចរណ៍ទាំងមូល ហើយរាជរដ្ឋាភិបាលដែលត្រូវរងផលប៉ះពាល់នេះធំជាងគេ ធ្វើឱ្យមិនអាចសម្រេចគោលដៅទេសចរណ៍បាន។
លោកបានបញ្ជាក់ថា ទី3-ពាក់ព័ន្ធនឹងបរិស្ថានជុំវិញយើង ដូចជាការទុកដាក់សំរាមមិនបានត្រឹមត្រូវ។ ទី4-ការតុបតែងកែលម្អ ដូចជាជុំវិញអង្គរ យើងបានតាំងលម្អ និងធ្វើការដាំដុះឱ្យទាក់ទាញដល់ទេសចរណ៍ នេះហើយជាការកែច្នៃនោះ។ ទី5-បរិបទនយោបាយរបស់ជាតិ គួរតែមានការលើកលែងនូវទិដ្ឋាការ ដែលជាការស្នើរបស់ផ្នែកឯកជនតាំងពីឆ្នាំ2008មក ហើយប្រទេសជិតខាងយើងបានធ្វើរួចហើយ តែយើងមិនបានធ្វើនៅឡើយ គឺផលចំណេញយើងនឹងទទួលបានពីភ្ញៀវដែលមានសក្តានុពល។ ម្យ៉ាងវិញទៀតយើងត្រូវតែមានការលើកទឹកចិត្តគ្នា អ្នកដែលរកស៊ីក្នុងវិស័យនេះយូរមកហើយគាត់មានបទពិសោធ ដឹងពីបរិបទនយោបាយ បរិបទទេសចរណ៍ដែលអាចទាក់ទាញទេសចរណ៍ក្រៅស្រុក ដែលការលើកទឹកចិត្តអាចផ្តល់បាន ដូចជាការបន្ធូរបន្ថយពន្ធដែលស្រុកគេក៏បានអនុវត្តដូច្នេះដែរ។ ទី6-បើសិនជាមិនមានសង្គ្រាមនយោបាយក្នុងតំបន់ក្តី ឬក្នុងពិភពលោក នោះនឹងធ្វើឱ្យអ្វីៗមានភាពប្រសើរឡើង។
លោក ហូ វណ្ឌី ក៏បានបញ្ជាក់ដែរថា៖“អ្នកនៅក្នុងវិស័យទេសចរណ៍កំពុងតែរង់ចាំមើលរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលយើងអាចទទួលបានភ្ញៀវទេសចរដូចប្រក្រតីឡើងវិញ ឬមានការកើនឡើង(អំឡុងពាក់កណ្តាលខែ9) ព្រោះថា ការធ្លាក់ចុះនៃភ្ញៀវទេសចរ អាចថាមកពីរដូវខ្សត់ភ្ញៀវ ក៏ថាបាន ដែលយើងសង្ឃឹមថា នឹងមានការកើនឡើងវិញនៃវិស័យទេសចរណ៍ខ្មែរ បើមិនដូច្នោះទេ ទាំងរដ្ឋ និងវិស័យឯកជនត្រូវតែខិតខំទ្វេដងឡើងទៀតលើភាពប្រឈមចំពោះមុខនេះ”។
ឆ្លើយតបនឹងស្ថានភាពទេសចរណ៍បច្ចុប្បន្ន ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តនូវទស្សនវិស័យមួយចំនួនគឺ៖ ជំរុញ និងពង្រីកការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយថែមទៀត ពិសេសតំបន់សៀមរាបអង្គរ និងតំបន់អេកូទេសចរណ៍។ ដោយបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដូចជាទេសចរណ៍ម្ហូបអាហារ វិថីលក់ម្ហូបអាហារ និងផលិតផលម្ហូបអាហារតាមដងផ្លូវ ក្រោមកិច្ចសហការភាពជាដៃគូរវាងរដ្ឋ-ឯកជន ដើម្បីទាក់ទាញទេសចរ និងបង្កើនរយៈពេលស្នាក់នៅរបស់ពួកគេ។
រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍខេត្តសៀមរាប និងតំបន់ជុំវិញដ៏មានសារៈសំខាន់ ដូចជាការសិក្សាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើសពីអ្វីដែលមានស្រាប់នៅតំបន់អង្គរ ការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ការសិក្សាអំពីការរៀបចំ និងគ្រប់គ្រងបរិស្ថានស្អាត និងបៃតងនៅក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ ការរៀបចំកែលម្អផ្លូវក្នុងទីក្រុង ការសម្អាតតាមដងស្ទឹងសៀមរាប និងផ្លូវទៅកាន់សហគមន៍នានាជាដើម។
បន្ថែមលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំណល់សំរាម និងបរិស្ថានស្អាតនៅឆ្នេរ និងទឹកសមុទ្រ ព្រមទាំងសោភណភាពរបស់ខេត្តដើម្បីផាសុកភាពរបស់អ្នកទេសចរ និងប្រជាពលរដ្ឋ។
ក្រសួងទេសចរណ៍កំពុងសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកែប និងមណ្ឌលគិរី និងបានធ្វើកំណែទម្រង់ដ៏សំខាន់មួយ តាមរយៈការបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ដោយផ្តល់តម្លៃដល់វិស័យឯកជន ក្នុងការបន្តចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ក្នុងនោះដែរ ការផ្សារភ្ជាប់វិស័យទេសចរណ៍កម្ពុជាទៅនឹងបដិវត្តន៍ឧស្សាហកម្ម4.0 ដែលផ្តោតខ្លាំងទៅលើឌីជីថលូបនីយកម្មក្នុងការចាប់យកការអភិវឌ្ឍជាវិជ្ជមាន កាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន “បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេក-វិទ្យាទំនើប” ឬអាចហៅបានថា “ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពវៃឆ្លាត”៕