សិស្សសាលាវ៉េស្ទឡាញន៍ចំនួន 8រូបបានត្រឡប់មកពីសហរដ្ឋអាមេរិកវិញហើយបន្ទាប់ពីបានចំណាយពេលវេលាប្រមាណ 3សប្តាហ៍ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធរវាងសាលារៀន និងសាលារៀន (International School to School Experience) នៅសហដ្ឋអាមេរិក។
សិស្សឈ្មោះ ផាន សុមនា ដែលទើបនឹងត្រឡប់មកពីកម្មវិធីផ្លាស់ប្តូរបទពិសោធនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្អូនទទួលបានបទពិសោធថ្មីៗគួរឱ្យចាប់អារម្មណ៍ជាច្រើននៅលើទឹកដីនៃរដ្ឋ Colorado បន្ទាប់ពីបានរស់នៅ និងស្វែងយល់ពីវប្បធម៌ប្រពៃណី រួមទាំងរបៀបនៃការរស់នៅជាមួយគ្រួសារដែលកំពុងរស់នៅសហរដ្ឋអាមេរិកផ្ទាល់។ ក្រៅពីនេះ ប្អូនក៏បានសិក្សាស្វែងយល់ពីចំណុចពិសេសៗជាច្រើនបន្ថែមទៀតសម្រាប់ការរស់នៅទីនោះ ដូចជាអាហារ អាកាសធាតុ និងការប្រាស្រ័យទំនាក់ទំនងជាដើម ដែលអាចធ្វើឱ្យប្អូនស្គាល់កាន់តែច្បាស់ ហើយអាចងាយសម្របខ្លួនបានល្អប្រសិនបើប្អូនបានទៅសិក្សានៅទីនោះនាថ្ងៃអនាគត។
យុវសិស្ស ផាន សុមនា បាននិយាយថា៖ “ក្រៅពីការស្វែងយល់ និងសិក្សាពីការរស់នៅសហរដ្ឋអាមេរិក យើងទាំងអស់គ្នាក៏បានឆ្លៀតយកឱកាសល្អនេះដើម្បីបង្ហាញពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ និងអ្វីដែលជាអត្តសញ្ញាណខ្មែរជាច្រើនដល់សិស្សនៅអាមេរិកផងដែរ។ ពួកគេមានអារម្មណ៍ថា រីករាយ ហើយចង់មកកម្ពុជាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីការរស់នៅដ៏ល្អ និងគួរឱ្យចាប់អារម្មណ៍របស់ប្រជាជនខ្មែរ”។
អាណាព្យាបាលសិស្សមួយរូបដែលបានបញ្ចូនកូនទៅចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធនៅសហរដ្ឋអាមេរិក លោក ស សារ័ត្ន បានលើកឡើងថា លោកមានអារម្មណ៍រីករាយនៅពេលដែលបានឃើញកូនត្រឡប់មកពីផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកនៅថ្ងៃនេះដោយទទួលបាននូវបទពិសោធច្រើន ហើយថែមទាំងបានចូលរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីដ៏ល្អរបស់ខ្មែរយើងទៅកាន់អាមេរិកថែមទៀតផង។ លោកយល់ថា ការបញ្ជូនកូនទៅកាន់សហរដ្ឋអាមេរិកនៅលើកនេះ នឹងធ្វើកូនរបស់គាត់មានសមត្ថភាពកាន់តែខ្លាំង ព្រោះរាល់ពេលដែលកូនរបស់គាត់ចេញទៅកម្មវិធីនានានៅបរទេស ហើយត្រឡប់មកវិញគេកាន់តែខិតខំប្រឹងប្រែង និងមានសេចក្តីក្លាហានខ្លាំងជាងមុន។ លើសពីនេះទៅទៀត អ្វីដែលជាចំណុចល្អនោះគឺកូនរបស់គាត់នឹងអាចស្វែងយល់ ហើយសម្របខ្លួនបានល្អប្រសិនបើថ្ងៃក្រោយគាត់មានឱកាសទៅសិក្សានៅបរទេស ព្រោះគាត់បានស្គាល់ និងដឹងពីស្ថានភាពជាក់ស្តែងតាំងពីគាត់នៅក្មេងមកម៉្លេះ។
លោកស្រី អុី សោភា តំណាងឱ្យនាយក-នាយិកានៃសាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ បានថ្លែងថា ការផ្លាស់ប្តូររបស់សិស្សានុសិស្សទៅកាន់សហរដ្ឋអាមេរិកលើកនេះ ជាចំណុចពិសេសមួយដែលអាចធ្វើឱ្យសិស្សអភិវឌ្ឍសមត្ថភាពបានកាន់តែប្រសើរជាមួយនឹងបទពិសោធជាក់ស្តែងក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជននៅអាមេរិក។
លោកស្រីបានថ្លែងអំណរគុណដល់អាណាព្យាបាលសិស្សទាំងអស់ដែលបានសហការល្អជាមួយសាលា និងចូលរួមចំណែកដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំកម្មវីធីដ៏មានសារៈសំខាន់នេះទទួលបានជោគជ័យនាថ្ងៃនេះ។ លោកស្រីលើកទឹកចិត្តឱ្យអាណាព្យាបាលព្យាយាមយកចិត្តទុកដាក់ និងផ្តល់ឱកាសឱ្យកូនកាន់តែច្រើនដើម្បីស្វែងយល់ពីការអប់រំឱ្យបានកាន់តែទូលំទូលាយនៅក្នុងពិភពលោក ដែលជាចំណុចដ៏សំខាន់ក្នុងការប្រែក្លាយពួកគេឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលនៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ការទស្សនកិច្ចសិក្សានេះ មិនត្រឹមតែជាដំណើរកម្សាន្តប៉ុណ្ណោះទេ តែសិស្សានុសិស្ស នឹងស្វែងយល់ពី វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ នៃប្រជាជនក្នុងតំបន់នៃរដ្ឋ ខូលូរ៉ាដូ ( Colorado ) ជាពិសេស ប្អូនៗ នឹងយល់ដឹងស៊ីជម្រៅពីការរស់នៅប្រចាំថ្ងៃ តាមរយៈការស្នាក់នៅ ជាមួយក្រុមគ្រួសារដែលកំពុងរស់នៅសហរដ្ឋអាមេរិកផ្ទាល់ ។ បន្ថែមពីចំនេះដឹងទាំងនេះ ក្រុមហ៊ុនវេសឡាញ បានសហការជាមួយសាលា Angevine Middle School នៅសហរដ្ឋអាមេរិក ដើម្បីប្អូនៗ អាចទទួលបានបទពិសោធក្នុងការ-សិក្សាថ្មីៗ ដើម្បីមកចែករំលែកដល់សិស្សានុសិស្សដទៃទៀតនៃសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ ដែលពុំទាន់បានចូលរួមផងដែរ។ មួយវិញទៀត ដើម្បីជាការអបអរសាទរ ដល់ប្អូនៗ ដែលតែងតែខិតខំប្រឹងប្រែង និងក្លាហាន ក្នុងការប្រកួត ប្រជែងវិញ្ញាសា រហូតទទួលបានលទ្ធផលល្អ ។ ក្នុងនោះ ក្រុមហ៊ុនបានរៀបចំក្នុងការហ្វឹកហាត់សិស្សានុសិស្សឱ្យចេះរៀនរស់នៅដោយឯករាជ្យភាព ការចេះគោរពស្រលាញ់អ្នកដទៃ ការធ្វើការជាក្រុម ការហ្វឹកហាត់ភាសាអង់គ្លេសបែបប្រាស្រ័យទាក់ទង និងចំណេះដឹងពីវប្បធម៌ខ្មែរជាច្រើនទៀត ដើម្បីចែករំលែកដល់សិស្សានុសិស្សនៅសហរដ្ឋអាមេរិក៕