វគ្គបណ្តុះបណ្តាលជំណាញអចលនទ្រព្យស្ដីពី Certified International Property Specialist (CIPS) ដែលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ឬ CVEA បានសហការជាមួយ National Association of Realtors (NAR) របស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹងនៃជំនាញផ្នែកអចលនទ្រព្យអន្តរជាតិនោះ ត្រូវបានបិទបញ្ចប់ហើយបន្ទាប់ពីបានចំណាយពេលលើការសិក្សាអស់រយៈពេល 5ថ្ងៃកន្លងមក។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ប្រាប់កាសែតឡារ៉ែនពាណិជ្ជក្នុងពិធីបិទកម្មវិធីថា៖“វគ្គសិក្សា(CIPS)នេះមានរយៈពេល 5ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី14 ដល់ថ្ងៃទី18 ខែតុលា ឆ្នាំ2019 ក្រោមការបណ្តុះបណ្តាលពីលោក Furhad Waquadដែលជាអ្នកមានជំនាញ និងចំណេះដឹងខ្ពស់ផ្នែកទីផ្សារអចលនទ្រព្យអន្តរជាតិមកពី (NAR) របស់សហរដ្ឋអាមេរិក”។
លោកបន្តទៀតថា៖ “ការបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យកូនខ្មែរទទួលបានចំណេះដឹងបន្ថែម ពីមុខជំនួញនៃទីផ្សារអចលនទ្រព្យជាលក្ខណៈអន្តរជាតិដែលគ្រូបានបង្ហាត់បង្ហាញពីរបៀបរបបនៃការធ្វើជំនួញក្នុងទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីអាស៊ីប៉ាស៊ីហ្វិក ទីផ្សារនៅក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ក៏ដូចជាភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់ផ្សេងៗលើពិភពលោកដែរ”។
លោកប្រធានសមាគមបានបញ្ជាក់ថា៖ “CIPS គឺជានិមិត្តសញ្ញាមួយ និងជាផ្នែកមួយរបស់ NAR ដែលគេជឿជាក់នៅលើទីផ្សារអន្តរជាតិ ហើយនៅពេលដែលយើងមានសញ្ញាសម្គាល់នេះ គេនឹងជឿជាក់ក្នុងការធ្វើការងារជាមួយគ្នាដែលនេះជាគោលការណ៍សំខាន់ ហើយសម្រាប់ការឆ្លងកាត់វគ្គ CIPS នេះ ត្រូវការប្រើរយៈពេល 5ថ្ងៃជាប់ៗគ្នា ស្មើនឹង 40ម៉ោង ដើម្បីយើងអាចក្លាយទៅជាបណ្តាញសមាជិករបស់ CIPS”។
លោកប្រធានបន្តទៀតថា៖“ជាទូទៅ អ្នកដែលត្រូវបញ្ចប់ការសិក្សាក្នុងវគ្គនេះ គឺយើងមានសិក្ខាកាមចំនួន 68នាក់ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជំនាញពិសេសមួយនេះ ភាគច្រើនជាថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ អ្នកវិនិយោគលើអចលនទ្រព្យ ពាណិជ្ជករ និងបុគ្គលដែលពាក់ព័ន្ធ ដែលទី1-ពួកគាត់ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពនៃការទទួលបានចំណេះដឹង និងជំនាញយ៉ាងពិតប្រាកដក្រោយពេលបញ្ចប់ការសិក្សា”។
លោក សុខនីម ក៏បានបញ្ជាក់ផងដែរបន្ថែមថា៖“ទី2-គឺយើងជួយកសាងសមត្ថភាពគាត់ដែលជាភ្នាក់ងារអចលនទ្រព្យឱ្យមានក្រមសីលធម៌ខ្ពស់ ព្រោះនៅក្នុងវគ្គនេះ គឺមានបង្រៀនពីក្រមសីលធម៌វិជ្ជាជីវៈការធ្វើមុខជំនួញ និងបែបផែននៃការធ្វើអចលនទ្រព្យផងដែរ។ ព្រោះថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ មិនមែនយើងអាចធ្វើការបាននៅលើបណ្តាប្រទេសលើពិភពលោកនោះទេ”។
លោកបានបញ្ជាក់ទៀតថា ជាអ្នកពូកែរកស៊ីជួញដូរនៅស្រុកខ្មែរក៏មិនប្រាកដថា យើងអាចពូកែរកស៊ីនៅសហរដ្ឋអាមេរិកដែរ តែវគ្គ CIPS នេះ គឺបង្រៀនថា បើយើងជាភ្នាក់ងារអចលនទ្រព្យនៅអាមេរិក តើយើងត្រូវធ្វើម៉េច? មានច្បាប់អ្វីខ្លះដើម្បីអាចធ្វើជាភ្នាក់ងារអចលនទព្យបាន? មានបទដ្ឋានអ្វីខ្លះដើម្បីទិញ និងលក់អចលនទ្រព្យបាននៅសហរដ្ឋអាមេរិក។
នេះជាចំណេះដឹងមូលដ្ឋានក្នុងវគ្គសិក្សានេះ ហើយនៅអឺរ៉ុបវិញ ត្រូវធ្វើម៉េចដើម្បីទិញ-លក់អចលនទ្រព្យនៅអឺរ៉ុបបាន? ដូចនេះមានតែអ្នកឆ្លងកាត់វគ្គ CIPS នេះទេ ដែលអាចដឹងរឿង និងរបៀបរបបនៃការធ្វើការងារ និងការទិញ-លក់ និងការជួញដូរអចលនទ្រព្យជាលក្ខណៈសកល។
លោក ច្រឹក សុខនីម បានបន្តថា៖“នេះជាការល្អសម្រាប់ប្រជាជនខ្មែរ ជាភ្នាក់ងារអចលនទ្រព្យដែលមានជំនាញបែបហ្នឹង ដូច្នេះគាត់អាចធ្វើការងារជាលក្ខណៈសកលបាន។ ការទទួលបានចំណេះដឹងបែបនេះនឹងធ្វើឱ្យប្រទេសយើងមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ និងបង្កើនអ្នកធ្វើជាភ្នាក់ងារអចលនទ្រព្យជាសកលបានចំនួនច្រើននាក់ ហើយវាក៏ជួយលើកតម្លៃភ្នាក់ងារអចលនទព្យរបស់យើងលើឆាកអន្តរជាតិផងដែរ”។
លោក ឈួន ស៊ុនហួត មកពីក្រុមហ៊ុន Reliance Property ដែលជាសិក្ខាកាមមួយរូបនៅក្នុងវគ្គនេះបានសម្តែងមតិថា៖ “ជាក់ស្តែង វាជាវិជ្ជាជីវៈសម្រាប់យើងជាភ្នាក់ងារអចលនទ្រព្យនៅទូទាំងពិភពលោកព្រោះការបង្រៀនវាទាក់ទងទៅនឹងប្រទេសផ្សេងៗ ជាមួយនឹងបទពិសោធនៃការ ទិញ-លក់ការជួញដូរ ច្បាប់ និងព័ត៌មានដែលជាចំណេះដឹងទូទៅនៃប្រទេសផ្សេងៗថា តើខាងគេការទិញ-លក់អចលនទ្រព្យវាយ៉ាងម៉េច? វាធ្វើឱ្យយើងស្វែងយល់បានខ្លះៗ ព្រោះរយៈពេលនៃការសិក្សាមានពេលខ្លី។ ដូច្នេះខ្ញុំយល់ថា ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យម្នាក់ ការជួញដូរអចលនទ្រព្យនៅប្រទេសក្រៅ នៅអឺរ៉ុប សហរដ្ឋអាមេរិក ឬប្រទេសផ្សងៗទៀតនោះ តើយើងត្រូវចេះដឹងពីបច្ចេកទេស ឬវប្បធម៌ និងការអនុវត្តរបស់គេយ៉ាងម៉េច?”។
លោក ឈួន ស៊ុនហួត បានបញ្ជាក់ថា៖“ការឆ្លងកាត់វគ្គសិក្សានេះ យើងឃើញថា ប្រទេសក្រៅជាប្រទេសជឿនលឿន ហើយការទិញ-លក់អចលនទ្រព្យវាក៏ផ្សេងៗពីគ្នាដែរ អ៊ីចឹងខ្ញុំគិតថា យកតាមបទពិសោធរបស់គេខ្លះដើម្បីយកមកសិក្សា ហើយអនុវត្តនៅស្រុកយើងដែលយើងអាចចែករំលែកជូនដល់ភ្ញៀវនៅក្នុងស្រុក និងអ្នកវិនិយោគិនមកពីប្រទេសក្រៅបាន មានន័យថាយើងទាក់ទាញវិនិយោគិនពីស្រុកក្រៅមកវិនិយោគក្នុងស្រុក ហើយពីក្នុងស្រុកទៅវិនិយោគនៅក្រៅស្រុកបានដូចគ្នា ព្រោះជាចំណេះដឹងបែបសកល”។
លោក មឹក ចិន្តា ស្ថាបនិកនៃគេហទំព័រ Realestate.Com.Kh មានប្រសាសន៍ប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖“ជាការពិតទៅ វគ្គសិក្ខាសាលានេះផ្តល់ផលប្រយោជន៍សំខាន់ណាស់ទៅដល់ ភ្នាក់ងារអចលនទ្រព្យដែលនឹងទទួលបាននូវអ្វីដែលជាជំនាញពិតប្រាកដនៅក្នុងការទាក់ទាញភ្ញៀវថ្នាក់តំបន់ និងអន្តរជាតិ ដោយគាត់មានឱកាសក្នុងការជួញដូរជាមួយនឹងវិនិយោគិនក្រៅស្រុកដូចជាចិន ជប៉ុន អឺរ៉ុប និងអាមេរិកជាដើម ព្រោះវគ្គនេះបានផ្តល់នូវចំណេះដឹងពីការទិញ-លក់គ្រប់លក្ខណៈនៃអចលនទ្រព្យរបស់ប្រទេសនីមួយៗ និងយល់ដឹងពីវប្បធម៌ទំនៀមទម្លាប់របស់ប្រទេសទាំងនោះ ដែលនេះជារឿងចាំបាច់”។
លោក ចិន្តា បានបញ្ជាក់បន្ថែមថា៖“សម្រាប់ភ្នាក់ងារអចលនទ្រព្យ ប្រសិនបើគាត់មិនបានឆ្លងកាត់វគ្គសិក្សាហ្នឹង គាត់នឹងបាត់បង់ឱកាស ព្រោះវាជាឱកាសមួយដែលយើងត្រូវតែចាប់យកនូវចំណេះដឹងដ៏មានសារៈសំខាន់នេះ បើវាកន្លងហួស គឺវាពិតជាគួរឱ្យសោកស្តាយ ព្រោះវានឹងជួយបំពេញនូវបទពិសោធសម្រាប់យើង ក៏ដូចជាវិស័យអចលនទ្រព្យទាំងមូលជាលក្ខណៈអន្តរជាតិតាមរយៈការងារនៃវិស័យអចលនទ្រព្យរបស់យើង”៕