រាជរដ្ឋាភិបាលបានជំរុញឱ្យបន្តយកចិត្តទុកដាក់ បង្កើនតម្លៃបន្ថែមលើផលិតផល ការនាំចេញអង្ករ កសិផលកែច្នៃឱ្យបាន12% នៅត្រឹមឆ្នាំ2025 ក្នុងនោះមានផលិតផលសត្វ និងវារីវប្បកម្ម ព្រមទាំងការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានអាទិភាពចម្បងដូចបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ2015-2025។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖“ វិស័យកសិកម្មបាននិងកំពុងអភិវឌ្ឍគួរជាទីមោទនៈ បច្ចុប្បន្នក្រសួងកំពុងគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានាឱ្យចូលរួមវិនិយោគលើការកែច្នៃផលិផលកសិ-ឧស្សាហកម្ម ដើម្បីធានានូវនិរន្តរភាពនៃការផលិត ស្ថិរភាពទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដាអនាម័យ និងសុវត្ថិភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស និងកំពុងជំរុញបន្ថែមទៀតលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
នាពេលថ្មីៗកន្លងទៅ ដើម្បីជួយសម្រួលដល់ការវិនិយោគក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍ ក្នុងវិស័យនេះ ក្រសួងបានឆ្លើយតបនឹងសំណូមពរពីវិស័យឯកជន ដោយបានដាក់ចេញនូវវិធានការដើម្បីឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធអនុវត្តបន្តដែលមានជាអាទិ៍៖ ទី1-ដាក់អាករលើតម្លៃបន្ថែមសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬសេវាដល់សហគ្រាសផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ2023។ ទី2-អនុគ្រោះដល់សហគ្រាសផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ឱ្យរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស រហូតដល់ដំណាច់ឆ្នាំ2030។ ទី3- អគ្គនាយកដ្ឋានពន្ធដារចេញវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋដល់សហគ្រាសផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវស្រូវ-អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូដែលមានសុពលភាព 1ឆ្នាំម្តង ក្នុងករណីដែលសហគ្រាសនោះកាន់បញ្ជិកាគណនេយ្យស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ជាមួយនឹងសមិទ្ធផលជាវិជ្ជមានដែលក្រសួងសម្រេចបាន ក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូរដោះស្រាយកែសម្រួល និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យមានភាពប្រទាក់ក្រឡាគ្នា និងរលូន ហើយដែលយន្តការទាំងអស់នេះ វេទិកាសាធារណ: រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានអនុវត្តរួចមកហើយ ដោយមានការទទួលស្គាល់ថា មានប្រសិទ្ធភាពខ្ពស់ និងមានការពេញចិត្តពីអ្នកវិនិយោគ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ចំណុចគន្លឹះមួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការពិចារណាពាក់ព័ន្ធនឹងគោលនយោបាយសម្រាប់ជំរុញការវិនិយោគ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នឱ្យទទួលបានជោគជ័យ ក្នុងនោះរួមមាន៖ ទី1- បន្តជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ2015-2025 ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចបាននូវការនាំចេញកសិផលកែច្នៃឱ្យបាន 12% នៃទំហំការនាំចេញសរុបនៅឆ្នាំ2025។ ទី2-ជំរុញអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ SME តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) និងមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។ ទី3-បន្តអនុវត្តគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធគាំទ្រ គោលនយោបាយពន្ធជំរុញកំណើនតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាបង់ពន្ធ ការសម្រួលពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម ឡូជីស្ទីក ការកាត់-បន្ថយថ្លៃអគ្គិសនី។ ទី4- គាំទ្រការផ្សារភ្ជាប់វិស័យកសិកម្មទៅនឹងវិស័យកសិ-ឧស្សាហកម្ម ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិផលនាំចេញ តាមទម្រង់ភាពជាដៃគូរវាងវិស័យសាធារណៈ និងផ្នែកឯកជន។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក Worl Bank (WB )បានចាប់ដៃគូសហប្រតិបត្តិការ និងចាប់ផ្ដើមអនុវត្ដន៍គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា ដែលជាគម្រោងថ្មីមួយ មានទឹកប្រាក់ជាង 100លានដុល្លារអាមេរិក ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន 10លានដុល្លារ ដើម្បីគាំទ្រការវិនិយោគធុរកិច្ចកសិកម្ម និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និងសម្ភារកសិកម្មនៅកម្ពុជា។
ក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តន៍គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (Cambodia Agriculture Sector Diversification Project ឬCASDP) កាលពីថ្ងៃទី10 ខែតុលា ឆ្នាំ2019 នៅទីស្តីការក្រសួងកសិកម្ម លោកស្រី Inguna Dobraja តំណាងWB បានលើកឡើងថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើនសេដ្ឋកិច្ចជាតិ។
លោកស្រីបានបញ្ជាក់ថា៖“ គម្រោង CASDP វានឹងបំពេញតួនាទីសំខាន់ៗ ក្នុងការជួយសម្របសម្រួល ការវិនិយោគធុរកិច្ចកសិកម្ម ជំរុញ និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និងសម្ភារកសិកម្ម ពង្រឹង និងផ្សារភ្ជាប់ខ្សែចង្វាក់តម្លៃ និងទីផ្សារ ជា-ពិសេសលើកទឹកចិត្តឱ្យមានកាលានុវត្តភាពធុរកិច្ចកសិកម្ម។ គម្រោងនេះបានកំណត់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម”។ លោកស្រីបានអះអាងថា ធនាគារពិភពលោកនឹងនៅបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
សូមបញ្ជាក់ថា គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) បានអនុម័តដោយធនាគារពិភពលោកកាលពីខែមករា ឆ្នាំ2019 កន្លងមក ដែលមានថវិកាសរុប 101.67លានដុល្លារអាមេរិក ដែលក្នុងនេះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន 10លានដុល្លារ និងមានរយ:ពេល 6ឆ្នាំ (2019-2025)។
គម្រោងនេះបានអនុវត្ដនៅក្នុងខេត្តគោលដៅចំនួន 12 រួមមាន៖ ខេត្តកំពង់ឆ្នាំង បាត់ដំបង ក្រចេះ ព្រះវិហារសៀមរាប ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កណ្តាលកំពង់ស្ពឺ និងរាជធានីភ្នំពេញ៕