នាពេលបច្ចុប្បន្ន មាននិស្សិតជាច្រើនរអ៊ូថា ខ្វះការងារធ្វើ ឬមិនអាចស្វែងរកការងារឱ្យត្រូវជំនាញបាន ខណៈនិស្សិតមួយចំនួនទៀតកំពុងតែស្ថិតក្នុងស្ថានភាពប្រទាញប្រទង់ដែលមានស្ថាប័នជាច្រើនសុទ្ធតែទាក់ទងចង់ឱ្យគាត់ទៅជួយ។ ស្ថានភាពជាក់ស្តែងទាំងនេះ បង្ហាញឱ្យឃើញពីគម្លាតសមត្ថភាព និងការស្វែងរកឱកាសការងាររបស់ប្រជាជននៅកម្ពុជា។
ខាងក្រោមនេះ ជាវិធីមួយចំនួនដើម្បីកុំឱ្យខកចិត្តក្រោយពេលបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ៖
1.ធ្វើការងារហាត់ការ និងការងារស្ម័គ្រចិត្ត
មនុស្សមួយចំនួនគិតថា ការងារស្ម័គ្រចិត្តជារឿងដែលមិនមានប្រយោជន៍ ព្រោះវាមិនមែនជាការងារជាប់លាប់ ហើយបានប្រាក់កម្រៃដើម្បីឆ្លើយតបជាមួយនឹងកម្លាំងពលកម្មតិចតួច តែតាមពិត ការងារស្ម័គ្រចិត្តជាឈ្នាន់ដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកភាពជាអ្នកស្ទាត់ជំនាញក្នុងការងារសំខាន់ៗជាច្រើន។ នៅគ្រប់ប្រកាសជ្រើសរើសបុគ្គលិកសុទ្ធតែមានដាក់ថា ត្រូវការមនុស្សដែលមានបទពិសោធយ៉ាងតិចបំផុត 1ឆ្នាំ។ ត្រង់ចំណុចនេះឯង ដែលនិស្សិតដែលធ្លាប់បានធ្វើការងារហាត់ការមានប្រៀប និងអាចដាក់ពាក្យប្រកបដោយទំនុកចិត្តជាមួយនឹងបទពិសោធដែលខ្លួនបានមកពីការងារហាត់ការ និងស្ម័គ្រចិត្តនៅតាមស្ថាប័ននានានោះ។
2.ពង្រឹងជំនាញទំនាក់ទំនង
មនុស្សដែលមានសមត្ថភាព ហើយមានការងារល្អ ឬអាជីវកម្មជោគជ័យបន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ មិនមែនសុទ្ធតែជាអ្នកដែលរៀនបានលេខ1គ្រប់គ្នានោះទេ តែពួកគេសុទ្ធតែមានលក្ខណសម្បត្តិមួយដូចគ្នា គឺមានទំនាក់ទំនងល្អ។ ដូចដែលបានបង្ហាញនៅក្នុងចំណុចខាងលើហើយថា និស្សិតគួរតែធ្វើការងារហាត់ការ ឬការងារស្ម័គ្រចិត្តដែលត្រូវនឹងជំនាញរបស់ខ្លួន ព្រោះគុណសម្បត្តិរបស់វាអាចធ្វើឱ្យពួកគេទទួលបានទាំងបទពិសោធ និងទំនាក់ទំនងល្អជាមួយនឹងស្ថាប័នការងារ។ នៅពេលដែលពួកគេមានទំនាក់ទំនងល្អជាមួយសិស្សច្បងដែលកំពុងប្រកបវិជ្ជាជីវៈដូចដែលគេកំពុងសិក្សា និងមានទំនាក់ទំនងល្អជាមួយនឹងអ្នកគ្រប់គ្រងស្ថាប័ននានានោះ ពួកគេនឹងមានឱកាសខ្ពស់បំផុតដើម្បីទទួលបានការងារដែលខ្លួនពេញចិត្ត។
3.ធ្វើការងារទីផ្សារខ្លួនឯង
ការសិក្សានៅកម្រិតមហាវិទ្យាល័យប្រៀបបានទៅនឹងការកសាងផលិតផលនៃគំនិតសម្រាប់ខ្លួនឯងដូច្នោះដែរ ហេតុនេះផលិតផលដែលខ្លួនបានបង្កើតឡើងនោះត្រូវតែយកទៅដាក់បង្ហាញនៅក្នុងទីផ្សារការងារ។ ប្រសិនបើពួកគេគ្មានប្រវត្តិល្អ និងគ្មានវិធីសាស្រ្តក្នុងការបង្ហាញខ្លួនបានល្អទៅកាន់សង្គមទេនោះ ពួកគេអាចនឹងពិបាកទទួលបានការងារល្អ។ វិធីល្អសម្រាប់ការបង្ហាញខ្លួនឯងគឺមានច្រើន ដូចជាការសរសេរហើយបង្ហាញគំនិតដែលមានប្រយោជន៍ទាំងអស់នោះក្នុងបណ្តាញសង្គម ការបង្កើតក្រុមការងារដើម្បីធ្វើកិច្ចការសង្គម រួមទាំងការបង្កើតក្រុមដើម្បីចែករំលែកចំណេះដឹងទៅកាន់យុវជនដូចគ្នាដើម្បីឱ្យគ្រប់ភាគី ជាពិសេសអ្នកគ្រប់គ្រងស្ថាប័ននានាបានឃើញ ហើយចាប់អារម្មណ៍សម្រាប់ឱកាសការងារ៕