ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 19ឆ្នាំរបស់កម្ពុជា ត្រូវសម្រាកយកកម្លាំងដើម្បីប្រកួតជាមួយនឹងក្រុមថៃ នៅថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ខាងមុខនេះ ដោយសារកម្ពុជាបានឆ្លងកាត់២ប្រកួតមុនគេរួចហើយ។
នៅល្ងាចថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2019 ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង3 និង30នាទី មានការប្រកួតក្នុងវគ្គជម្រុះខាងលើចំនួន 2ប្រកួត ដោយគូទី1 គឺក្រុមយុវជនអាយុក្រោម 19ឆ្នាំរបស់ក្រុមដំរីសឹកថៃ ជួបជាមួយនឹងក្រុមកោះម៉ារីណាខាងជើង ខណៈដែលគូទី2 គឺក្រុមម៉ាឡេស៊ី ត្រូវជួបជាមួយនឹងប្រ៊ុយណេ នៅវេលាម៉ោង6 និង30នាទីល្ងាច។
គួរបញ្ជាក់ផងដែថា សម្រាប់ការប្រកួតជាមួយកម្ពុជានៅថ្ងៃទី8 ខាងមុខនេះ កីឡាករ Suphanat Mueanta របស់ក្រុមថៃដែលរកបាន 4គ្រាប់ក្នុង 1ប្រកួតដំបូងនោះ នឹងអវត្តមានក្នុងជំនួបនោះ ដោយសារតែជាប់ភារកិច្ចហ្វឹកហាត់ក្នុងក្រុមបាល់ទាត់ឈុតធំជម្រើសជាតិថៃ ក្នុងវគ្គជម្រុះ World Cup ជាមួយនឹងម៉ាឡេស៊ី នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2019 ខាងមុខនេះដែរ៕