ខាងក្រោមនេះគឺជាចំណេះដឹងល្អៗសម្រាប់បងៗស្ត្រីមេផ្ទះយកទៅប្រើការនៅក្នុងជីវិតប្រចាំថ្ងៃ ដែលវានឹងហុចផលល្អ និងងាយស្រួលក្នុងការធ្វើកិច្ចការងារផ្ទះដែលបងៗជួបប្រទះរៀងរាល់ថ្ងៃ។
សំណួរ-ចម្លើយពាក់ព័ន្ធនឹងចំណេះដឹងលើកិច្ចការងារផ្ទះដែលបងៗស្ត្រីមេផ្ទះជួបប្រទះរាល់ថ្ងៃ៖
1. តើស៊ុតសឆៅ អាចព្យាបាលរបួសដោយសារ រលាកទឹកក្តៅបានមែនឬ?
ចម្លើយ : ត្រឹមត្រូវ! ដោយគ្រាន់តែយកស៊ុតសឆៅ មកលាបលើកន្លែងដែលរលាកទឹកក្តៅនោះឱ្យសព្វ រួចទុកចោលរហូតដល់វាស្ងួតដោយខ្លួនឯង រួចទុកចោលមួយសន្ទុះធំទៀត សឹមលាងចេញ វានឹងគ្មាននៅសល់ស្នាមក្រហម ឬពងបែកនៅលើកន្លែងរលាកនោះឡើយ តែចំណុចសំខាន់គឺ មុនលាបស៊ុតស ចូរកុំឱ្យកន្លែងរលាកនោះប៉ះទឹកត្រជាក់ ឬរបស់ផ្សេងទៀតឱ្យសោះ និងកុំកេះ ឬអេះពេលដែលវាជិតស្ងួត ព្រោះនឹងធ្វើឱ្យរបកស្បែក។
2. តើប្រេងកូឡា អាចកម្ចាត់ស្នាមស្ករកៅស៊ូដែលប្រឡាក់ជាប់ក្រណាត់បានមែនឬ?
ចម្លើយ : ត្រឹមត្រូវ! យើងអាចសម្អាតស្នាមប្រឡាក់របស់ស្ករកៅស៊ូបានដោយការយកប្រេងកូឡាមកដុសចុះឡើងនៅត្រង់កន្លែងដែលប្រឡាក់ស្នាមស្អឹតៗរបស់ស្ករកៅស៊ូនោះ។ ដុសសម្អាតចុះឡើងមិនយូរប៉ុន្មាន ជ័រស្ករកៅស៊ូនឹងរបូតជ្រុះចេញអស់ ហើយបងៗអាចយកក្រណាត់នោះទៅគក់សម្អាតបានដូចធម្មតា។
3. ដាក់បំពង់បឺតចូលក្នុងដបទឹកប៉េងប៉ោះ នឹង ធ្វើឱ្យចាក់ចេញស្រួលមែនឬ?
ចម្លើយ : ត្រឹមត្រូវ! គ្រាន់តែដាក់បំពង់បឺតចូលទៅឱ្យដល់បាតដប វានឹងធ្វើឱ្យមានខ្យល់ចូលទៅដល់ក្នុងដបទឹកប៉េងប៉ោះដ៏ខាប់នោះបាន ហើយពេលចាក់ចេញ ទឹកប៉េងប៉ោះនឹងហូរចេញមកយ៉ាងងាយស្រួល។
4. យកស្រោមជើងបារ៍ដាក់ត្រាំក្នុងទឹកអំបិល នឹងធ្វើឱ្យស្រោមជើងបារ៍នោះមិនងាយរហែកមែនឬ?
ចម្លើយ : ត្រឹមត្រូវ! យកទឹកអំបិល 2ពែងលាយជាមួយទឹក 1ធុង រួចដាក់ត្រាំស្រោមជើងបារ៍ដែលទើបទិញមកថ្មីៗរយ:ពេល 3ម៉ោង រួចហើយលាងចេញដោយទឹកស្អាត ហើយយកទៅដាក់ហាលឱ្យស្រក់ទឹកអស់រហូតស្ងួត នឹងធ្វើឱ្យស្រោមជើងបារ៍នោះស្ថិតក្នុងសភាពល្អដដែល ហើយស្វិតជាប់បានយូរទៀតផង។
5. មើមដំឡូងបារាំង អាចបំបាត់ក្លិនប្រហុកដែលធុំជាប់ដៃបានមែនឬ?
ចម្លើយ : មិនពិតទេ!…តែមើមដំឡូងបារាំងអាចបំបាត់ក្លិនខ្ទឹមក្រហមដែលធុំជាប់ដៃបាន ដោយយកមើមដំឡូងបារាំងឆៅមកចិតសម្បកចេញ ហើយយកមកដុសលើដៃដែលមានធុំក្លិនខ្ទឹមក្រហម មួយស្របក់ ក្លិនមិនគួរឱ្យប៉ងប្រាថ្នានោះនឹងរលាយបាត់អស់ជាមិនខាន។
6. ផ្លែម្ទេសក្រៀម អាចដេញរុយបានមែនឬ?
ចម្លើយ : មែន! ពេលហាលត្រីប្រឡាក់ ឬរបស់អ្វីផ្សេងៗ ច្រើនតែមានសត្វរុយមករោមអ៊ែរ បងៗស្ត្រីមេផ្ទះអាចដេញពួកវាបានដោយគ្រាន់តែយកផ្លែម្ទេសក្រៀម 5 – 6ផ្លែមកសៀត ឬដាក់ជុំវិញកញ្ច្រែងដែលដាក់របស់ហាលនោះ។ ចំហាយក្តៅរបស់ម្ទេស នឹងធ្វើឱ្យសត្វរុយមិនហ៊ានចូលមកក្បែរឡើយ។
7. ទឹកប៊ីយ៊ែរជួយបន្ធូរខ្ចៅដែលរឹតជាប់ណែនដោយសារច្រែះបានមែនឬ?
ចម្លើយ : ត្រឹមត្រូវ! ចូរចាក់ស្រោចទឹកប៊ីយ៊ែរទៅលើខ្ចៅដែលជាប់ណែនដោយសារច្រែះនោះបន្តិច រួចរង់ចាំ 2 – 3 នាទី ភាពជាអាស៊ីតរបស់ទឹកប៊ីយ៊ែរ នឹងជួយកម្ចាត់វត្ថុកខ្វក់ៗ និងកម្ទេចច្រែះទាំងនោះចេញ ធ្វើឱ្យខ្ចៅនោះកាន់តែងាយស្រួលមួលឡើង៕