គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនកម្ពុជា លោក Koji Gyotoku បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតកាលពីរាត្រីថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2019 ថា លោកពិតជាសប្បាយចិត្តចំពោះជ័យជម្នះនេះមែន តែបើតាមការសង្កេតមើលពីទម្រង់លេងរបស់យើងវិញ គឺហាក់មិនបានល្អដូចលោកបានរំពឹងទុកឡើយ ដោយសារបច្ចេកទេសកីឡាកររបស់យើងមិនសូវល្អ។
លោកបានបញ្ជាក់ថា បើប្រៀបជាមួយនឹងក្រុមថៃ លោកមើលឃើញថា យើងនៅស្ទើរបច្ចេកទេសជាងគេច្រើនគួរសម ដូចនេះលោកមិនទាន់ហ៊ាននិយាយថា ជំនួបជាមួយនឹងថៃក្នុងការប្រកួតបន្ទាប់យើងអាចទទួលជ័យជម្នះបាន ឬយ៉ាងណានៅឡើយទេ។
ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 វគ្គជម្រុះប្រចាំពូល G កាលពីយប់ថ្ងៃទី4 ក្រុមកម្ពុជាអាយុក្រោម 19ឆ្នាំ បានយកឈ្នះក្រុមកោះម៉ារីណាខាងជើងអាយុក្រោម 19ឆ្នាំ ដោយលទ្ធផល 9ទល់នឹង0 នៅពហុកីឡដ្ឋានជាតិ៕