មួយឃ្លាដែលមហាជនអ្នកគាំទ្រជាច្រើនចាក់ដោតអារម្មណ៍ខណៈទស្សនារឿង «Young Love ឬ ស្នេហាក្មេងៗ» គឺ “ សេចក្តីស្រលាញ់មិនមែនមានន័យថា ត្រូវរង់ចាំនោះទេ សំខាន់ត្រូវចងចាំពេញវេលាទាំងនោះ” ។ ផលិតកម្មកងចក្រភាពយន្ត បានបើកសម្ពោធដាក់បញ្ចាំងភាពយន្តខ្នាតធំមួយនេះ យ៉ាងកក្រើនៅបរិវេនរោងកុនទំនើប Major Cineplex អ៊ីអន១ ។ និយាយទៅគឺសាច់រឿងទាំងមូលមានគ្រប់រស់ជាតិតែម្តង ទាំងបញ្ហាជីវិត មិត្តភាព គ្រួសារ ស្នេហាយុវវ័យ និងសម្បូរទៅដោយឈុតកំប្លែងថែមទៀត ដែលធ្វើអ្នកទស្សនាពោរពេញដោយអារម្មណ៍សប្បាយម៉ង!..។
សម្រាប់សាច់រឿងត្រូវបានរៀបរាប់ឱ្យដឹងថា នៅទីក្រុងភ្នំពេញសម័យទំនើប កេសរគឺជាក្មេងស្រីម្នាក់ដែលទើបតែពេញវ័យ16 ឆ្នាំ។ នាងរស់ នៅជាមួយជីដូនដោយទន្ទឹងរង់ចាំសំបុត្រពីម្តាយរបស់នាងជារៀងរាល់ថ្ងៃ។ នាងមានមិត្តភ័ក្រ្តជិត ស្និទ្ធចំនួន3នាក់គឺ រិទ្ធ សុភ័ក្រ្ត និងបេទ្បា ដែលបានរួមដំណើរជាមួយនាងដើម្បីសម្រេចក្តីស្រមៃ ក្នុងវ័យជំទង់នេះ។ អ្វីៗបានផ្លាស់ប្តូរបន្ទាប់ពីនាងបានជួបនឹងវេហាដែលជាសិស្សច្បងដ៏ស្រស់សង្ហា មួយរូប។ អ្នកទាំងពីរចាប់ផ្តើមរៀនស្គាល់ចិត្តគ្នា ហើយបើកទំព័រស្នេហាដំបូងរបស់ខ្លួន។ កេសរ ចាប់ផ្តើមស្គាល់ពីការថែរក្សា ស្នេហា មិត្តភាព និងគ្រួសារក្នុងពេលតែមួយ។ ហើយរឿងរ៉ាវទាំងអស់ នេះក៏បានធ្វើឱ្យកេសរដឹងរឿងមួយដែលនាងមិនធ្លាប់ចាប់អារម្មណ៍ពីមុនមក។ តើមិត្តភាពរបស់ នាងនឹងនៅតែបន្តឬក៏នាងត្រូវតែជ្រើសរើសរវាងស្នេហានិងមិត្តភក្តិ? ភាពយន្តនេះ ប្រកាសលក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី7 ខែ វិច្ឆិកា2019 តទៅ ដោយរំពឹងថានឹងទាក់ទាញយុវវ័យ ឱ្យចាប់អារម្មណ៍ច្រើន ព្រោះជាភាពយន្តស្ដែងពីយុវវ័យទាំងស្រុង។
សូមជម្រាបបញ្ជាក់ដែរថា ភាពយន្តស្នេហាបែបយុវវ័យឆ្នាំ 2019 មួយនេះ ជាស្នាដៃនិពន្ធរួមគ្នារវាងកញ្ញា លំអរពេជ្រ និង លោកម៉ានិតដែលជាអ្នកនិពន្ធ ប្រលោមលោកដ៏ល្បីមិនចាញ់គ្នា។ តួអង្គសម្ដែងនៅក្នុងភាពយន្តនេះ ក៏សុទ្ធតែតារាវ័យក្មេងដែលមានសមត្ថភាពក្នុងការសម្តែងផងដែរ មានដូចជាកញ្ញា គង់ ចាន់ស្រីដែន ជាអតីត Freshie Girl ប្រចាំឆ្នាំ2015។ លោក ជា សុជាតិ តារាចម្រៀងមកពីក្រុមក្មេងខ្មែរ និង លោក រ៉ុង សុភីដេវីដ តារាមកពីក្រុម Small World Small Band ជាដើម។ ក្នុងនោះ ក៏មានតួសម្តែងល្បីៗជាច្រើនរូបទៀតផងដែរ ដែលសុទ្ធតែជាអាយដលរបស់យុវវ័យទើបភាពយន្តនេះ ទាក់ទាញភ្ញៀវកិត្តិយស ជាពិសេសគឺយុវវ័យភាគច្រើន ឱ្យចូលរួម នៅក្នុងពិធីនោះ៕