ខណៈមានផលិតកម្មជាច្រើនបាននិងកំពុងសាងស្នាដៃខ្លួនដើម្បីទាញយកទីផ្សារភាពយន្ដសម្រាប់ចាក់បញ្ចាំងនៅតាមស្ថានីយទូរទស្សន៍ ផលិតកម្មចក្រវាឡិ៍ពេជ្រ បច្ចុប្បន្នក៏កំពុងសម្រុកផលិតភាពយន្ដភាគដ៏មានគុណភាពជាច្រើនដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារមួយនេះដែរ។
អ្នកស្រី ថុង ស៊ីវទៀង ចាងហ្វាងផលិតកម្មចក្រវាឡិ៍ពេជ្របានលើកឡើងថា ដ្បិតតែស្ថានភាពទីផ្សារភាពយន្ដខ្មែរបច្ចុប្បន្ននៅតូចចង្អៀត និងគុណភាពនៅមានកម្រិតនៅឡើយ ទើបមានផលិតកម្មជាច្រើនបាន និងកំពុងតែធ្វើការលើបញ្ហានេះ ក្នុងនោះផលិតកម្មរបស់លោកស្រីក៏កំពុងតែប្រឹងប្រែងផលិតខ្សែភាពយន្ដដោយផ្ដោតលើគុណភាពខ្លាំងដែរ។ លោកស្រីបន្ដថា៖ «ខ្ញុំដឹងថាគុណភាពភាពយន្ដរបស់យើងហាក់នៅមានកម្រិតនៅឡើយ ប៉ុន្ដែខ្ញុំសប្បាយចិត្ដខណៈមានផលិតករជាច្រើនរួមទាំងរូបខ្ញុំផងកំពុងតែប្រឹងប្រែងពង្រឹងគុណភាពនៃសមិទ្ធផលរបស់ខ្លួនបន្ថែមទៀត ពោលគឺយើងធ្វើដើម្បីបុព្វហេតុតែមួយ គឺមុខមាត់ប្រទេសជាតិយើង»។
ចាងហ្វាងផលិតកម្មរូបនេះបានទទួលស្គាល់ថា ការផលិតភាពយន្ដគ្មានគុណភាពនេះហើយដែលនាំឱ្យការផលិតរបស់ផលិតកម្មលោកស្រីកាលពីប៉ុន្មានឆ្នាំមុនពិបាករកទីផ្សារ។ ផ្ទុយទៅវិញបច្ចុប្បន្នលោកស្រីបានបំពាក់បន្ថែមសម្ភារទំនើបៗក្នុងការផលិត និងប្រមូលធនធានមនុស្សបានច្រើនទាំងតារាសម្ដែង អ្នកនិពន្ធ និងអ្នកដឹកនាំរឿង ដែលជំរុញឱ្យការផលិតរបស់លោកស្រីកាន់តែមានទីផ្សារល្អឡើង។
ជាក់ស្ដែងស្ទើរតែគ្រប់រឿងភាគដែលផលិតដោយផលិតកម្មចក្រវាឡិ៍ពេជ្រត្រូវបានយកទៅចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ5 ដូចជា«ស្ទឹងស្នេហា» «ស្នេហ៍បញ្ច្រាសទិស» និង«លេខាថ្មី»ជាដើម។
លោកស្រីថុង ស៊ីវទៀង បញ្ជាក់ថាទោះបីជាផលិតកម្មចក្រវាឡិ៍ពេជ្រ បានឈានទៅដល់កិច្ចសហការជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ5 ជាទីផ្សារចែកចាយមួយដ៏ធំក៏ដោយ ក៏លោកស្រីពុំទាន់ចាត់ទុកថាជាជោគជ័យធំសម្រាប់ផលិតកម្មលោកស្រីដែរ ព្រោះឆន្ទៈរបស់លោកស្រីចង់ធ្វើឱ្យបានភាពយន្ដដែលកាន់តែមានគុណភាពជាលក្ខណៈស្ដង់ដារ អាចបញ្ចូលទៅកាន់ទីផ្សារនៃប្រទេសជិតខាងបាន។ ជាមួយនឹងផែនការ និងការតាំងចិត្ដ លោកស្រីថុង ស៊ីវទៀង បានប្រាប់ថា៖ «ទៅអនាគតប្រសិនបើភាពយន្ដខ្មែរយើងមានទីផ្សារធំ ខ្ញុំមិនខ្លាចក្នុងការចំណាយទុនបន្ថែមដើម្បីធ្វើឱ្យភាពយន្ដកាន់តែមានគុណភាពល្អនោះឡើយ ព្រោះខ្ញុំជឿថាមិនមែនមានតែខ្ញុំទេដែលចង់ផលិតភាពយន្ដកម្រិតស្ដង់ដារអន្ដរជាតិនោះ»៕