វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងមធ្យមបច្ចេកទេសជាមុខជំនាញមួយដែលកំពុងមានទីផ្សារនៅកម្ពុជា នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញអប់រំ និងការងារនៅកម្ពុជា។
ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា មុខវិជ្ជា STEM ជាមុខវិជ្ជាមួយដែលកំពុងមានទីផ្សារនៅកម្ពុជា ហើយមុខវិជ្ជានេះផងដែរក៏ជាមុខវិជ្ជាសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសនាថ្ងៃអនាគត។ អាជីពដែលកម្ពុជាកំពុងត្រូវការខ្លាំង និងមានទីផ្សារនោះគឺ ជំនាញបច្ចេកទេសកុំព្យូទ័រ និងវិស្វកម្ម ជាដើម។ ក្រៅពីនេះមានជំនាញមួយចំនួនទៀតដែលមិនមែនជាជំនាញបច្ចេកទេសទេ ប៉ុន្តែយុវជនត្រូវតែរៀនឱ្យចេះច្បាស់ ព្រោះប្រសិនបើរៀនមិនបានច្បាស់ទេនោះ ទោះក្នុងជំនាញណាក៏មិនអាចរកការងារល្អបានដែរ តែបើរៀនចេះច្បាស់ ទោះក្នុងជំនាញណាក៏អាចរកការងារល្អបានយ៉ាងពិតប្រាកដ។
ស្រដៀងគ្នានេះដែរ ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សិស្សនៅកម្ពុជាពេលបច្ចុប្បន្ននេះមានជម្រើសច្រើនណាស់សម្រាប់ការកំណត់អាជីពនាពេលអនាគត។ សិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិក្តី មិនជាប់ក្តី អាចដាក់ពាក្យសុំចូលរៀនជំនាញបច្ចេកទេសលើមុខវិជ្ជាជាច្រើនដែលកម្ពុជាកំពុងត្រូវការ។ នាពេលបច្ចុប្បន្ននេះកម្ពុជាកំពុងត្រូវការពលកម្មជំនាញមធ្យមច្រើន ហើយការសិក្សាជំនាញបច្ចេកទេសកម្រិតមធ្យមនេះ មិនចាំបាច់ទាមទារឱ្យសិស្សមានបាក់ឌុបនោះទេ។
ឯកឧត្តមបានបន្តថា ពលកម្មជំនាញមធ្យម ឬកម្មករជំនាញនាពេលបច្ចុប្បន្ននេះ អាចទទួលបានប្រាក់ខែខ្ពស់ ហើយក៏ជាមុខជំនាញមួយដែលសង្គមកំពុងតែត្រូវការដែរ។ មានអ្នកខ្លះធ្វើការបានប្រាក់ខែខ្ពស់ហើយទើបបន្តយកវិស្វករក៏មានដែរ៕